
កម្មករកំពុងហាលដុំឥដ្ឋ បន្ទាប់ពីយកចេញពីឡនៅឡឥដ្ឋព្រែកអញ្ចាញក្នុងខេត្តកណ្តាកន្លងមក។ ផា លីណា
ភ្នំពេញៈ តម្លៃឥដ្ឋបានកើនឡើងយ៉ាងខ្លាំងធៀបនឹងរយៈពេលមួយឆ្នាំកន្លងមក និងបានបន្តកើនឡើងក្នុងអំឡុង ២ ខែដំបូងឆ្នាំនេះ ដែលភាគច្រើនដោយសារកំណើតតម្រូវការពីទីក្រុងព្រះសីហនុដែលអភិវឌ្ឍយ៉ាងរហ័ស។
ឥដ្ឋ ១០ ០០០ ដុំមានតម្លៃប្រហែល ១៨០ ដុល្លារកាលពីដើមឆ្នាំ ២០១៧ ប៉ុន្តែតម្លៃនោះបានកើនឡើងជាង ២ ដង ហើយនៅពេលនេះមានតម្លៃជិតដល់ ៤០០ ដុល្លារ។ នេះបើយោងតាមប្រធានសមាគមឡឥដ្ឋ ២ ដែលតំណាងឲ្យឡឥដ្ឋជាង ១០០ នៅខេត្តកណ្ដាល។ លោកថ្លែងថា៖ «តម្រូវការឥដ្ឋដុំនៅឆ្នាំនេះកំពុងកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ ២០១៧ ហើយជាពិសេសមានអ្នកទិញជាច្រើនមកពីខេត្តព្រះសីហនុ»។
លោកបន្តថា៖ «កាលពីពេលកន្លងមក យើងតែងតែមានឥដ្ឋនៅសល់នៅក្នុងសិប្បកម្មសម្រាប់លក់ ប៉ុន្តែពេលនេះមិនមាននៅសល់ទេ អ្នកលក់ជាច្រើនមកទិញយកទាំងអស់»។
តម្លៃឥដ្ឋមួយបាឡែតដែលមានចំនួន ១០ ០០០ ដុំបានកើនឡើងជាង ១០០ ដុល្លារគ្រាន់តែរយៈពេល ២ ខែមុន។ នេះបើតាមលោក ឈាង ស៊ុយហ៊ាង។
លោកថ្លែងថានៅពេលនេះតម្លៃខ្ពស់ខ្លាំង ដោយសារតែកំណើនរយៈពេលខ្លីនៅដើមឆ្នាំ ២០០៨ បានបណ្ដាលឲ្យតម្លៃលើសពី ៧០០ ដុល្លារ។
លោក ពូន គ្រី ម្ចាស់សិប្បកម្មផលិតឥដ្ឋពូនគ្រីនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបានថ្លែងថាកំណើនតម្រូវការចំពោះក្រុមវិនិយោគិនជនជាតិចិននៅក្រុងព្រះសីហនុដែលកំពុងទិញឥដ្ឋដើម្បីសាងសង់អគារខ្ពស់ៗ សណ្ឋាគារ និងកាស៊ីណូ។
ប៉ុន្តែខណៈតម្លៃកាន់តែខ្ពស់ និងតម្រូវការកាន់តែធំដែលជាធម្មតាមានន័យថា ប្រាក់ចំណេញកាន់តែច្រើន វាមិនមែនជាព័ត៌មានល្អទាំងអស់នោះទេសម្រាប់ក្រុមហ៊ុនផលិតឥដ្ឋកម្ពុជា។
តម្លៃវត្ថុធាតុដើមដែលប្រើប្រាស់ក្នុងការផលិតឥដ្ឋបានកើនឡើងផងដែរ ហើយការស្វែងរកកម្លាំងពលកម្មជាប់លាប់មួយជួនកាលមានការពិបាកផងដែរ។ នេះបើយោងតាមលោក ពូន គ្រី។
លោកថ្លែងថា៖ «ការផលិតឥដ្ឋគឺជាប្រភេទអាជីវកម្មមួយដែលត្រូវការកម្មករច្រើន ហើយយើងតែងតែមានការពិបាកក្នុងការដោះស្រាយប្រាក់ចំណូលដ៏ច្រើនរបស់កម្មករ នៅពេលមានការបញ្ជាទិញកាន់តែច្រើនពីអតិថិជន»។
លោកបន្តថា៖ «បញ្ហាប្រឈមរបស់យើងនៅពេលនេះគឺយើងមិនមានកម្មករគ្រប់គ្រាន់ដើម្បីជួយដល់ពួកយើងក្នុងការផលិតឥដ្ឋគ្រប់គ្រាន់ដើម្បីឆ្លើយតបតាមតម្រូវការនោះទេ»។
កាលពីខែធ្នូ ឆ្នាំ ២០១៦ អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានចេញផ្សាយរបាយការណ៍ចោទប្រកាន់ការរីករាលដាលការប្រើប្រាស់ដោយខុសច្បាប់នៃទាសភាពបំណុល និងកម្លាំងពលកម្មកុមារនៅក្នុងសិប្បកម្មឡឥដ្ឋ ដោយផ្អែកតាមការធ្វើបទសម្ភាសជាមួយកម្មករជាង ៥០ នាក់នៅតាមការដ្ឋានផលិតឥដ្ឋជុំវិញទីក្រុងភ្នំពេញ និងនៅក្នុងខេត្តត្បូងឃ្មុំ។
