ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស Poi Pet PP Special Economic- Zone (SEZ) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃចន្ទបានបើកដំណើរការជាផ្លូវការនូវប្រតិបត្តិការរបស់ខ្លួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តំបន់សេដ្ឋកិច្ចពិសេសនេះនឹងដើរតួនាទីជាមជ្ឈមណ្ឌលថ្មីមួយ ដើម្បីស្វាគមន៍ការវិនិយោគបរទេស ជាពិសេសក្រុមវិនិយោគិនជប៉ុនមកពីប្រទេសថៃស្របជាមួយយុទ្ធសាស្ដ្រថៃបូក ១ (Thai Plus One)។
តំបន់សេដ្ឋកិច្ចពិសេសនេះមានទីតាំងនៅខេត្តបន្ទាយមានជ័យភាគខាងជើងប្រទេសកម្ពុជាជាប់ព្រំដែនកម្ពុជាថៃ។ វាមានចម្ងាយប្រហែល ៨ គីឡូម៉ែត្រខាងកើតទីក្រុងប៉ោយប៉ែតដោយមានលទ្ធភាពចូលទៅកាន់ព្រំដែនដ៏សំខាន់មួយជាមួយប្រទេសថៃនៅភាគពាយ័ព្យកម្ពុជា។
លោក សុក ចិន្តាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលធ្វើជាអធិបតីក្នុងពិធីនេះបានឲ្យដឹងថា ការបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេសនេះ ច្បាស់ណាស់ចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មក៏ដូចជាការបង្កើតការងារផងដែរ។
លោកថ្លែងថា៖ «តំបន់សេដ្ឋកិច្ចពិសេសនេះមានទីតាំងជាយុទ្ធសាស្ដ្រមូលដ្ឋានស្របជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ របស់រដ្ឋាភិបាលក្នុងការពង្រាយរោងចក្រទៅកាន់តំបន់ជាយដែន»។
លោក Masahiro Mikami ឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជាដែលបានចូលរួមក្នុងពិធីនេះបានឲ្យដឹងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា បរិយាកាសវិនិយោគអំណោយផល និងទីតាំងភូមិសាស្ដ្រជាយុទ្ធសាស្ដ្របានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនជប៉ុន។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា តំបន់សេដ្ឋកិច្ចពិសេស PoiPet Special Economic Zone នឹងទាក់ទាញក្រុមវិនិយោគិនកាន់តែច្រើនពីយុទ្ធសាស្ដ្រថៃបូក ១»។
បច្ចុប្បន្នប្រទេស កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៣ ដែលកំពុងប្រតិបត្តិការដែលមានរោងចក្រចំនួន ៤៩០ និងបង្កើតការងារបានប្រមាណ ១៣០ ០០០ កន្លែង។ ក្នុងនោះទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេស ៣ កន្លែង ដែលមានរោងចក្រ ១៧ និងបង្កើតការងារបានចំនួនប្រមាណ ៧ ៥០០ កន្លែង ក្នុងនោះរោងចក្រដែលវិនិយោគពីប្រទេស ជប៉ុន មានចំនួន ៨ និងបង្កើតការងារបានប្រមាណ ២ ០០០ កន្លែង។
តំបន់សេដ្ឋកិច្ចពិសេស Poipet PP SEZ ក៏ជាទីតាំងយុទ្ធសាស្ដ្រមួយដែលទាក់ទាញក្រុមវិនិយោគិនអនាគតដែលកំពុងស្វែងរកការចាប់ផ្ដើមក្រុមហ៊ុនផលិតកម្ម ឃ្លាំង ឬមជ្ឈមណ្ឌលចែកចាយ។ វាមានចម្ងាយ ២៥០ គីឡូម៉ែត្រពីកំពង់ផែសមុទ្រទឹកជ្រៅនៅទីក្រុង Laem Chabang ប្រទេស ថៃ។ ដោយមានទីតាំងប្រកបដោយយុទ្ធសាស្ដ្រដែលមានលទ្ធភាពផ្ទាល់ចូលទៅកាន់ផ្លូវជាតិលេខ ៥ (ដែលត្រូវបានកំណត់ថាជាផ្នែកមួយនៃផ្លូវល្បឿនលឿន Asian Highway-1) តំបន់សេដ្ឋកិច្ចពិសេស Poipet- PP SEZ គឺជាការតភ្ជាប់ដ៏សំខាន់មួយនៃផ្លូវទៅកាន់ទីក្រុងហូជីមិញ ភ្នំពេញ សៀមរាប បាងកក៕ LA