ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹង​ប្រកាស​ការសម្រេចចិត្ត​របស់​លោក​ស្តីពី​ពន្ធ​នាំចូល​លើ​រថយន្ត​នាំចូល «​ក្នុងពេល​ឆាប់​បំផុត​»​។

លោក ត្រាំ មិនបាន​ផ្ដល់​ការបញ្ជាក់​អំពី​ការសម្រេចចិត្ត​របស់​លោក​នោះទេ ប៉ុន្តែ​ប្រភព​ក្នុង​ឧស្សាហកម្ម​រថយន្ត​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ពួកគេ​រំពឹង​ថា ពន្ធ​នាំចូល​នឹងត្រូវ​ពន្យារពេល​រយៈពេល ៦ ​ខែ​ផ្សេងទៀត​។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​សេតវិមាន​ថា​៖ «​ខ្ញុំ​នឹង​ធ្វើ​ការសម្រេចចិត្ត​ក្នុង​ពេល​ឆាប់ៗ​។ ខ្ញុំ​បាន​សង្ខេប​យ៉ាង​ពេញលេញ​»​។

លោក​បាន​គំរាមកំហែង​ចាប់​តាំងពី​ឆ្នាំមុន​ថា​នឹង​ដកហូត​ពន្ធ​នាំចូល ២៥ ភាគរយ​លើ​ការនាំចូល​រថយន្ត ដើម្បី​ការពារ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​អាមេរិក​ដែល​ជា​និមិត្តរូប​មួយ​នៃ​ផលិតកម្ម​អាមេរិក​។

ការគំរាមកំហែង​ដកហូត​ពន្ធ​នាំចូល​លើ​រថយន្ត​នេះ​បាន​ប្រកាស​អាសន្ន​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​ជាពិសេស ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ិនហ្សូ អាបេ បាន​ឲ្យ​ដឹងថា លោក ត្រាំ បាន​សន្យាថា​នឹង​អនុគ្រោះ​ដល់​ការនាំចេញ​រថយន្ត​របស់​ប្រទេស​ជប៉ុន​។

កាលពី​ខែ​កុម្ភៈ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ផ្ដល់​ដល់​លោក ត្រាំ នូវ​របាយការណ៍​មួយ​ដែល​បញ្ជាក់​ពី​ការគំរាមកំហែង​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក និង​បានផ្ដល់​អនុសាសន៍​ឲ្យ​ដកហូត​ពន្ធ​នាំចូល​បន្ថែម​ដោយ​ឈរលើ​មូលដ្ឋាន​សន្ដិសុខ​ជាតិ ប៉ុន្តែ​លោក​ ត្រាំ បាន​ពន្យារពេល​ចាត់វិធានការ​នេះ​រយៈពេល ១៨០ ថ្ងៃ​ជា​រយៈពេល​មួយ​ដែល​បាន​ផុតកំណត់​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។

លោក Wilbur Ross រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ដើមខែ​នេះ​ថា ពន្ធ​អាច​មិន​ចាំបាច់ បន្ទាប់ពី​មាន «​ការសន្ទនា​ដ៏ល្អ​បំផុត​» ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​សហភាព​អឺរ៉ុប ជប៉ុន និង​ទីកន្លែង​ផ្សេងទៀត​។

ប្រភព​ចំនួន​ ២ ​ក្នុង​ឧស្សាហកម្ម​រថយន្ត​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​ជំរុញ​ឲ្យ​មាន​សម្បទាន​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ដែល​អាច​ធ្វើឡើង​ដើម្បី​គេច​ផុតពី​ការដកហូត​ពន្ធ​នាំចូល​ដែល​នឹង​មានន័យថា​មាន​ការវិនិយោគ​កាន់តែ​ច្រើន​នៅ​អាមេរិក​។

ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​ដូចជា​ក្រុមហ៊ុន BMW របស់​អាល្លឺម៉ង់ អាច​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការចូលរួម​នៅក្នុង​សម្បទាន​បែប​នោះ ខណៈ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​កំពុង​ពង្រីក​ការវិនិយោគ​រួចហើយ​នៅ​អាមេរិក ហើយ​ដូច្នេះ​នឹង​មាន​ផលប៉ះពាល់​កាន់តែ​តិច​ដោយសារ​ពន្ធ​នាំចូល​ថ្មី​នេះ​។

លោក Jean-Claude Junker ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដែល​ត្រៀម​ចាកចេញ​ពី​តំណែង​បាន​ឲ្យ​ដឹង​នៅក្នុង​បទសម្ភាស​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​អាល្លឺម៉ង់​កាលពី​សប្ដាហ៍​មុន​ថា លោក​ជឿជាក់​ថា អាមេរិក​នឹង​មិន​ហូតពន្ធ​នាំចូល​ថ្មី​លើ​រថយន្ត​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទេ​៕ LA