របាយការណ៍នេះមានចំណងជើងថា «កសាងលើទាសភាព» បានឲ្យដឹងថា៖ «ទាសភាពបំណុលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយម្ចាស់សិប្បកម្ម ជាមធ្យោបាយធានាខ្លួនពួកគេរយៈពេលវែង ដែលជាកម្លាំងពលកម្មមានតម្លៃទាប និងការធ្វើតាមពួកគេ»។
ប៉ុន្តែការបញ្ជាក់ក្នុងរបាយការណ៍នេះត្រូវបានបដិសេធយ៉ាងដាច់អហង្ការដោយលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារដែលបានចោទប្រកាន់អង្គការនេះពីបទការប្រឌិតរឿង និងបានគំរាមជាមួយនឹងវិធានការច្បាប់។
ផលប៉ះពាល់ដោយសារតម្លៃឥដ្ឋកាន់តែខ្ពស់កំពុងធ្លាក់ទៅដល់ផ្នែកផ្សេងទៀតរបស់វិស័យសំណង់ផងដែរ ទោះបីកំណើនតម្រូវការជារួមសម្រាប់សេវាសំណង់ប៉ះប៉ូវការចំណាយបន្ថែមក៏ដោយ។
លោក នេត សុធា ម្ចាស់អាជីវកម្មផ្គត់ផ្គង់សម្ភារសំណង់ ធា ស្រ៊ុន នៅទីក្រុងភ្នំពេញ ភាគច្រើនលក់ឲ្យអ្នកប្រើប្រាស់រាយ និងមានឥដ្ឋប្រហែល ៥០ ០០០ ដុំប៉ុណ្ណោះក្នុងរយៈពេលមួយខែ។
លោក នេត សុធា បានថ្លែងថាលោកកំពុងលក់ឥដ្ឋក្នុងតម្លៃ ៥១០ ដុល្លារក្នុងឥដ្ឋ ១០ ០០០ ដុំ ដែលកើនឡើងជាង ២០ ដុល្លារកាលពីឆ្នាំ ២០១៧ ហើយរាល់សប្ដាហ៍តម្លៃបានបន្តកើនឡើងប្រហែល ៣០ ដុល្លារ។
លោកបន្ថែមថា វាកំពុងប៉ះពាល់ដល់អតិថិជនរបស់លោកដែលភាគច្រើនក្នុងចំណោមពួកគេទាំងនោះធ្វើការងារឲ្យការដ្ឋានសំណង់ទ្រង់ទ្រាយតូចៗ។ លោកថ្លែងថា៖ «បើវាគ្រាន់តែតម្លៃឥដ្ឋមួយ វាមិនគួរជាបញ្ហាធំនោះទេ ប៉ុន្ដែខ្ញុំបានអង្កេតឃើញថា តម្លៃសម្ភារសំណង់ផ្សេងទៀតគឺកាន់តែខ្ពស់ផងដែរ»។
លោកបញ្ជាក់ថា ប្រសិនបើអ្នកម៉ៅការបន្តយល់ព្រមលើគម្រោងក្នុងតម្លៃកាលពីឆ្នាំ ២០១៧ ពេលនេះពួកគេអាចត្រូវប្រឈមនឹងការចំណាយកាន់តែខ្ពស់ និងកម្រិតប្រាក់ចំណេញកាន់តែតិច ឬថែមទាំងខាតទៀតផង ដោយសារតែការកើនឡើងតម្លៃ។
ប៉ុន្តែផលប៉ះពាល់ដោយការកើនតម្លៃសម្ភារត្រូវបានប៉ះប៉ូវដោយកំណើនតម្រូវការសម្រាប់ក្រុមហ៊ុនសាងសង់។ នេះបើតាមលោក ជីវ ស៊ីវផេង លេខាធិការសមាគមអ្នកសាងសង់កម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំគិតថា សេដ្ឋកិច្ចកំពុងកើនឡើងប្រកបដោយស្ថិរភាព ហើយប្រជាជនមានប្រាក់ចំណូលកាន់តែច្រើនដែលអាចទិញផ្ទះ ដែលជំរុញកំណើនក្នុងការសាងសង់»។
លោកបានបន្តថា៖ «ទោះបីជាតម្លៃផ្ទះបន្តកើនឡើងបន្តិចបន្តួចក៏ដោយ ក៏ប្រជាជននៅតែហ៊ានទិញផ្ទះទាំងនោះផងដែរ ដោយសារតែពួកគេមានប្រាក់ចំណូលកាន់តែខ្ពស់ និងមានជម្រើសដូចជាការបង់រំលោះជាដើម»៕ LA