ក្រុងបាងកកៈ រដ្ឋាភិបាលថៃគ្រោងដាក់ថវិកា ៣០ ពាន់លានបាតសម្រាប់ការកែលម្អវិស័យកសិកម្មដែលជាផ្នែកមួយនៃថវិកាបន្ថែម ១៥០ ពាន់លានបាតសម្រាប់សារពើពន្ធឆ្នាំ ២០១៨ នៅក្នុងរយៈពេល ៦ ខែក្រោយ។ នេះបើយោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ។
លោក Apisak Tantivorawong រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថារដ្ឋាភិបាលថៃមានបំណងយកថវិកា ៣០ ពាន់លានបាតសម្រាប់លើកកម្ពស់វិស័យកសិកម្មរបស់ថៃ។
លោកថ្លែងថាកំណែទម្រង់នៅពេលខាងមុខរបស់រដ្ឋាភិបាលលើវិស័យកសិកម្មនឹងត្រូវធ្វើក្នុងទ្រង់ទ្រាយធំជាមួយផែនការកាត់បន្ថយការផ្គត់ផ្គង់ និងបង្កើនតម្លៃដំណាំកសិកម្ម។
លោកបន្ថែមថា ថវិកានេះនឹងផ្ដោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិស័យ ដូចជា ឡសម្ងួត និងឃ្លាំងស្ដុកស្រូវ ដែលនឹងអនុញ្ញាតឲ្យកសិករស្ដុកផលិតផល និងទប់ស្កាត់តម្រូវការលើសក្នុងទីផ្សារ។
ទិសដៅកំណត់រយៈពេល ៦ ខែគឺអាចសម្រេចបាន ខណៈកំណែទម្រង់រយៈពេលវែងក្នុងរយៈពី ៣ ទៅ ៤ ឆ្នាំនឹងត្រូវបានកំណត់ក្នុងថវិកាឆ្នាំ ២០១៩។ នេះបើតាមលោក Apisak។
ការកាត់បន្ថយតំបន់កសិកម្ម ជាពិសេសសម្រាប់ដំណាំស្រូវ កៅស៊ូ និងដូងប្រេងគឺជាផ្នែកមួយដ៏សំខាន់នៃផែនការកំណែទម្រង់កសិកម្មរបស់រដ្ឋាភិបាល ប៉ុន្តែទំហំនៃការកាត់បន្ថយនេះនឹងត្រូវបានកំណត់ដោយក្រសួងកសិកម្ម និងសហករណ៍។
គណៈរដ្ឋមន្ដ្រីកាលពីដើមសប្ដាហ៍នេះបានអនុម័តថវិកាបន្ថែមចំនួន ១៥០ ពាន់លានបាតសម្រាប់សារពើពន្ធឆ្នាំនេះក្នុងចំណោមថវិកានេះ ៥០ ពាន់លានបាតនឹងត្រូវសងត្រឡប់ទៅទុនបម្រុងរតនាគារវិញហើយ ១០០ ពាន់លានបាតដែលនៅសល់នឹងត្រូវរក្សាទុកដើម្បីផ្ដល់មូលនិធិដំណាក់កាលទី ២ នៃផែនការសុខុមាលភាព និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់អ្នកក្រីក្រ កំណែទម្រង់វិស័យកសិកម្ម ការអភិវឌ្ឍកម្រិតរដ្ឋាភិបាលមូលដ្ឋាន និងមូលនិធិភូមិ (Village Funds)។
ការផ្ដល់មូលនិធិបន្ថែមនេះរដ្ឋនឹងចាំបាច់ត្រូវខ្ចីបន្ថែម ១០០ ពាន់លានបាត និងធ្វើឲ្យឱនភាពថវិកាសារពើពន្ធឆ្នាំ ២០១៨ កើនឡើងដល់ ៥៥០ ពាន់លានបាត។ ឱនភាពនេះនឹងជាទិសដៅកំណត់ចាប់តាំងពីរដ្ឋាភិបាលដែលគាំទ្រដោយយោធាបានឡើងកាន់អំណាចកាលពីឆ្នាំ ២០១៤ ដែលស្ទើរតែកើនឡើងដល់ការកម្រិត ២០ ភាគរយនៃការចំណាយថវិកាប្រចាំឆ្នាំ។
ការផ្ដោតរបស់រដ្ឋាភិបាលដែលជួយដល់វិស័យកសិកម្ម និងអ្នករកបានប្រាក់ចំណូលទាប មានបំណងធ្វើឲ្យសេដ្ឋកិច្ចដែលពឹងផ្អែកលើបរទេសនេះស្ទុះងើបឡើងវិញនៅឆ្នាំនេះ។
ព័ត៌មានលម្អិតការចំណាយនៃដំណាក់កាលទី ២ នៃផែនការសុខុមាលភាព និងការឧបត្ថម្ភធនរបស់រដ្ឋាភិបាលសម្រាប់អ្នកក្រីក្រដែលមានតម្លៃ ៣៥ ពាន់លានបាតនឹងត្រូវស្នើទៅការិយាល័យថវិកាក្នុងរយៈពេល ២ សប្ដាហ៍ក្រោយ។
ដំណាក់កាលទី ២ រួមមានលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុរបស់រដ្ឋាភិបាល និងការអប់រំមិនមានការបង្ខិតបង្ខំដូចជាវគ្គបណ្ដុះបណ្ដាលដើម្បីកែលម្អជំនាញអាជីព ការងារ និងតម្រូវការជាមូលដ្ឋាន ៤ នៃការរស់នៅគឺ អាហារ ផ្ទះ សម្លៀកបំពាក់ និងថ្នាំពេទ្យ។
រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ដំណាក់កាលទី ២ នេះនឹងជំរុញប្រជាជន ១ លាននាក់ឆ្លងផុតខ្សែបន្ទាត់នៃភាពក្រីក្រក្នុងចំណោមប្រជាជន ៥ លាននាក់ដែលរស់នៅក្នុងភាពក្រីក្រ៕ LA