ភ្នំពេញៈ ខណៈ​ម្រេច​កំពត​ដែល​ជា​ផលិតផល GI នៅ​តែ​បន្ត​ទទួល​បាន​តម្លៃ​ល្អ កសិករ​ដាំ​ដុះ​ម្រេច​ផ្សេង​ទៀត​ទូទាំង​ប្រទេស​កំពុង​ប្រឈម​នឹង​ការធ្លាក់​ចុះ​ដោយសារ​កង្វះ​ទីផ្សារ​។ នេះ​បើ​តាម​សមាគម​ម្រេច​មេមត់​។

ទោះបី​យ៉ាង​នេះ​ក្តី​មន្ដ្រី​មកពី​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​ថា​ការផ្លាស់ប្តូរ​តម្លៃ​ផ្អែក​ទៅ​តាម​និន្នាការ​ទីផ្សារ​អន្តរជាតិ​។ ​លោក យិន សុភា នាយក​ប្រតិបត្តិ​សហករណ៍​អភិវឌ្ឍន៍​កសិកម្ម​ម្រេច​ដារ-មេមត់​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​​ ភ្នំពេញ-ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា តម្លៃ​បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​រដូវ​ប្រមូល​ផល កាលពី​ដើម​ខែ​នេះ​ដែល​មាន​តម្លៃ ១១ ០០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម​គិត​ត្រឹម​ម្សិលមិញ​។ លោក​ថ្លែង​ថា​នេះ​គឺជា​តម្លៃ​ដ៏អាក្រក់​បំផុត​មិន​ដែល​ធ្លាប់​ជួប​សម្រាប់​អ្នក​ផលិត​ម្រេច​ក្នុង​ស្រុក​។

លោក​ថ្លែង​ថា ​កាលពី​ឆ្នាំ​មុន​ តម្លៃ​ម្រេច​អាច​លក់​បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ១៥ ០០០ ​រៀល​ទៅ ២០ ០០០ ​រៀល​ក្នុង​មួយ​គីឡូក្រាម​។

ខេត្ត​ត្បូងឃ្មុំ​ជា​តំបន់​ដាំដុះ​ម្រេច​ឈាន​មុខ​គេ​របស់​កម្ពុជា​។ គិត​ត្រឹម​ឆ្នាំ ២០១៦ ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ម្រេច​សរុប ៥ ០០០ ហិកតា​។ នេះ​បើ​យោង​តាម​របាយការណ៍​បាន​ពី​ក្រសួង​កសិកម្ម ខណៈ​តួលេខ ឆ្នាំ​២០១៧ និង​ឆ្នាំ​ ២០១៨ មិន​អាច​រក​បាន​។

ប្រទេស​កម្ពុជា​នាំ​ចេញ​ម្រេច ២ ៦៩៨,៦៤ តោន​កាលពី​ឆ្នាំ ២០១៧ ធៀប​នឹង ១ ០៥០,៨៧ តោន​កាលពី​ឆ្នាំ​ ២០១៦​។ នេះ​បើ​យោង​តាម​របាយការណ៍​បាន​ពី​ក្រសួង​កសិកម្ម​។

អាជីវកម្ម​នេះ​នឹង​ត្រូវ​ស្លាប់​ប្រសិន​បើ​តម្លៃ​បន្ត​ធ្លាក់​ចុះ ខណៈ​ទីផ្សារ​ត្រូវ​ពឹង​ផ្អែកលើ​ប្រទេស​ជិតខាង​។ នេះ​បើ​យោង​តាម​លោក យិន សុភា​។

លោក​ថ្លែង​ថា​៖ «​តម្លៃ​ម្រេច​ត្រូវ​ពឹង​ផ្អែក​លើ​ឈ្នួញ​មកពី​ប្រទេស​វៀតណាម​ទាំង​ស្រុង យើង​មិន​មាន​ទីផ្សារ​នៅក្នុង​ដៃ​ទេ ហើយ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​តែ​លក់​ចេញ​ដោយ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​នោះ​ទេ​»​។ លោក​ថ្លែង​ថា​៖ «​យើង​មិន​មាន​ទីផ្សារ​ផ្សេង​ទៀត​ក្រៅពី​ប្រទេស​វៀតណាម​នោះ​ទេ ហើយ​មិន​មាន​វិនិយោគិន​ក្នុង​ស្រុក ទិញ​ពី​ពួកយើង​ដែរ បើ​តម្លៃ​បន្ត​ដូចនេះ កសិករ​របស់​យើង​នឹង​ដួល ហើយ​បោះបង់​ចោល​ការផលិត​»​។

