ភ្នំពេញៈ ការ​នាំចេញ​ទំនិញ​​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ (SSEZ) មាន​តម្លៃ ៣៧២ លាន​ដុល្លារ​កាល​​ពី​ឆ្នាំ ២០១៨ កើន​ឡើង ៦៨ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​របស់​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាល​ពី​ចុង​សប្តាហ៍​មុន។

យោង​តាម​សេចក្តី​ប្រកាស​ដដែល SSEZ មាន​ក្រុមហ៊ុន​ចំនួន ១៦១ ដែល​មាន​ដើមទុន​ចុះ​បញ្ជី​ចំនួន ៩១៨ លាន​​ដុល្លារ និង​បាន​ស្រូប​យក​​កម្លាំង​ពលកម្ម​ចំនួន ២២ ៤៩៥ នាក់។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់ SSEZ ផលិត​​ទំនិញ​នានា ដូច​ជា សម្ភារ​ការិយាល័យ គ្រឿង​បន្លាស់​រថយន្ត ស៊ុម​ទូរទស្សន៍ សម្ភារ​បរិក្ខារ​បន្ទប់ទឹក កាបូប ស្បែកជើង សម្ភារ​កីឡា​ និង​ទំនិញ​ផ្សេង​ៗ​ទៀត។

សេចក្តី​ប្រកាស​នេះ​​​​ចេញ​ផ្សាយ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​សម្រប​សម្រួល​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្រុង​ព្រះ​សីហនុ ដែល​​​​ធ្វើ​ឡើង​នៅ​សប្តាហ៍​មុន​នៅ ​SSEZ៕ LA