ក្រុងប៊ែរឡាំងៈ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ អាល្លឺម៉ង់​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​គំរាមថា​នឹង​កាត់ផ្តាច់​ការចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រទេស​​ ចិន Huawei​។

ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​ក្នុង​ការហាមឃាត់ Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​មួយ​របស់​ពិភពលោក​ពី​បណ្ដាញ​ទិន្នន័យ​ចល័ត 5G ដោយ​លើកឡើង​ថា វា​ជា​ហានិភ័យ​ផ្នែក​សន្ដិសុខ​។

ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Richard Grenell បាន​ឲ្យ​ដឹងថា លោក ​ត្រាំ «​បាន​ណែនាំ​ខ្ញុំ​ត្រូវ​ធ្វើ​វា​ឲ្យ​បាន​ច្បាស់លាស់​ថា ប្រទេស​ណា​ដែល​ជ្រើសរើស​ការប្រើប្រាស់​បណ្ដាញ 5G ដែល​មិនគួរ​ឲ្យ​ទុកចិត្ត និង​ធ្វើឲ្យ​ខូចខាត​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការចែករំលែក​ព័ត៌មាន​ចារកម្ម និង​ព័ត៌មាន​ក្នុង​កម្រិត​ខ្ពស់បំផុត​»​។

លោក Grenell បាន​ឲ្យ​ដឹង​នៅលើ Twitter ថា លោកប្រធានាធិបតី​បាន​ទូរស័ព្ទ​មក​លោក​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​បញ្ជូន​សារ​នេះ​។

សម្ព័ន្ធមិត្ត​ដ៏សំខាន់​របស់​អាមេរិក​នៅ​អឺរ៉ុប ជាពិសេស​ចក្រភព​អង់គ្លេស និង​បារាំង​បាន​ឲ្យ​ដឹងថា ពួកគេ​នឹងមិន​ហាមឃាត់ Huawei មិន​ឲ្យ​សាងសង់​បណ្ដាញ 5G នោះ​ទេ​ ប៉ុន្តែ​នឹងដាក់​ការ​រឹតបន្តឹង​។ ជា​សាធារណៈ អាមេរិក​មិន​បាន​ប្រតិកម្ម​ទេ ប៉ុន្តែ​លោក ត្រាំ ត្រូវ​បាន​គេ​រាយការណ៍​ថា ខឹង​ទីក្រុង​ឡុងដ៍​យ៉ាងខ្លាំង​។

លោក Mike Pompeo រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​សន្និសីទ​សន្ដិសុខ​ទីក្រុង​មុយនិច​កាលពី​ថ្ងៃ​សៅរ៍​ថា ក្រុមហ៊ុន​ Huawei គឺជា «​ចារកម្ម​សម្រាប់​ព័ត៌មាន​ចារកម្ម​ប្រទេស​ ចិន​»​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​អាមេរិក ហើយ​ទីក្រុង​ប៉េកាំង​បាន​ហៅ​ការប្រព្រឹត្ត​របស់​អាមេរិក​ថា ជា «​ការគំរាម​កំហែង​ផ្នែក​សេដ្ឋកិច្ច​»៕ LA