ក្រុងអង់ការ៉ាៈ ប្រទេសតួកគីកាលពីថ្ងៃពុធបានសម្រួលលក្ខខណ្ឌសម្រាប់ការក្លាយជាពលរដ្ឋតួកគី ដោយកាត់បន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ និងការវិនិយោគដែលតម្រូវឱ្យមានសម្រាប់ការចង់ចូលសញ្ជាត្តិតួកគី។ នេះបើយោងតាមក្រឹត្យមួយរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធ។
ក្រឹត្យដែលចេញផ្សាយក្នុងសៀវភៅក្រឹតផ្លូវការបានបញ្ជាក់ថា បច្ចុប្បន្នជនបរទេសត្រូវដាក់ប្រាក់កក់តែចំនួន ៥សែនដុល្លារប៉ុណ្ណោះទៅក្នុងធនាគារទួរគី ដែលបានធ្លាក់ចុះពី ៣ លានដុល្លារកាលពីពេលមុន ខណៈទុនវិនិយោគថេរ ត្រូវបានកាត់បន្ថយពី ២ លានដុល្លារចុះមកនៅត្រឹម ៥សែនដុល្លារដែរ។
ទន្ទឹមនឹងនេះដែរ បុគ្គលម្នាក់ៗអាចទទួលបានសញ្ជាតិ ប្រសិនបើពួកគេជួលមនុស្សធ្វើការចាប់ពី ៥០ នាក់ឡើងទៅ ដែលពីមុនតម្រូវឲ្យជូលមនុស្សធ្វើការចាប់ពី ១០០ នាក់ ចំណែកឯអ្នកដែលមានអចលនទ្រព្យតម្លៃ ២៥ម៉ឺនដុល្លារឡើងទៅ អាចក្លាយជាពលរដ្ឋតួកគីបាន ធៀបពីមុនគឺត្រូវមានតំលៃ ១ លានដុល្លារ។
ក្រឹត្យនោះជាវិធានការចុងក្រោយបំផុតដែលចេញដោយលោក Erdogan នៅក្នុងអ្វីដែលមើលទៅហាក់ដូចជាធ្វើឡើងដើម្បីពង្រឹងតម្លៃរូបិយប័ណ្ណលីរ៉ារបស់តួកគី និងដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលបានធ្លាក់ចុះនៅក្នុងត្រីមាសទីពីរនេះ។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីបានចេញបញ្ជាថា រាល់កិច្ចសន្យាសម្រាប់លក់និងជួលអចលនទ្រព្យជារូបិយប័ណ្ណបរទេស ឬភ្ជាប់ទៅនឹងរូបិយប័ណ្ណបរទេសនឹងមិនត្រូវបានអនុញ្ញាតឡើយ។
រូបិយប័ណ្ណរបស់ប្រទេសទួកគីបានធ្លាក់ចុះថ្លៃយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងខែសីហា បន្ទាប់ពីមានបញ្ហាល្អក់កករផ្នែកការទូតយ៉ាងខ្លាំងរវាងទីក្រុងអង់ការ៉ា និងទីក្រុងវ៉ាស៊ីនតោនជុំវិញការឃុំខ្លួនគ្រូគង្វាលជនជាតិអាមេរិកកាំងម្នាក់។
រូបិយប័ណ្ណលីរ៉ាបានបាត់បង់តម្លៃអស់ជិតមួយភាគបួនបើធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីខែសីហា៕ AFP/NS