ក្រុងវ៉ាស៊ីនតោនៈ តុលាការចិន បានបញ្ជាឲ្យហាមឃាត់ការលក់ទូរស័ព្ទ iPhone ក្នុងប្រទេស ចិន ក្នុងជម្លោះប៉ាតង់មួយ។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm កាលពីថ្ងៃចន្ទ ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Qualcomm បានឲ្យដឹងថា តុលាការក្រុងហ៊្វូចូវ បានផ្តល់សំណើរបស់ខ្លួនសម្រាប់អធិបញ្ជាបឋមចំនួន ២ ប្រឆាំងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Apple ចំនួន ៤ ដោយបញ្ជាឲ្យក្រុមហ៊ុនទាំងនេះបញ្ឈប់ភ្លាមៗនូវការលក់ទូរស័ព្ទ iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X។
ការហាមឃាត់ពីតុលាការនេះ ជាការវិវឌ្ឍចុងក្រោយបំផុតមួយក្នុងជម្លោះរយៈពេលវែងមួយជុំវិញករណីប៉ាតង់ និងសួយសាររវាងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំទាំង ២ ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា។
លោក Don Rosenberg អនុប្រធានប្រតិបត្តិ និងជាអ្នកផ្តល់ប្រឹក្សាទូទៅរបស់ក្រុមហ៊ុន Qualcomm បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «ក្រុមហ៊ុន Apple បន្តទទួលបានអត្ថប្រយោជន៍ពីកម្មសិទ្ធិបញ្ញារបស់យើង ខណៈដែលបដិសេធផ្តល់សំណងដល់យើង។
ដីកាបង្គាប់របស់តុលាការទាំងនេះគឺជាការបញ្ជាក់អះអាងបន្ថែមទៀតពីកម្លាំងនៃផលបត្រប៉ាតង់ដ៏ច្រើនរបស់ក្រុមហ៊ុន Qualcomm»។
ក្រុមហ៊ុន Qualcomm បានឲ្យដឹងថា ករណីនៅប្រទេស ចិន មានជាប់ពាក់ព័ន្ធនឹងមូលដ្ឋានប៉ាតង់ ដែលអាចឲ្យអ្នកប្រើប្រាស់កែសម្រួល និងកែប្រែទំហំ និងរូបរាងរូបថត ព្រមទាំងគ្រប់គ្រងកម្មវិធីនានាដោយប្រើប្រាស់ការអេក្រង់ថាច់។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple បានហៅកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន Qualcomm ថា ជា «វិធានការដ៏អស់សង្ឃឹមមួយដោយក្រុមហ៊ុន ដែលការអនុវត្តខុសច្បាប់របស់ខ្លួនស្ថិតក្រោមការស៊ើបអង្កេតដោយនិយតករនៅជុំវិញពិភពលោក»។
ក្រុមហ៊ុន Apple បានបន្ថែមថា ក្រុមហ៊ុន Qualcomm «កំពុងលើកឡើងពីប៉ាតង់ចំនួន ៣ ដែលពួកគេមិនធ្លាប់បានលើកឡើងពីមុន រួមទាំងប៉ាតង់មួយដែលមិនមានសុពលភាពរួចទៅហើយ»។
ក្រុមហ៊ុន Apple បានឲ្យដឹងទៀតថា «ទូរស័ព្ទ iPhone គ្រប់ម៉ូដែល នៅតែអាចរកបានសម្រាប់អតិថិជនរបស់យើងនៅប្រទេស ចិន ។ យើងនឹងស្វែងរកជម្រើសស្របច្បាប់ទាំងអស់របស់យើងតាមរយៈតុលាការ» ៕ AFP/KC