ភ្នំពេញ: ហាងឆេង​មាស​នៅ​ទីផ្សារ​កម្ពុជា​បាន​ហក់​ឡើង​ខ្ពស់ ដោយសារ​អាជីវករ និង​ឈ្មួញ​អះអាង​ថា ទំនុកចិត្ត​លើ​ប្រាក់ដុល្លារ​ចុះ​ទាប​ក្នុង​អំឡុងពេល​កើត​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​។

បុគ្គលិក​ធ្វើការ​ក្នុង​ហាង​ចាន់ណី​គ្រឿងអលង្ការ​នៅ​ផ្សារកណ្តាល​រាជធានី​ភ្នំពេញ​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ហាងឆេង​មាស​នៅក្នុង​ទីផ្សារ​បាន​ហក់​ឡើង​យ៉ាង​លឿន​ចាប់តាំងពី​ដើមខែ​ឧសភា​។ សព្វថ្ងៃនេះ​ហាងឆេង​មាសគីឡូ​មាន​តម្លៃ​លក់​ចេញ ២ ២០០ ​ដុល្លារ ក្នុង​ ១ ​តម្លឹង និង​ការទិញចូល​មាន​តម្លៃ ២ ១៧០ ​ដុល្លារ​ក្នុង​ទម្ងន់​ដូចគ្នា ហើយ​ប្លាទីន​ទឹក​ ៧,៥ លក់​ចេញ​ ក្នុង​តម្លៃ ១ ៦៨០ ​ដុល្លារ​ក្នុង​ ១ ​តម្លឹង​។

បុគ្គលិក​រូបនោះ​បាន​បន្ថែម​ថា មុនពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ហាងឆេង​មាសគីឡូ​នៅ​កម្ពុជា​មានតម្លៃ​ត្រឹមតែ​ ១ ៨០០ ​ដុល្លារ​ក្នុង​ ១ ​តម្លឹង និង​ប្លាទីន ១៣០០ ដុល្លារ​ក្នុង​ ១ ​តម្លឹង ហើយ​បច្ចុប្បន្ន​ហាងឆេង​មាស​ឡើង​ថ្លៃ​ខ្ពស់​។

កញ្ញា​ ថ្លែង​ថា​៖ «​សព្វថ្ងៃ​ហាង​ខ្ញុំ​លក់ដាច់​ជាង​មុន​។ ហាង​ខ្ញុំ​ភាគច្រើន​លក់​បោះ​ដុំ​ឲ្យ​ម៉ូយ​នៅ​តាម​បណ្តា​ខេត្ត​នានា យើង​អ្នក​ចែកចាយ​មាស​ត្រូវ​យក​ចំណេញ ៣០ ​ដុល្លារ​ក្នុង​ ១ ​តម្លឹង​សម្រាប់​មាសគីឡូ​»​។

អាជីវករ​លក់ និង​កែច្នៃ​មាស​ ១ ​រូប​ទៀត ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ដែរ និង​មាន​តូប​នៅក្នុង​ផ្សារចាស់​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ហាងឆេង​មាស​បាន​ហក់​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ សម្រាប់​ហាង​អ្នកស្រី​មាសគីឡូ​លក់​ចេញ​ក្នុង​តម្លៃ ២១៩ ​ដុល្លារ​ក្នុង​ ១ ​ជី និង​ទិញ​ចូល​ ២១៧ ដុល្លារ​ក្នុង​ ១ ​ជី​។ ចំណែក​ប្លាទីន​លក់​ចេញ​ក្នុង​តម្លៃ ១៥៣ ​ដុល្លារ ​ក្នុង​ ១ ​ជី​។

អ្នកស្រី​ថ្លែងថា​៖ «​ឥឡូវ​មាស​មាន​ទីផ្សារ​ល្អ​ឡើងវិញ ក្រោយពី​ហាងឆេង​មាស​រង​ផលប៉ះពាល់​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ហើយ​ម្យ៉ាង​ប្រជាពលរដ្ឋ​ចាប់​ផ្តើមចេញ​ដើរ​ផ្សារ​ចាយប្រាក់​ច្រើនជាង​មុន​។ ​ខ្ញុំ​មើល​ទៅ​ហាងឆេង​មាស​ឡើងថ្លៃ​តាំងពី ៣ ​ទៅ​ ៤ ខែ​មកហើយ​»​។

លោក ឈា ឆាយហេង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន Golden FX Link Capital ដែលជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ​ឈានមុខ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ជា​មធ្យម​តម្លៃ​ហាងឆេង​មាស​មាន​តម្លៃ​ត្រឹម​ ១ ៦០០ ក្នុង​ ១ ​តម្លឹង ហើយ​តម្លៃ​ហក់​ឡើង​រហូត​ដល់​ ២ ២០០ ដុល្លារ​ ក្នុង​ ១ ​តម្លឹង​ក្នុង​ទីផ្សារ​កម្ពុជា​។

លោក​កត់សម្គាល់​ថា ជំងឺ​កូវីដ​ ១៩ បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ដែល​នាំឲ្យ​មនុស្ស​ដក​សេចក្តី​ទុកចិត្ត​ពី​តម្លៃ​ហាងឆេង​ប្រាក់​ដុល្លារ​ងាក​មក​ទិញ​មាស​ទុក​ដោយ​សង្ឃឹម​ថា មាស​នឹង​បន្ត​ឡើងថ្លៃ​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ហេតុផល​មាស​ឡើងថ្លៃ​គឺ​នៅពេល​ដែល​មនុស្ស​ដក​សេចក្តី​ទុកចិត្ត​ពី​តម្លៃ​ហាងឆេង​ប្រាក់​ដុល្លារ ដូច្នេះ​គាត់​នឹង​ដក​ប្រាក់​មក​វិនិយោគ​លើ​តម្លៃ​ហាងឆេង​មាស​វិញ​»​។

របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ត្បូងថ្ម និង​គ្រឿងអលង្ការ​មាន​តម្លៃ​សរុប​ជាង ៤១៨ ​លាន​ដុល្លារ​ ទៅ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​ ២០១៩​។

របាយការណ៍​បង្ហាញថា ប្រទេសសិង្ហបុរី ​ជា​ទីផ្សារ​នាំចេញ​ធំ​ជាង​គេ​របស់​កម្ពុជា​ដែល​មាន​តម្លៃ​ប្រមាណ​ ២២៦ ​លាន​ដុល្លារ ខណៈ​ប្រទេស​ថៃ​ឈរ​នៅ​លេខ​រៀង​ទី ២ មាន​តម្លៃ​ប្រមាណ​ ១៦៥ លាន​ដុល្លារ និង​អាមេរិក​មាន​ជាង ២៣ ​លាន​ដុល្លារ​៕LA