ក្រុងរ៉ូមៈ តម្លៃអាហារពិភពលោកបានកើនឡើង ២,៧ ភាគរយនៅខែវិច្ឆិកា ធៀបនឹងខែតុលាដែលត្រូវបានជំរុញដោយការកើនឡើងខ្លាំងនៃតម្លៃសាច់ និងប្រេងឆា។ នេះបើយោងតាមព័ត៌មានដែលចេញផ្សាយដោយអង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ (FAO)។
ការកើនឡើងតម្លៃអាហារនេះមួយផ្នែកដោយសារការឡើងចុះនៃសន្ទស្សន៍អាហាររបស់អង្គការ FAO ដែលបានមើលឃើញតម្លៃកើនឡើងរយៈពេល ៥ ខែក្នុងឆ្នាំនេះ ក្រោយមកបានធ្លាក់ចុះ ៣ ខែ ជាប់គ្នាមុនពេលកើនឡើងវិញក្នុងរយៈពេល ៣ ខែបន្ទាប់មក។ សន្ទស្សន៍តម្លៃរួមបច្ចុប្បន្ននេះកើនឡើង ៩,៥ ភាគរយ ធៀបនឹងកម្រិតនៅឆ្នាំ ២០១៨។
តម្លៃគ្រាប់ធញ្ញជាតិដែលជាសមាសធាតុសំខាន់បំផុតក្នុងសន្ទស្សន៍នេះ បានធ្លាក់ចុះ ១,២ ភាគរយ នៅខែវិច្ឆិកា ខណៈដែលតម្លៃស្រូវសាលីបានធ្លាក់ចុះដោយសារការប្រកួតប្រជែងខ្លាំងពីប្រទេសនាំចេញនានា ហើយតម្លៃស្រូវបានថយចុះដោយសារតម្រូវការទាប។ ទន្ទឹមនឹងនេះដែរ តម្លៃពោតមានការប្រែប្រួលតិចតួចធៀបនឹងខែតុលា។
តម្លៃទឹកដោះគោភាគច្រើនមិនប្រែប្រួលឡើយនៅខែវិច្ឆិកា ហើយតម្លៃស្ករសបានកើនឡើង ១,៨ ភាគរយ ដោយសារសេចក្តីរាយការណ៍នានាថា ការប្រើប្រាស់ស្ករសនៅក្នុងពិភពលោកក្នុងឆ្នាំនេះ និងឆ្នាំក្រោយអាចកើនលើសតម្រូវការ។
ប៉ុន្តែការប្រែប្រួលតម្លៃខ្លាំងបំផុតនោះគឺសន្ទស្សន៍រងសម្រាប់ប្រេងឆាដែលបានកើនឡើង ១០,៤ ភាគរយ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ខែ។ អង្គការ FAO បានឲ្យដឹងថា តម្លៃប្រេងដូង សណ្តែកសៀង គ្រាប់រ៉េបស៊ីដ និងគ្រាប់ផ្កាឈូករ័ត្ន សុទ្ធតែបានឡើងថ្លៃដោយសារតម្រូវការកើនឡើង។
តម្លៃសាច់បានកើនឡើង ៤,៨ ភាគរយ ខណៈពេលដែលតម្រូវការសាច់គោ និងសាច់ពពែបានកើនឡើងដោយសារការស្ទុះងើបតម្រូវការដែលភាគច្រើនតម្រូវការមកពីប្រទេស ចិន។
សន្ទស្សន៍តម្លៃអាហាររបស់អង្គការ FAO ប្រចាំខែមានមូលដ្ឋានលើតម្លៃប្រភេទទំនិញអាហារចំនួន ២៣ មុខ នៅទូទាំងពិភពលោកដែលគ្របដណ្តប់លើតម្លៃផលិតផលផ្សេងៗ ៧៣ មុខធៀបនឹងឆ្នាំមូលដ្ឋាន៕ People''s Daily/KC