លទ្ធផល​នៃ​ការជជែក​វែកញែក​កាលពី​យប់​ថ្ងៃ​អង្គារ​រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​លោក Donald Trump និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden​បានបង្ហាញ​នូវ​សញ្ញាណ​កាន់តែ​ច្បាស់​ថា នរណា​នឹង​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​រដូវកាល​បោះឆ្នោត​នៅ​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។

សហរដ្ឋអាមេរិក​មាន​ភាពចាំបាច់​ខ្លាំង​ក្នុង​ការទប់ទល់​នឹង​ការរីករាលដាល​នៃ​វីរុស​កូវីដ​១៩ ក៏ដូចជា​ការជំរុញ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ ហើយ​ភាពចាំបាច់​ទាំងនេះ​ត្រូវ​បាន​លើក​ឡើង​ជា​ប្រធានបទ​នៅក្នុង​ការជជែក​វែកញែក​ដ៏ក្ដៅគគុក​មួយ​នេះ​។ នាពេល​បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​កំពុង​បន្ត​ស្ថិត​ជា​ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩​ច្រើន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក ហើយ​ទទួលរង​នូវ​ផលប៉ះពាល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ដែល​បណ្ដាលឱ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ទាំងមូល​មាន​បម្រែបម្រួល​ខ្លាំង​ផងដែរ​។

កាលពី​ដើម​សប្តាហ៍​មុន ទីផ្សារ​ភាគហ៊ុន​របស់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​ប្រធាន​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិក លោក Jerome Powell ​បាន​ធ្វើការ​រិះគន់​ជា​សាធារណៈ​ចំពោះ​សភា​ដែល​មិនបាន​ផ្ដល់នូវ​ជំនួយ​សារពើពន្ធ​គ្រប់គ្រាន់​ដើម្បី​គាំទ្រ​ដល់​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​។ ទោះបី​ជា​យ៉ាងនេះ​ក្ដី ទីផ្សារ​ភាគហ៊ុន​របស់​សហរដ្ឋអាមេរិក​បាន​ស្ទុះ​ឡើងវិញ​នៅ​ចុង​សប្ដាហ៍​មុន ហើយ​បម្រែបម្រួល​ដ៏ឆាប់រហ័ស​នេះ​អាច​នឹង​បន្តទៀត​នៅក្នុង​សប្តាហ៍​នេះ​។ ក្នុងអំឡុងពេល​ជាមួយ​គ្នា​នេះដែរ​សន្ទស្សន៍​នៃ​ប្រាក់​ដុល្លារ​អាមេរិក​បាន​ត្រឡប់​ទៅ​តម្លៃ​ខ្ពស់បំផុត​របស់ខ្លួន​គិត​ចាប់តាំងពី​ខែកក្កដា​មក​។

ដូចគ្នា​ទៅ​នឹង​ភាគហ៊ុន​ដែរ តម្លៃ​មាស​បាន​ធ្លាក់ចុះ​ពី​តម្លៃ​ខ្ពស់បំផុត​នៅ ២០៧៥ ដុល្លារ​មក​កាន់​តម្លៃ​បច្ចុប្បន្ន​ប្រហែល ១៨៦០ ​ដុល្លារ​ក្នុង​ ១ ​អោនស៍​។

សូចនាករ និង​ក្រាហ្វ​នៃ​តម្លៃ​មាស​ក៏​បាន​បង្ហាញ​អំពី​ការចាប់ផ្ដើម​នៃ​ទំនោរ​ធ្លាក់ចុះ​នៃ​តម្លៃ​មាស​ដែល​មានន័យថា វិនិយោគិន​គួរ​លក់​មាស ដោយ​កំណត់​នូវ​មុខងារ​ការពារ​ហានិភ័យ​សម្រាប់​រាល់​ប្រតិបត្តិការ​ចូល​ផ្សារ​ទាំងអស់​ដើម្បី​គ្រប់គ្រង​ហានិភ័យ​នៃ​ការវិនិយោគ​ឲ្យ​នៅ​កម្រិត​ទាប ខណៈ​ដែល​ទីផ្សារ​កំពុង​តែមាន​បម្រែបម្រួល​ខ្លាំង​៕