ទីក្រុងសានហ្វ្រានស៊ីស្កូៈ ចៅក្រមក្នុងរដ្ឋតិចសាស់កាលពីថ្ងៃសុក្រកន្លងទៅ បានសម្រេចឱ្យក្រុមហ៊ុន Apple បង់ប្រាក់ចំនួន ៥០៣ លានដុល្លារពីបទរំលោភបច្ចេកវិទ្យាបណ្តាញឯកជននិម្មិតដែលទទួលបានប៉ាតង់ដោយក្រុមហ៊ុនសន្តិសុខ Software ក្រុមហ៊ុន VirnetX។
យោងតាមឯកសារតុលាការជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុន Apple និង VirnetX ដែលមានមូលដ្ឋាននៅរដ្ឋ Nevada ទាក់ទិននឹងសន្តិសុខចម្លងទិន្នន័យក្នុងឧបករណ៍ដូចជា iPhone, iPad និង iPod Touch។
ក្រុមហ៊ុន Apple បានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មាន AFP ដោយបានលើកឡើងថា៖ «យើងសូមអរគុណដល់ចៅក្រមសម្រាប់ពេលវេលារបស់ពួកគេ និងថ្លែងអំណរគុណចំពោះការពិចារណារបស់ពួកគេ ប៉ុន្តែខកចិត្តជាមួយសាលក្រម និងគ្រោងនឹងប្តឹងឧទ្ធរណ៍»។
ក្រុមហ៊ុន Apple បានបន្ថែមថា៖ «ករណីនេះបានកើតមានជាង ១ ទសវត្សរ៍ទៅហើយ ដោយប៉ាតង់ដែលមិនពាក់ព័ន្ធទៅនឹងប្រតិបត្តិការស្នូលនៃផលិតផលរបស់ពួកយើង និងត្រូវបានគេមើលឃើញថាផុតសុពលភាពដោយការិយាល័យគ្រប់គ្រងប៉ាតង់»។
ក្រុមហ៊ុន VirnetX បានជំទាស់ក្នុងបណ្តឹងដែលថាមុខងារ VPN On Demand របស់ Apple បានប្រើប្រាស់បច្ចេកវិទ្យាដែលមានប៉ាតង់របស់ក្រុមហ៊ុនខ្លួន។
ក្រុមហ៊ុន VirnetX មានមូលដ្ឋាននៅរដ្ឋ Nevada ប៉ុន្តែបណ្តឹងប៉ាតង់ជាធម្មតាត្រូវបានគេប្តឹងនៅក្នុងរដ្ឋដែលតុលាការត្រូវបានគេរកឃើញថាមានទំនោរទៅនឹងច្បាប់ប្រឆាំងនឹងក្រុមហ៊ុនយក្ស Silicon Valley។
ក្រុមហ៊ុន Apple ប្រឈមចំពោះសុពលភាពនៃប៉ាតង់របស់ក្រុមហ៊ុន VirnetX។
យោងតាមរបាយការណ៍របស់ Dallas Morning News ស្តីពីសាលក្រមតុលាការបានឱ្យដឹងថាក្រុមហ៊ុន VirnetX ដែលមិនអាចទទួលបានការចាប់អារម្មណ៍ពី Software របស់ខ្លួនពឹងផ្អែកលើសិទ្ធិប៉ាតង់សម្រាប់ប្រាក់ចំណូលរបស់ខ្លួន។
ក្រុមហ៊ុន Apple បាននិយាយថា៖ «ករណីបែបនេះគ្រាន់តែជួយរារាំងការច្នៃប្រឌិត និងធ្វើឱ្យប៉ះពាល់ដល់អតិថិជនតែប៉ុណ្ណោះ» ។
ក្រុមហ៊ុន VirnetX មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕ RR