ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ការពារ​វិធានការ​ពន្ធ​ដ៏ចម្រូងចម្រាស​របស់​លោក​ប្រឆាំង​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ដោយ​លើក​ឡើង​ថា​ចំណាត់ការ​នេះ «​កំពុង​ធ្វើ​បាន​ល្អ​ជាង​អ្វី​ដែល​គេ​ធ្លាប់​រំពឹង​ទុក​ពី​មុន​»​។

លោក​សរសេរ​នៅ​លើ​ធ្វីធើរ​ថា​៖ «​ពន្ធ​នាំ​ចូល​បាន​ធ្វើឲ្យ​មាន​ផល​វិជ្ជមាន​ជាច្រើន​លើ​ឧស្សាហកម្ម​ដែកថែប​របស់​យើង​»​។ លោក​បន្ត​ថា​៖ «​រោងចក្រ​ទាំងអស់​កំពុង​បើក​ដំណើរការ​នៅ​អាមេរិក កម្មករ​ដែកថែប​កំពុង​ធ្វើការ ហើយ​ប្រាក់​ដុល្លារ​ជាច្រើន​កំពុង​ហូរ​ចូល​ក្នុង​ក្រសួង​សេដ្ឋកិច្ច​របស់​យើង​»​។

លោក ត្រាំ បាន​ឲ្យ​ដឹង​នៅ​ក្នុង​ធ្វីធើរ​ផ្សេង​ទៀត​ថា​៖ «​ពន្ធ​នាំចូល​នឹង​ធ្វើឲ្យ​ប្រទេស​យើង​កាន់​តែ​មាន​ប្រាក់​ច្រើន​ជាង​ពេល​បច្ចុប្បន្ន​»​។ លោក​បន្ត​ទៀត​ថា​៖ «​មាន​តែ​មនុស្ស​ល្ងីល្ងើ​ប៉ុណ្ណោះ​ដែល​មិន​យល់​ស្រប​»​។

លោក​បាន​និយាយ​ថា​ប្រទេស​ចិន​ជា «​លើក​ដំបូង​ធ្វើ​មិន​ល្អ​ប្រឆាំង​នឹង​ពួកយើង​»​។

ការសរសេរ​របស់​លោក​គឺ​ចំ​ពេល​ដែល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​បាន​កើតឡើង​សាជាថ្មី​។ ​កាលពី​ដើម​សប្ដាហ៍​មុន​លោក ត្រាំ បាន​ប្រាប់​មន្ដ្រី​ពាណិជ្ជកម្ម​ជាន់ខ្ពស់​របស់​លោក​ឲ្យ​សិក្សា​ពី​ការបង្កើន​ពន្ធ​នាំ​ចូល​ទំនិញ​របស់​ប្រទេស​ចិន​ក្នុង​តម្លៃ​ ២០០ ​ពាន់​លាន​ដុល្លារ​គឺ​ពី ១០ ​ភាគរយ​ដែល​គ្រោង​ទុក​ទៅ​ដល់ ២៥ ​ភាគរយ​។

ទីក្រុង​ប៉េកាំង​ក៏​បាន​គំរាម​ថា​នឹង​ហូត​ពន្ធ​នាំចូល​បន្ថែម ៦០ ​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​របស់​អាមេរិក ខណៈ​លោក Larry Kudlow ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សេតវិមាន​បាន​អះអាង​ថា «​ការឆ្លើយតប​ដ៏ទន់ខ្សោយ​»​។

រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi កាលពី​ថ្ងៃ​សៅរ៍​បាន​ហៅ​វិធានការ​របស់​ប្រទេស​ចិន​ថា​៖ «​ជាការ​ត្រឹមត្រូវ និង​ចាំបាច់​»​។

ថ្លែង​នៅ​ក្រៅ​ជំនួប​នៃ​វេទិកា​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​លោក Wang Yi បាន​វាយបក​នឹង​ការលើក​ឡើង​របស់​លោក Kudlow ថា​៖ «​តើ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​ដំណើរការ​ល្អ​ដែរ​ឬ​ទេ​? ខ្ញុំ​គិត​ថា​វា​ច្បាស់​ណាស់​ចំពោះ​សហគមន៍​អន្តរជាតិ​ទាំង​មូល​»​។ លោក​បន្ថែម​ថា ប្រទេស​ចិន​បាន​រួមចំណែក​យ៉ាង​ច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។

ជម្លោះ​ជាមួយ​ប្រទេស​ចិន​បាន​បង្កើន​ការព្រួយបារម្ភ​នៅ​ក្នុង​ប្រទេស​ទាំង​ ២ ហើយ​ក៏​មាន​ការ​រាយការណ៍​ពី​ការខូចខាត​នៅ​ក្នុង​រដ្ឋបាល​របស់​លោក ត្រាំ ផង​ដែរ​។

ក្រុម​ពាណិជ្ជករ​ដែល​ជា​សហព័ន្ធ​លក់រាយ​ថ្នាក់​ជាតិ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​សប្ដាហ៍​មុន​​ថា​៖ «​យើង​និយាយ​ពី​មុន​ហើយ​ថា ការដាក់​ពន្ធ​នៅ​ជុំ​នេះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​គ្រួសារ និង​កម្មករ​អាមេរិក​ច្រើន​ជាង​ចិន​»​។

ខណៈ​លោក ដូណាល់ ត្រាំ បាន​ធ្វើឲ្យ​មាន​ភាព​ជឿជាក់​លើ​ការងារ​ដែកថែប តាមរយៈ​វិធានការ​ពន្ធ​នាំ​ចូល​នេះ​វា​ក៏​បាន​បង្កើត​នូវ​ក្តីបារម្ភ​ទៅ​ដល់​ប្រជាកសិករ​អាមេរិក​ទាក់ទង​នឹង​ផលិតផល​សណ្ដែកសៀង និង​ក្រុមហ៊ុន​ជាច្រើន​ដែល​ពឹង​ផ្អែក​លើ​ដែកថែប​ជា​វត្ថុធាតុដើម​ផង​ដែរ​៕ LA