ហុង​កុង: តម្លៃ​ផ្សារហ៊ុន​អាស៊ី​ភាគច្រើន​បាន​កើន​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​សារតែ​ពាណិជ្ជ​ករ​​កំពុង​ផ្តោត​​​ទៅ​រក​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​របស់​ធនាគារ កណ្តាល​អាមេរិក និង​សន្និសីទ​ការ​​បង្កើត​គោល​នយោបាយ​របស់​ប្រទេស​ ចិន ​នៅ​សប្ដាហ៍​នេះ​។​​

ប៉ុន្តែ​នៅ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​​​លើ​ការ​ជួញដូរ​ភាគហ៊ុន​ បន្ទាប់​ពី​​ការ​លក់ ចេញ​យ៉ាង​ច្រើន​​​កាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​ជំរុញ​ដោយ​ការ​បារម្ភ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ ចិន​ ​​ទោះ​បីជា​ការ​សរសេរ​លើ​ទំព័រ Twitter មួយ​របស់​ ​​លោក​ ដូណាល់ ​ត្រាំ បាន​​បង្ហាញ​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​មួយ​ អាច​ត្រូវ​សម្រេច​បាន​រវាង​ទី​ក្រុង​វ៉ាស៊ីន​តោន ​និងទី​ក្រុង​ប៉េកាំង​ក៏​ដោយ​។​

ខណៈ​​មាន​សញ្ញា​ជា​ច្រើន​ថា ​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​​គេ​របស់​ពិភព​លោក​ទាំង​ ២ នេះ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​មួយ​​​នៅ​ក្នុង​ជម្លោះ​ពន្ធ​នាំចូល​ដ៏​ជូរ​ចត់​របស់​ពួក​គេ​ ក៏​​មាន​​ការ​បារម្ភ​​ខ្លាំង​ឡើង​ៗ​​អំពី​ចក្ខុ​វិស័យ​ពិភព​លោក​បន្ទាប់​ពីការ​​កំណត់​​សូចនាករ​យ៉ាង​រឹង​មាំ​ពី​ប្រទេស​ ចិន​​។​​​

តួលេខ​មួយ​ចំនួន​ដែល​​ទាប​ជាងការ​រំពឹង​ទុក​នៅ​ឆ្នាំ​នេះ ​បាន​​បង្ហាញ​ ការ​ធ្លាក់​ចុះ​នៅ​​ផ្សារហ៊ុន​ឈាន​មុខ​គេ​នៅ​អាស៊ី​មួយ​នេះ​ ហើយ​ក្រុម​អ្នក​អង្កេត​​កំពុង​ព្យាករ​ថា ​មេដឹក​នាំ​នឹង​បង្ហាញ​​​វិធាន​ការ​ថ្មី​ៗ​ ដើម្បី​គាំទ្រ​សេដ្ឋ​កិច្ច​ ដែល​​​ស្ថិត​លើ​ដំណើរ​ចុះ​ខ្សោយ​​​រយៈ​ពេល​ ១ ​​ឆ្នាំ​មក​នេះ។

សុន្ទរក​​ថា​មួយ​​របស់​​លោក​​ប្រធានាធិបតី ​ស៊ី ​ជីន​ភីង នៅ​ថ្ងៃ​អង្គារ​​ ដើម្បី​ប្រារព្ធ​ខួប​ ៤០​ ឆ្នាំ​នៃ​ការ​ចាប់​សេដ្ឋកិច្ច​បើក​ចំហ​របស់​ប្រទេស​ ចិន និង​​ត្រូវ​បាន​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ដែល​គេ​រំពឹង​ថា​ នឹង​ត្រូវ​ធ្វើ​បន្ទាប់​ពី​ការ​ចាប់​ផ្ដើម​​សន្និសីទ​​ផែន​ការ​សេដ្ឋកិច្ច​ឆ្នាំ ២០១៩​​។​

លោក​ Stephen I​nnes​ ប្រធាន​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​អាស៊ី ​និងប៉ាស៊ីហ្វិក​នៅ​ក្រុមហ៊ុន​ OANDA បាន​ថ្លែង​ថា​​៖ «​យើង​​គួរ​តែ​រំពឹង​ថា នឹង​មាន​វិធាន​​ការ​​លើក​ទឹកចិត្ត​ជា​ច្រើន​ពី​អ្នក​ធ្វើ​​​គោល​នយោបាយ​របស់​​ប្រទេស​ ចិន ​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​សេដ្ឋកិច្ច​​ក្នុង​ប្រទេស​ ចិន​»​។​

ធនាគារ​កណ្ដាល​អាមេរិក ​នឹង​បញ្ចប់​កិច្ច​ប្រជុំ​គោល​នយោបាយ​កំណត់​អត្រា​ការ​ប្រាក់​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ ​ខណៈ​​រំពឹង​ថា​នឹង​មាន​ការ​​បង្កើន​អត្រា​ការ​ប្រាក់​ ហើយ​ការ​អត្ថាធិប្បាយ​ពី​​លោក​ប្រធាន​ Jerome Powell នឹង​ត្រូវ​បាន​ឃ្លាំ​មើល​យ៉ាង​ដិតដល់​សម្រាប់​គំនិត​មួយ​នៃ​​ផែន​ការ​របស់​ខ្លួន​​សម្រាប់​ឆ្នាំ​ ២០១៩​៕​ AFP/​LA