ភ្នំពេញៈ រោងចក្រ​ផលិត​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​អនុភាព ៦០ ​មេហ្គាវ៉ាត់​នៅ​ខេត្ត​បាត់ដំបង​ ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​ហើយ​កាលពី​សប្តាហ៍​មុន​ ដែល​នាំឱ្យ​ថាមពល​អគ្គិសនី​ពី​សូឡា​តភ្ជាប់​មក​បណ្តាញ​ជាតិ​កើន​ដល់ ៣២០ មេហ្គាវ៉ាត់​។

ស្ថានីយ​ផលិត​អគ្គិសនី​ពី​សូឡា​នេះ​ស្ថិតនៅ​ឃុំ​អន្លង់រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង វិនិយោគ​ដោយ​ក្រុមហ៊ុន Risen Energy ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) បានឱ្យដឹងថា ស្ថានីយ​ផលិត​ថាមពល​សូឡា​កម្លាំង ៦០ ​មេហ្គាវ៉ាត់​ថ្មី​នេះ​បាន​ភ្ជាប់​ចូល​បណ្តាញ​ជាតិ​តាមរយៈ​អនុស្ថានីយ​តង់ស្យុង​ខ្ពស់ ២៣០ ​គីឡូវ៉ុល ​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ១១៥ ​គីឡូវ៉ុល​ ដែល​មាន​ប្រវែង​ប្រមាណ ២០ ​គីឡូម៉ែត្រ​។ នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ថាមពល​សូឡា​សរុប ៤៥០ ​មេហ្គាវ៉ាត់ ​ដែល​ត្រូវ​តភ្ជាប់​ទៅក្នុង​បណ្តាញ​ជាតិ​ក្នុង​ឆ្នាំ​ ២០២២​។

លោក​ឱ្យដឹងថា​៖ «​នេះ​គឺជា​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​អគ្គិសនី​កម្ពុជា​ក្នុង​ការបង្កើន​ល្បាយ​ថាមពល​កកើតឡើង​វិញ​ផលិត​ចេញពី​ពន្លឺ​ព្រះអាទិត្យ​ឱ្យ​មាន​ភាគរយ​កាន់តែ​ច្រើន​យ៉ាងតិច ៤៥០ ​មេហ្គាវ៉ាត់​ នៅមុន​ដាច់​ឆ្នាំ​ ២០២២​។ នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​ថា​ផែនការ​អនាគត​របស់​យើង​នឹងដាក់​ពង្រាយ​ថាមពល​ស្អាត​ឱ្យបាន​កាន់តែច្រើន​ចូលទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ជាតិ​»​។

លោក​ឱ្យដឹង​ទៀត​ថា ថាមពល​សូឡា ៦០ ​មេហ្គាវ៉ាត់​នេះ​នឹង​ផ្តល់​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ប្រកប​ដោយ​និរន្តរភាព គុណភាព​កាន់តែ​ប្រសើរ​ជាង​មុន ពិសេស​នៅក្នុង​ស្រុក​ថ្មគោល ស្រុក​បវេល និង​ទីប្រជុំជន​នៅក្នុង​ខេត្តបាត់ដំបង​។

លោក​ថ្លែងថា​៖ «​ជា​លក្ខណៈ​សង្គម រោងចក្រ​នេះ​នឹង​ជួយ​បង្កើត​ការងារ​រាប់រយ​កន្លែង​ឱ្យ​ប្រជាពលរដ្ឋ​ដើម្បី​មាន​លទ្ធភាព​រកប្រាក់​ចំណូល​បន្ថែម​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ហើយ​វា​ក៏​នឹង​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យមាន​ការរីកចម្រើន​បន្ត​ទៀត ពិសេស​វិស័យ​ឧស្សាហកម្ម​ដែល​នៅពេល​អនាគត​នឹង​ចាំបាច់​ត្រូវការ​ល្បាយ​ថាមពល​ស្អាត​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ផលិតកម្ម​របស់​ខ្លួន​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​បានអនុម័ត​ឱ្យ​ក្រុមហ៊ុន Risen Energy វិនិយោគ​សាងសង់​រោងចក្រ​ថាមពល​សូឡា​កម្លាំង ៦០ ​មេហ្គាវ៉ាត់​នៅក្នុង​ខេត្តបាត់ដំបង ក្រោម​ទុនវិនិយោគ ៥០,៩ ​លាន​ដុល្លារ​ កាលពី​ខែឧសភា ឆ្នាំមុន​។

លោក វិចទ័រ ហ្សូនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ និង​ថាមពល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ចុងខែ​ធ្នូ​ថា ក្រុមហ៊ុន Risen Energy ត្រូវបាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​វិនិយោគ​លើ​គម្រោង​ថាមពល​សូឡា ៦០ ​មេហ្គាវ៉ាត់​នេះ កាលពី​ខែកក្កដា ឆ្នាំ​ ២០១៩ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លោក​បន្ថែមថា គម្រោង​នេះ​ស្ថិតក្រោម​រូបភាព​សាងសង់ កាន់កាប់ ប្រតិបតិ្តការ ដែល​មាន​សម្បទាន​ក្នុង​រយៈពេល ២០ ឆ្នាំ​ជាមួយ​អគ្គិសនី​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​នេះ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ-លក់​រួចរាល់​ហើយ​ជាមួយ​អគ្គិសនី​កម្ពុជា​ក្នុងតម្លៃ ៧,៦ សេន​ដុល្លារ ១ គីឡូវ៉ាត់ម៉ោង ជាមួយ​អគ្គិសនី​កម្ពុជា​»​។

បើតាម​លោក ហ្សូនា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផ្គត់ផ្គង់​អគ្គិសនី​ឆ្នាំនេះ​។ កម្ពុជា​មាន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី​បាន ៣ ០០០ ​មេហ្គាវ៉ាត់​នៅ​រដូវវស្សា និង ២ ២០០ មេហ្គាវ៉ាត់​នៅ​រដូវប្រាំង​។

លោក​បន្ថែមថា​៖ «​យើង​នឹង​មិនមាន​បញ្ហា​កង្វះ​ការផ្គត់ផ្គង់​ទេ ព្រោះ​ការផ្គត់ផ្គង់​របស់​យើង​បាន​លើស​ផែនការ ហើយ​បើ​មាន​តម្រូវការ​លើសពីនេះ​យើង​នឹង​អាច​នាំចូល​ពី​ប្រទេស​ជិតខាង​បន្ថែម​»៕ LA