ជាទូទៅ ទ្រព្យសកម្មដូចជា Bitcoin មិនមានទំនាក់ទំនងជាមួយទីផ្សារភាគហ៊ុនទេ ប៉ុន្តែទស្សនៈបច្ចុប្បន្ននៅក្នុងទីផ្សាររូបិយប័ណ្ណឌីជីថលដ៏ធំមួយនេះ បានមានទំនាក់ទំនងខ្លាំងជាមួយទីផ្សារធំៗជាច្រើននៅក្នុងខែនេះ ស្របពេលដែលវិនិយោគិនចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្ត្រថ្មី ដើម្បីរកប្រាក់ចំណេញក្នុងសេដ្ឋកិច្ចដែលកំពុងងើបឡើងក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។
តម្លៃ Bitcoin បានធ្លាក់ចុះជាង ៩% ខណៈសារក្នុងគណនី Twitter របស់លោក Elon Musk ដែលជានាយកប្រតិបត្ដិក្រុមហ៊ុន Tesla, Inc. បានបង្កឱ្យមានភាពចម្រូងចម្រាសមួយចំនួន ខណៈដែលវិនិយោគិនចាត់ទុកនេះជាសញ្ញាមួយដែល លោក Elon Musk គ្រោងនឹងបោះបង់ទុនវិនិយោគចំនួន ១,៥ ពាន់លានដុល្លាររបស់គាត់នៅក្នុងទីផ្សាររូបិយប័ណ្ណឌីជីថល។ ការលក់ចេញថ្មីៗរបស់ Bitcoin អាចបង្ហាញថា កម្រិតហានិភ័យផ្សារភាគហ៊ុនកំពុងផ្លាស់ប្តូរទៅរកទិសដៅធ្លាក់ចុះ។
ឥឡូវនេះ គឺពេលវេលាដែលក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុនបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុ ដូច្នេះវិនិយោគិននឹងផ្តោតសំខាន់ទៅលើអតិផរណា។
ការបន្តកើនឡើងនៃតម្លៃទំនិញអាចធ្វើឱ្យធនាគារកណ្តាលរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដោយបង្កើនអត្រាការប្រាក់ក្នុងរយៈពេលខ្លីដែលនឹងប៉ះពាល់ដល់ភាគហ៊ុន និងទ្រព្យសម្បត្តិផ្សេងទៀតដែលបានទទួលអត្ថប្រយោជន៍ពីគោលនយោបាយអត្រាការប្រាក់កម្ចីទាបរបស់ធនាគារកណ្ដាល។
ការជួញដូរកិច្ចសន្យាអនាគតលើតម្លៃមាសក៏កំពុងកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំនេះដែរ។ ចំណែកតម្លៃប្រេងវិញ គឺមានស្ថិរភាពនៅសប្តាហ៍នេះ ដោយមានការកើនឡើងតិចតួចដោយសារតែប្រាក់ដុល្លារអាមេរិកខ្សោយ។
សរុបមក ភាគហ៊ុនអាមេរិកនឹងបន្តពង្រឹងក្នុងពេលមានបញ្ហាប្រឈមថ្មីៗនៃការងើបឡើងវិញនៃសេដ្ឋកិច្ច។ ដូច្នេះ វិនិយោគិនគួរលក់ S&P 500 (SPX500) ដោយកំណត់មុខងារបញ្ឈប់ហានិភ័យឱ្យខ្ពស់ជាង ៤២៤០ (ឯកតា) និងកំណត់មុខងារយកប្រាក់ចំណេញទី ១៖ ៣៩០០-៣៩៥០ ទី ២៖ ៣៧០០-៣៧៦០ និងទី ៣៖ ៣៦៦០-៣៧០០៕