ក្រុងបាងកកៈ គណៈរដ្ឋមន្ត្រីថៃបានសម្រេចកំណត់តម្លៃអំពៅចុងក្រោយក្នុងតម្លៃ ១០៨៣,៨៦ បាត (ប្រហែល ៣៤,១៤ ដុល្លារ) ក្នុងមួយតោនសម្រាប់ឆ្នាំកែច្នៃអំពៅ ២០១៦-២០១៧ ។ តម្លៃនេះខ្ពស់ជាងតម្លៃដែលកំណត់ដំបូង។
លោក Nathporn Chatusripitak ទីប្រឹក្សារបស់រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថាតម្លៃចុងក្រោយនេះគឺសម្រាប់ស្ករអំពៅពាណិជ្ជកម្ម (CCS) ដែលមានកម្រិតជាតិផ្អែម ១០។
ស្ករអំពៅពាណិជ្ជកម្មវាស់វែងកម្រិតជាតិផ្អែមរបស់អំពៅដោយមានសមាសធាតុស្ករកាន់តែខ្ពស់ធ្វើឲ្យមានទិន្នផលស្ករសកាន់តែច្រើន និងទទួលបានស្ករអំពៅពាណិជ្ជកម្មកាន់តែច្រើន។
កាលពីថ្ងៃអង្គារ គណៈរដ្ឋមន្ត្រីថៃក៏បានកំណត់កំណើនតម្លៃអំពៅដែលស្មើនឹង ៦៥,០៣ បាតក្នុងមួយតោនផងដែរសម្រាប់ស្ករអំពៅពាណិជ្ជកម្ម។
ប្រាក់ចំណេញសម្រាប់ផលិតកម្មស្ករ និងការចែកចាយត្រូវបានកំណត់ក្នុងតម្លៃ ៤៦៤,៥១ បាតក្នុងមួយតោនសម្រាប់អំពៅដែលត្រូវបានកិន។
ឧស្សាហកម្មផលិតស្ករអំពៅត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយរដ្ឋាភិបាល គិតចាប់តាំងពីមានច្បាប់ស្តីពីអំពៅ និងស្ករសកាលពីឆ្នាំ ១៩៨៤ មក។
ផ្នែកសំខាន់នៃច្បាប់នេះរួមមាន ការគ្រប់គ្រងផលិតផលកម្មអំពៅ ការបែងចែកកូតាលក់ ការកំណត់តម្លៃលក់អំពៅ និងស្ករស និងប្រព័ន្ធបែងចែកប្រាក់ចំណូល។
តម្លៃអំពៅត្រូវបានកំណត់ផ្អែកលើមូលដ្ឋានប្រចាំឆ្នាំរបស់ការិយាល័យក្រុមប្រឹក្សាអំពៅ និងស្ករស និងត្រូវបានប្រកាសក្នុងខែតុលា។
ក្រុមប្រឹក្សានេះព្យាករពីប្រាក់ចំណូលដែលទទួលបានពីការលក់ស្ករសដើម្បីកំណត់តម្លៃអំពៅជាបឋម។ តម្លៃនេះត្រូវបានប្រើប្រាស់ដោយរោងចក្រកែច្នៃស្ករស ធ្វើជាមូលដ្ឋានសម្រាប់គណនាតម្លៃបឋមដែលត្រូវចំណាយឲ្យកសិករ។
នៅចុងវដ្ដផលិតកម្មស្ករសដែលជាធម្មតានៅខែកញ្ញាក្រុមប្រឹក្សាអំពៅ និងស្ករស វាយតម្លៃឡើងវិញលើប្រាក់ចំណូលពីការលក់ស្ករ ហើយប្រកាសតម្លៃអំពៅចុងក្រោយ៕ BP