លោក វ៉ុន សាវឿន កសិករ​ដាំដុះ​ម្រេច​លើ​ផ្ទៃដី​ ៥ ​ហិកតា​នៅ​ស្រុក​មេមត់ ស្ដីបន្ទោស​រដ្ឋាភិបាល​ថា​មិន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ​។

លោក​ថ្លែង​ថា​៖ «​តម្លៃ​បន្ត​ធ្លាក់​ចុះ​ជា​រៀងរាល់​ឆ្នាំ យើង​មិន​អាច​រស់​បាន​ជាមួយ​តម្លៃ​ម្រេច​បច្ចុប្បន្ន​ទេ រដ្ឋាភិបាល​មិន​ធ្វើ​អ្វី​សោះ​ឲ្យ​ពួកយើង ហើយ​មិន​ខ្វល់​អំពី​ពួកយើង​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​យើង​នឹង​បោះបង់​ចោល​ម្រេច ប្រសិន​បើ​មិន​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​»​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៅ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា ក្រសួង​ដើរតួនាទី​ក្នុង​ការ​លើក​កម្ពស់​ការផលិត និង​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ហើយ​រឿង​ទីផ្សារ​ជា​កាតព្វកិច្ច​របស់​ក្រសួង​ពាណិជ្ជកម្ម​។

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ការធ្លាក់ចុះ​តម្លៃ​បច្ចុប្បន្ន​ គឺ​ដោយសារ​តែ​និន្នាការ​ទីផ្សារ​អន្តរជាតិ ហើយ​មិនមែន​តែ​ប្រទេស​កម្ពុជា​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​វា​ធម្មតា​សម្រាប់​តម្លៃ​កើនឡើង និង​ធ្លាក់​ចុះ​ដោយ​ពឹង​ផ្អែក​លើ​តម្រូវការ និង​ការផ្គត់ផ្គង់​»​។ ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​បន្ត​លើក​កម្ពស់​​ផលិតផល​ម្រេច​ ដោយសារ​តែ​វា​ជា​ផលិតផល​មួយ​ក្នុង​ចំណោម​ផលិតផល​នាំចេញ​ដ៏មាន​សក្ដានុពេល​ជាច្រើន​»​។ លោក​បន្ថែម​ថា​កម្ពុជា​មាន​ទីផ្សារ​ជាច្រើន​សម្រាប់​ម្រេច​ធម្មតា ដូចជា វៀតណាម ចិន និង​សហភាព​អឺរ៉ុប (EU)​។

លោក ងួន ឡាយ ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​កំពត​បាន​ថ្លែង​ថា តម្លៃ​ម្រេច​កំពត​មិន​រង​ផលប៉ះពាល់​ពី​ការ​ធ្លាក់ចុះ​តម្លៃ​នោះ​ទេ​។

លោក​បន្ត​ថា​ម្រេច​កំពត​មាន​តម្លៃ​ ១៥ ដុល្លារ ក្នុង​ ១ ​គីឡូក្រាម​សម្រាប់​ម្រេចខ្មៅ ២៥ ដុល្លារ សម្រាប់​ម្រេច​ក្រហម និង ២៨ ដុល្លារ​សម្រាប់​ម្រេចស​។

លោក​ថ្លែង​ថា​៖ «​ជាធម្មតា​ម្រេច​តែងតែ​ប្រឈម​នឹង​ការធ្លាក់ចុះ​តម្លៃ ដោយសារ​ការផ្គត់ផ្គង់​ខ្ពស់​ជាង​តម្រូវការ​»​។ លោក​បន្ត​ថា​៖ «​ដើម្បី​ទៅដល់​ទីផ្សារ យើង​ត្រូវការ​កែលម្អ​ស្ដង់ដារ ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​ទីផ្សារ​»៕LA