
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ សហការី
ភ្នំពេញៈ តំបន់ទេសចរណ៍ចំនួន ២៦ កន្លែង ក្នុងចំណោមបញ្ជីឈ្មោះចុងក្រោយទាំង ៥៣ នៅប្រទេស កម្ពុជា ត្រូវបានក្រសួងទេសចរណ៍សម្រេចផ្តល់ចំណាត់ថ្នាក់ជារមណីយដ្ឋានទេសចរណ៍គំរូក្នុងឆ្នាំ ២០១៩។
រមណីយដ្ឋានទេសចរណ៍គំរូ ឆ្នាំ ២០១៩ ទាំង ២៦ នោះមាន ៣ កន្លែង នៅក្នុងខេត្តកែប និងមណ្ឌលគិរី ២ កន្លែង នៅខេត្តកំពត កំពង់ស្ពឺ កណ្តាល រតនគិរី ចំណែកទីតាំងផ្សេងទៀតមាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ស្វាយរៀង បាត់ដំបង សៀមរាប ព្រះសីហនុ ពោធិ៍សាត់ ព្រះវិហារ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។
លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ថា នេះជាលើកទី ៣ ហើយដែលក្រសួងទេសចរណ៍បានរៀបចំឲ្យមានកម្មវិធីនេះឡើង ដោយចាប់ផ្តើមដំបូងក្នុងឆ្នាំ ២០១៧។ ការវាយតម្លៃនេះបានផ្តោតលើសូចនាគោលធំៗចំនួន ៣ រួមមាន ផែនការមេសម្រាប់ការគ្រប់គ្រងរមណីយដ្ឋាន ការគិតគូរពីបរិស្ថានអនាម័យ និងទី ៣ ព័ត៌មាននៃការពេញចិត្តរបស់ភ្ញៀវ។
លោកថ្លែងថា៖ «ទីតាំងដែលបានជាប់ក្នុងបញ្ជីជារមណីយដ្ឋានគំរូនឹងមានឱកាសច្រើនក្នុងការទទួលបានកំណើនភ្ញៀវទេសចរ។ តាមរយៈនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ក៏នឹងជួយផ្សព្វផ្សាយទីតាំងទាំងអស់ទៅកាន់ភ្ញៀវទេសចរបរទេស»។
លោកបានប្រាប់ទៀតថា ការផ្តល់ចំណាត់ថ្នាក់នេះគឺជាផ្នែកមួយក្នុងគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរតាមរយៈការរៀបចំអភិវឌ្ឍក្នុងរមណីយដ្ឋាននីមួយៗដោយម្ចាស់រមណីយដ្ឋានខ្លួនឯង។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានគាំទ្រចំពោះការរៀបចំឲ្យមានកម្មវិធីបែបនេះ ព្រោះវាជាចំណែកមួយក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ អ្នកស្រីបានលើកឡើងថា ប្រសិនបើមិនមានការប្រកួតប្រជែង វានឹងអាចធ្វើឲ្យអ្នកគ្រប់គ្រងរមណីយដ្ឋានមួយចំនួនមិនសូវបានយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍកន្លែងរបស់ខ្លួនឡើយ។
អ្នកស្រីបាននិយាយថា៖ «តាមរយៈជយលាភីនេះ ខ្ញុំរំពឹងថានឹងជំរុញឲ្យគ្រប់រមណីយដ្ឋាននៅកម្ពុជាទាំងអស់ពង្រឹងការគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាព»។
ទោះយ៉ាងណាអ្នកស្រីអះអាងថា រមណីយដ្ឋានគំរូទាំងអស់នេះគឺភាគច្រើនទទួលបានតែភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះ ព្រោះជារមណីយដ្ឋានដែលត្រូវបានរៀបចំអភិវឌ្ឍឡើងនៅលើភ្នំ ទឹក និងក្នុងធម្មជាតិតែប៉ុណ្ណោះដោយមិនមានលក្ខណៈជាធម្មជាតិទាំងស្រុង ឬតំបន់ប្រាសាទបុរាណនោះទេ។
អ្នកស្រីបានថ្លែងថា៖ «នេះជាមធ្យោបាយមួយក្នុងការជំរុញឲ្យអ្នកវិនិយោគខិតខំអភិវឌ្ឍគុណភាព សេវាកម្ម និងបង្កើនសេវាកម្មថ្មីៗបន្ថែមទៀត ដើម្បីអូសទាញភ្ញៀវទេសចរឲ្យធ្វើដំណើរទៅកម្សាន្តនៅទីនោះ»។
សម្រាប់ឆ្នាំ ២០១៩ នេះមានបេក្ខភាពចូលរួមចំនួន ៥៣ មកពី ២២ រាជធានី-ខេត្ត ខណៈកាលពីឆ្នាំ ២០១៨ មានបេក្ខភាពចូលរួមត្រឹមតែ ៤៥ បេក្ខភាព មកពី ២៣ រាជធានី-ខេត្ត៕LA