បច្ចុប្បន្ន​តម្លៃ​មាស​ស្ថិតនៅ​ក្នុងតម្លៃ ១ ៨២០ ដុល្លារ​ ក្នុង​ ១ ​អោនស៍​ស្មើនឹង ២ ២០០ ដុល្លារ​ក្នុង​ ១ ​តម្លឹង​។ លោក ចេង តារាវុធ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​វិភាគ​ថា តម្លៃ​មាស​អាច​នឹងមាន​ការធ្លាក់​ចុះ​ដល់​តម្លៃ ១ ៧៧៧ ដុល្លារ​ក្នុង​ ១ ​អោនស៍ ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ខាងមុខ បន្ទាប់ពី​មាន​ការរំពឹងទុក​វិជ្ជមាន​ខ្ពស់​នៃ​អត្រា​អ្នក​មាន​ការងារ​ថ្មី​ប្រចាំខែ​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​មាន​ដំណើរការ​ល្អប្រសើរ​ឡើងវិញ និង​ធ្វើឱ្យ​តម្លៃ​រូបិយប័ណ្ណ​អាមេរិក​មានការ​កើនឡើង​។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន CNBC កាលពី​ថ្ងៃ​ចន្ទ ទី​ ១៥ ខែកុម្ភៈ​នេះ ទោះបី​ជា​បច្ចុប្បន្ន​មាន​ប្រជាជន​សហរដ្ឋអាមេរិក​ប្រមាណ​ ១០ ​លាន​នាក់​កំពុង​អត់​ការងារ​ធ្វើ​ក្ដី លោក Joe Biden នៅតែ​សម្ដែង​សុទិដ្ឋិនិយម​ខ្ពស់​ថា អត្រា​អ្នកមាន​ការងារ​ធ្វើ​នឹងមាន​ការកើនឡើង ស្រប​ពេល​ដែល​លោក​កំពុង​សង្ឃឹមថា គម្រោង​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច ១,៩ ពាន់​ពាន់​លាន​ដុល្លារ​របស់​លោក​នឹង​អាចជួយ​ដល់​ប្រជាជន​រងគ្រោះ និង​អាចបង្កើត​ការងារ​ថ្មី​បន្ថែមទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ម្យ៉ាងវិញទៀត លេខាធិការ​រតនាគារ​សហរដ្ឋ​អាមេរិក លោកស្រី Janet Yellen ក៏មាន​សុទិដ្ឋិនិយម​ខ្ពស់​ដែរ​ថា អត្រា​អ្នក​មាន​ការងារ​ធ្វើ​របស់​ប្រជាជន​អាមេរិក​នឹងមាន​ការកើនឡើង​យ៉ាង​ពេញលេញ​ត្រឹម​ឆ្នាំ​ ២០២២ ខាងមុខនេះ ប្រសិន​បើ​គម្រោង​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច​ត្រូវបាន​អនុម័ត​ដោយ​ជោគជ័យ នេះ​បើ​យោងតាម​អត្ថបទ​ដដែល​នៃ​សារព័ត៌មាន CNBC​។

ចំណែកឯ​អ្នកវិនិយោគ​វិញ​ក៏​ចាប់ផ្ដើម​មាន​ទំនុក​ចិត្ដ​ទៅលើ​ការដឹកនាំ​របស់លោក Joe Biden ថា​នឹង​អាច​ដំណើរការ​ទៅតាម​ការគ្រោងទុក ទោះបី​ជា​មាន​ការលើកឡើង​នូវ​ភាពមិន​ច្បាស់លាស់​ទាក់ទង​ទៅនឹង​ការរីករាលដាល​នៃ​មេរោគ​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី​ក៏ដោយ ព្រោះ​ថា យុទ្ធនាការ​ផលិត​វ៉ាក់សាំង គឺមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល រីឯ​ប្រសិទ្ធភាព​នៃ​ការផលិត​ក៏មាន​ផល​វិជ្ជមាន​ច្រើន​។

សម្រាប់​ការជួញដូរ​ក្នុង​សប្ដាហ៍​នេះ​វិញ​លោក តារាវុធ បាន​ណែនាំ​ឱ្យ​អ្នកជួញដូរ​លក់​មាស​ក្នុងតម្លៃ ១ ៨៣០ ​ដុល្លារ​ក្នុង​ ១ ​អោនស៍ ដោយ​កំណត់​មុខងារ​កាត់​យកប្រាក់​ចំណេញ នៅ​តម្លៃ ១ ៨០០ ​ដុល្លារ​ក្នុង​ ១ ​អោនស៍ និង​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៨៥០ ​ដុល្លារ​ក្នុង​ ១ ​អោនស៍​។

ម្យ៉ាងវិញទៀត អ្នកជួញដូរ​អាច​រង់ចាំ​ទិញ​មាស​នៅពេល​វា​ធ្លាក់​ដល់​តម្លៃ ១ ៧៧៧ ដុល្លារ​ក្នុង​ ១ ​អោនស៍ ព្រោះ​ថា តម្លៃ​មាស​អាច​នឹង​ត្រឡប់​ឡើងមក​ដល់​តម្លៃ ១ ៨០០ ដុល្លារ​ក្នុង​ ១ ​អោនស៍​វិញ​។ នេះ​បើ​យោងតាម​ការវិភាគ​ទៅលើ​ផ្នែក​បច្ចេកទេស​៕