ក្រុងវ៉ាស៊ីនតោនៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​សម្រេចបាន​ដោយ​ផ្នែក​កាលពី​សប្តាហ៍​មុន​ជាមួយ​ប្រទេស​ ចិន បច្ចុប្បន្នកំពុង​ត្រូវ​បាន​សរសេរ​ជា​ផ្លូវការ​ហើយ​។ នេះ​បើតាម​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​។

លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅឯ​សេតវិមាន​ថា​៖ «​វា​មិនបាន​សរសេរ​នៅឡើយ​ទេ ប៉ុន្តែ​វា​កំពុង​ត្រូវបាន​សរសេរ​»​។

លោក ត្រាំ បាន​បន្តថា ប្រទេស ​ចិន ​បាន​ទិញ​ផលិតផល​កសិកម្ម​អាមេរិក​រួចហើយ​កាលពី​សប្តាហ៍​មុន​ក្នុង​តម្លៃ​ពី ៤០ ទៅ ៥០​ ​ពាន់​លាន​ដុល្លារ​។

លោក​បានបញ្ជាក់​ជាថ្មី​ថា ប្រទេស​ ចិន​ បាន​ប្តេជ្ញាចិត្ត​ទិញ​ផលិតផល​កសិកម្ម​អាមេរិក​កាន់តែ​ច្រើនឡើង ហើយ​បាន​ធ្វើ​សម្បទាន​នានា ដោយសារ​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​ពី​ទីក្រុង​វ៉ាស៊ីនតោន​។

លោក ត្រាំ ថ្លែងថា​៖ «​ពួកគេ​បង្កើត​កិច្ចព្រមព្រៀង​មួយ​។ ពួកគេ​ត្រូវតែ​បង្កើត​កិច្ចព្រមព្រៀង​មួយ​។ សេដ្ឋកិច្ច​របស់​ពួកគេ​ត្រូវ​បាន​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​អ្វីដែល​យើង​បានធ្វើ និង​ដោយសារ​ពន្ធគយ​»​។

ទីផ្សារ​ភាគហ៊ុន​បាន​ឡើងថ្លៃ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ខណៈ​ដែល​កិច្ចព្រមព្រៀង​ត្រូវ​សម្រេច​បាន​ក្នុង​ភាព​ធូរស្រាល​មួយ​ដែល​កើតមាន​ បន្ទាប់ពី​មាន​ការកើនឡើង​ជា​លំដាប់​នូវ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ ចិន​។

កាលពី​សប្តាហ៍​មុន លោក ត្រាំ បាន​បរាជ័យ​ក្នុង​ការសម្រេច​បាន​កិច្ចព្រមព្រៀង «​ទាំងស្រុង​» ដែល​លោក​បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ​មាន​សារៈសំខាន់ និង​ត្រូវបាន​រួមបញ្ចូល​ទាំង​ការកើនឡើង​ការទិញ​ផលិតផល​កសិកម្ម​អាមេរិក ហើយ​ក៏​គ្របដណ្តប់​លើ​កម្មសិទិ្ធបញ្ញា សេវា​ហិរញ្ញវត្ថុ និង​រូបិយប័ណ្ណ​ផងដែរ​។

ទោះជា​យ៉ាងណា​ការអត្ថាធិប្បាយ​ពី​មន្ត្រី​ក្នុង​ទីក្រុង​ប៉េកាំង​បាន​បង្កើន​មន្ទិលសង្ស័យ​អំពី​ភាព​សំខាន់​នៃ​កិច្ចព្រមព្រៀង​។

ខណៈដែល​កិច្ចព្រមព្រៀង​នេះ​មាន​ន័យ​ថា ការដំឡើង​ពន្ធគយ​ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​នេះ​នឹង​ត្រូវ​ផ្អាក វា​មិនបាន​លុបចោល​ពន្ធគយ​នាំចូល​ណាមួយ​ដែល​ត្រូវ​បាន​ដាក់ចេញ​រហូតមក​ដល់​បច្ចុប្បន្ននេះ​ទៅលើ​ទំនិញ​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​នោះទេ ហើយ​ក៏​មិនបាន​ដោះស្រាយ​គម្រោង​ដកហូត​ពន្ធគយ​មួយ​ផ្សេងទៀត​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែធ្នូ​ឆ្នាំនេះ​ផង​ដែរ​៕ KC