កាលពីព្រឹកថ្ងៃចន្ទ ដើមសប្ដាហ៍នេះ តម្លៃមាសបានចាប់ផ្ដើមធ្លាក់ចុះមកវិញដោយស្ថិតនៅក្នុងរង្វង់តម្លៃ ១ ៨៥០ ទៅ ១ ៨៧០ ដុល្លារក្នុង ១ អោនស៍ បន្ទាប់ពីមានការកើនឡើងជាង ១% ក្នុងអំឡុងពេលការបើកទីផ្សារជួញដូរនៅអាស៊ីកាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ។
តម្លៃមាសអាចនឹងបន្ដធ្លាក់ចុះនៅក្នុងសប្ដាហ៍ខាងមុខនេះដោយសារតែស្ថានភាពសេដ្ឋកិច្ចល្អប្រសើររបស់សហរដ្ឋអាមេរិកធ្វើឱ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនកាន់មានតម្រូវការ នេះបើយោងតាម លោក ជា ប្រាសិទ្ធ ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល។
តាមរយៈគេហទំព័រសារព័ត៌មាន Wellxin បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១០ រូប បានទទូចឱ្យប្រធានាធិបតីថ្មី លោក Joe Biden ធ្វើការកាត់បន្ថយកញ្ចប់ថវិកាដោះស្រាយវិបត្តិកូវីដ ១៩ មកត្រឹម ៦០០ ពាន់លានដុល្លារ ប្រហែល ១ ភាគ ៣ នៃគម្រោងកញ្ចប់ថវិកា ដើម ដើម្បីពន្លឿនការអនុម័តលើគម្រោងថវិកានេះឱ្យបានឆាប់រហ័ស ដើម្បីដោះស្រាយវិបត្តិដែលកំពុងជួបប្រទះ និងស្តារសេដ្ឋកិច្ចអាមេរិកឱ្យបានទាន់ពេលវេលា។
កាលពីយប់ថ្ងៃចន្ទដដែល យោងតាមសារព័ត៌មាន New York Times បានឱ្យដឹងថា ក្រោមការជ្រោមជ្រែង និងការគាំទ្រពីរដ្ឋបាលលោក Joe Biden ត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ ការផលិតវ៉ាក់សាំងបានកើនរហូតដល់ ១ ៣០០ ០០០ ដូសក្នុង ១ ថ្ងៃ ដែលបង្ហាញឱ្យឃើញពីប្រសិទ្ធភាព និងលទ្ធភាពខ្ពស់នៃរដ្ឋបាលរបស់លោក Joe Biden ឆ្លើយតបទៅនឹងការសន្យាក្នុងពេលឃោសនាបោះឆ្នោតថា នឹងផលិតឱ្យបាន ១ ៥០០ ០០០ ដូស ក្នុង ១ ថ្ងៃ។
ទន្ទឹមនឹងនេះដែរ ការលូកដៃចូលជួយស្តារសេដ្ឋកិច្ចពីសំណាក់ធនាគារកណ្តាលនៅតែមានប្រសិទ្ធភាព និងត្រូវបានគេរំពឹងថា ក្ដីសង្ឃឹមគួរតែបន្តទៅមុខរហូតទាល់តែស្ថានភាពសេដ្ឋកិច្ចប្រទេសងើបឈរបានល្អប្រសើរឡើងវិញ។ តាមរយៈប្រសាសន៍របស់ប្រធានធនាគារកណ្តាលប្រចាំទីក្រុងសានហ្វ្រានស៊ីស្កូ លោកស្រី Mary Daly បានបញ្ជាក់ថា ធនាគារកណ្តាលសហរដ្ឋអាមេរិកមិនត្រូវបន្ថយ ឬបញ្ឈប់ការគាំទ្រ និងការស្តារសេដ្ឋកិច្ចអាមេរិកមុនពេលកំណត់ដោយសារតែកំណើននៃការរកប្រាក់ចំណេញបានច្រើនពីសំណាក់វិនិយោគិនក្នុងទីផ្សារហ៊ុននោះទេ។
ចំណុចវិជ្ជមានក្នុងអំឡុងពេលនៃការស្ដារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបែបនេះ ជាឱកាសដែលអ្នកជួញដូរគួរលក់មាសនៅពេលតម្លៃធ្លាក់ដល់ ១ ៨២៥ ដោយកំណត់មុខងារយកប្រាក់ចំណេញទី១ នៅតម្លៃ ១ ៨០៥ និងទី២ នៅតម្លៃ ១ ៧៩០ ដុល្លារ ក្នុង ១ អោនស៍ និងមុខងារការពារហានិភ័យនៅក្នុងតម្លៃ ១ ៨៣៥ ដុល្លារ ក្នុង ១ អោនស៍៕