ភ្នំពេញៈ វិស័យ​ឯកជន​រំពឹងថា កម្ពុជា​នឹង​បើកទ្វារ​ទូលាយ​ជាង​មុន​ក្នុង​ការទទួល​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់​ទៅ​តំបន់​សៀមរាប​អង្គរ ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ តទៅ ក្រោយពី​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​បាន​លើកសំណើ​នេះ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេល​ថ្មីៗ​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន កាលពី​ថ្ងៃទី​ ៧ ខែ​មេសា ឱ្យដឹងថា លោក​បានស្នើ​សុំឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ពី​ការបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ រួចរាល់​ដោយ​ឱ្យ​ពួកគេ​មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប-អង្គរ ចាប់ពី​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២១ តទៅ ខណៈ​ដែល​ការគ្រប់គ្រង​សហគមន៍​នៅ​ខេត្ត​សៀមរាប​អង្គរ​ស្ថិត​ក្នុង​ភាពល្អប្រសើរ​ព្រម​ជាមួយនឹង​ការជំរុញ​ដំណើរការ​ចាក់​វ៉ាក់សាំង​ឱ្យបាន​លឿន​ដល់​មន្ត្រីរាជការ អ្នក​បម្រើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្នុងនាម​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ អ្នកស្រី​ពិតជា​ចង់ឱ្យ​វិស័យនេះ​មានជីវិត​ឡើងវិញ​ណាស់ ព្រោះ​រយៈពេល​ជាង ១ ​ឆ្នាំ​មកហើយ​ដែល​វិស័យនេះ​ត្រូវ​ជាប់គាំង​។ ការបើក​ឱ្យមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​នៅក្នុង​វិស័យនេះ​ទទួលបាន​ចំណូល និង​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​បញ្ជាក់​ពី​ភាពជោគជ័យ​របស់​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​បាន​ផងដែរ​។

អ្នកស្រី​ថ្លែងថា​៖ «​យើង​ពិតជា​ចង់ឱ្យ​វិស័យនេះ​ចាប់ផ្តើម​ឡើងវិញ​»​។

ទោះយ៉ាងណា​អ្នកស្រី​លើកឡើង​ថា ដោយសារ​វិស័យ​មួយ​នេះ​គ្មាន​សកម្មភាព​យូរ​មក​ហើយ ដូច្នេះ​បើ​អាច​សូមឱ្យ​រដ្ឋាភិបាល​ប្រកាស​ពី​ការអនុញ្ញាត​ឱ្យបាន​ឆាប់ ដើម្បីឱ្យ​វិស័យ​ឯកជន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ធនធាន​មនុស្ស​របស់ខ្លួន​ឡើងវិញ​។

យោងតាម​អ្នកស្រី ស៊ីវលីន វិបត្តិ​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ បានធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ពេល​យ៉ាងតិច​ ៥ ​ឆ្នាំ​ទើប​អាចមាន​ភាព​ល្អប្រសើរ​ដូច​ឆ្នាំ​ ២០១៩​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់ថា ដើម្បី​ធានាបាន​ទំនុកចិត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ គេ​ត្រូវតែកំណត់​ពី​លក្ខខណ្ឌ​មួយចំនួន​ឱ្យ​ច្បាស់លាស់ ដើម្បី​ធានាថា​នឹងមិន​មានការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩ ក្នុងចំណោម​ភ្ញៀវទេសចរ និង​អ្នកពាក់ព័ន្ធ​។ លោក​បាន​បន្តថា ការកំណត់​នោះ​អាច​មាន​ការកំណត់​ពី​លក្ខខណ្ឌ​ការចាក់​វ៉ាក់សាំង​ (​ប្រភេទ និង​រយៈពេល​ចាក់​វ៉ាក់សាំង​) ការកាត់បន្ថយ​ពេលធ្វើ​ចត្តាឡីស័ក និង​ការកំណត់​ពី​កាតព្វកិច្ច​មួយចំនួន​ដែល​ភ្ញៀវ និង​អ្នកពាក់ព័ន្ធ​ត្រូវធ្វើ​។

លោក​និយាយថា​៖ «​ដើម្បីឱ្យ​ដំណើរការ​នេះ​អាច​ដំណើរ​ទៅដោយ​ជោគជ័យ និង​ទទួលបាន​នូវ​ទំនុកចិត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ គឺ​ទាមទារ​ឱ្យ​ក្រសួង​ទេសចរណ៍​ត្រូវធ្វើ​ការងារ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​រៀបចំ​ឱ្យ​មាន Code of conduct សម្រាប់​ភ្ញៀវទេសចរ​នៅក្នុង​តំបន់​សៀមរាប-អង្គរ​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​លើកឡើងថា ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ការរឹតត្បិត​ការធ្វើដំណើរ​របស់​ភ្ញៀវ​ក្នុងស្រុក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ទៅ​កម្សាន្ត​នៅ​តំបន់​សៀមរាប-អង្គរ​ក៏​ជា​រឿង​ដែល​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ផងដែរ​។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ​បាន​និយាយថា ការបើក​ទទួល​ភ្ញៀវទេសចរ​បរទេស​ឡើងវិញ គឺជា​ក្តី​ប្រាថ្នា​របស់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ដើម្បីឱ្យ​វិស័យនេះ​មាន​កំណើន និង​មាន​ភាពជឿជាក់ វា​ក៏​ទាមទារ​ឱ្យ​អ្នក​ក្នុង​វិស័យនេះ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

លោក​អះអាង​ថា​៖ «​បើ​កម្ពុជា​បើកទទួល​ភ្ញៀវទេសចរ​បរទេស​ចូលមកក្នុង​ត្រីមាស​ទី​៤ មែន ខ្ញុំ​គិតថា វា​នឹង​ធ្វើឱ្យ​អ្នក​បម្រើការ​ក្នុង​វិស័យនេះ​មាន​ការងារ និង​ប្រាក់ចំណូល​ឡើងវិញ​។ ទោះយ៉ាងណា​ដោយសារ​ក្តីព្រួយបារម្ភ និង​សេដ្ឋកិច្ច​មិនទាន់​មានភាព​រឹងមាំ ខ្ញុំ​គិតថា ភ្ញៀវ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​នឹងមិន​ទាន់​ចំនួន​ច្រើន​ទេ​»​។

យោងតាម​លោក ថោង ខុន ពេលនេះ​ក្រសួង​ទេសចរណ៍​ទទួល​បាន​ការអនុញ្ញាត​ពី​លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត និង​វិស័យ​ឯកជន​រួចហើយ ដើម្បី​សិក្សា​អំពី​ការបើកទទួល​កញ្ចប់​ទស្សនកិច្ច​ចំពោះ​ទេសចរ​ចាក់​វ៉ាក់សាំង​រួច​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស ១ ៣០៦ ១៤៣ ​នាក់ ធ្លាក់ចុះ ៨០,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន ៦ ៦១០ ៥៩២ នាក់​។ ក្នុង​ឆ្នាំ​ ២០១៩ ចំណូល​បាន​ពី​ទេសចរ​អន្តរជាតិ មាន ៤,៩១ ​ពាន់​លាន​ដុល្លារ កើនឡើង ១២,៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ដែល​មាន​ចំនួន ៤,៣៧ ពាន់​លាន​ដុល្លារ​៕ LA