ក្រុងបាងកកៈ ​ទោះបី​មាន​ការ​ព្រួយបារម្ភ​ជា​បន្ត​ចំពោះ​តម្លៃ​ប្រាក់​បាត​ក៏​រដ្ឋាភិបាល​ថៃ​នៅ​តែ​មាន​ភាព​សុទិដ្ឋិនិយម​អំពី​ចក្ខុវិស័យ​នាំ​ចេញ​អង្ករ​របស់​ខ្លួន ជាពិសេស​អង្ករ​ម្លិះ​ក្រអូប ដែល​ជា​អង្ករ​គុណភាព​ខ្ពស់​ត្រូវ​បាន​នាំចេញ​ទៅ​ទីក្រុង​ហុងកុង ដែល​រដ្ឋាភិបាល​ថៃ​រំពឹង​ថា​ការ​នាំ​ចេញ​អង្ករ​អាច​នឹង​កើនឡើង​ដល់ ២១៥ ០០០ ​តោន​ក្នុង​ឆ្នាំ​នេះ​។

លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹងថា ឆ្នាំ​មុន​ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ម្លិះ​ក្រអូប ២០៦ ១៥៣ ​តោន​ទៅ​ទីក្រុង​ហុងកុង កើនឡើង​ពី​ចំនួន ១៨៧ ០៩២ ​តោន​ក្នុង​ឆ្នាំ​​ ២០១៦​។

លោក​បន្ត​ថា​៖ «​កាលពី​ឆ្នាំ​មុន​គឺជា​លើក​ដំបូង​ដែល​ការ​នាំ​ចេញ​អង្ករ​ម្លិះ​ក្រអូប​របស់​ប្រទេស​ថៃ​ទៅ​កាន់​ទីក្រុង​ហុងកុង​កើនឡើង​ច្រើន​ជាង​ ២០ ​ម៉ឺន​តោន​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧ ​មក​»​។

លោក Sontirat បាន​កោតសរសើរ​ខ្លាំង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​រួម​មាន​ក្រុមហ៊ុន​កែច្នៃ​អង្ករ ក្រុមហ៊ុន​នាំ​ចេញ និង​កសិករ​ក្នុង​ការ​បន្ត​រក្សា​គុណភាព​អង្ករ និង​ពង្រីក​ទីផ្សារ​អង្ករ​ម្លិះ​ក្រអូប​ប្រភេទ​ថ្មី ដូចជា​អង្ករ​សរីរាង្គ និង​អង្ករ​ប្រភេទ riceberry ជាដើម​។

ទីក្រុង​ហុងកុង គឺជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​ទី​ ៣ ​របស់​អង្ករ​ម្លិះ​ក្រអូប​ថៃ បន្ទាប់ពី​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​។

លោក Sontirat ថ្លែង​ថា​៖ «​ឆ្នាំ​នេះ​បើ​ទោះ​ជា​តម្លៃ​អង្ករ​ម្លិះ​ក្រអូប អាច​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ជាង​ ១០០០ ​ដុល្លារ (៣៣០០០ ​បាត​) ​ក្នុង​មួយ​តោន​ក្តី តម្រូវការ​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ទីក្រុង​ហុងកុង ដែល​ប្រជាជន​នៅ​ចូលចិត្ត​អង្ករ​ប្រភេទ​នេះ​»​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​រាយការណ៍​ថា ការ​នាំ​ចេញ​អង្ករ​ម្លិះ​ក្រអូប​បាន​ផ្តល់​ចំណូល​ឲ្យ​ប្រទេស​ថៃ​ចំនួន​ ៤២ ​ពាន់​លាន​បាត​កាលពី​ឆ្នាំ​មុន ដោយ​សហរដ្ឋអាមេរិក​ចូលរួម​ចំណែក ២៨ ​ភាគរយ ប្រទេស​ចិន​ ១៥ ​ភាគរយ ទីក្រុង​ហុងកុង ១១ ​ភាគរយ អ៊ីរ៉ង់ ៦ ​ភាគរយ និង​ប្រទេស​កាណាដា ៥ ​ភាគរយ​។

ក្រសួង​ពាណិជ្ជកម្ម​ថៃ​ព្យាករ​ថា ការ​នាំចេញ​អង្ករ​អាច​នឹង​មាន​ចំនួន ៩,៥ ​លាន​តោន​ក្នុង​ឆ្នាំ​នេះ​ពោល​គឺ​ធ្លាក់​ចុះ​បើ​ធៀប​នឹង​ការ​នាំ​ចេញ​អង្ករ​ខ្ពស់​បំផុត​ចំនួន ១១,៦ ​លាន​តោន​ក្នុង​ឆ្នាំ​ ២០១៧ ដែល​មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី​ ៣៧០ ​ដុល្លារ​ដល់​ ៤៥០ ​ដុល្លារ​ក្នុង​មួយ​តោន​។

តែ​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​មួយ​ចំនួន​នាពេល​ថ្មីៗ​នេះ​អំពី​ប្រាក់​បាត​ដែល​មាន​តម្លៃ​ខ្ពស់ ដោយ​បាន​លើក​ឡើង​ថា ការ​ព្យាករ​នាពេល​ថ្មីៗ​នេះ​ស្តីពី​ការ​នាំ​ចេញ​អង្ករ​ចំនួន ៩,៥ ​លាន​តោន​អាច​ពិបាក​នឹង​សម្រេច​ទៅ​បាន​។

លោក Charoen Laothammatas ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​ថៃ​បាន​ឲ្យ​ដឹង​ថា ដោយសារ​កំណើន​ថ្លៃ​ប្រាក់​បាត ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ភាគច្រើន​នឹង​សម្រេច​មិន​លក់​អង្ករ ដោយសារ​ការ​ភ័យ​ខ្លាច​ពី​ការ​ខាតបង់​ដោយសារ​អត្រា​ប្តូរប្រាក់​បរទេស​។ ទីបំផុត​បញ្ហា​នេះ​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​កសិករ ដោយសារ​ក្រុមហ៊ុន​នាំ​ចេញ​ពន្យារ​ពេល​ទិញ​អង្ករ​៕ BP