ក្រុងបាងកកៈ រដ្ឋាភិបាលថៃ មានផែនការកាត់បន្ថយផ្ទៃដីដាំដុះកៅស៊ូនៅឆ្នាំនេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាបន្តរបស់ខ្លួន ក្នុងការជំរុញតម្លៃកៅស៊ូក្នុងស្រុក។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានប្រាប់ក្រុមមន្ត្រីជាន់ខ្ពស់មកពីក្រសួងកសិកម្ម និងសហករណ៍កាលពីថ្ងៃចន្ទថា ក្រសួងគួរព្យាយាមកាត់បន្ថយផ្ទៃដីដាំដុះ កៅស៊ូចំនួន ២ សែនរ៉ៃបន្ថែមទៀតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
រដ្ឋាភិបាលថៃប្តេជ្ញាគាំទ្រកសិករដាំកៅស៊ូដោយផ្តល់ជាថវិកាចំនួន ១៦ ០០០ បាតក្នុងមួយរ៉ៃសម្រាប់កសិករដែលបានចូលរួមជាមួយគម្រោងរបស់រដ្ឋាភិបាល តែកំណត់កសិករឲ្យដាំដុះតែ ១០ រ៉ៃប៉ុណ្ណោះក្នុងមួយគ្រួសារ។
ទោះជាមានគម្រោងនេះក៏ដោយ ក៏តម្លៃកៅស៊ូនៅតែមិនកើនឡើង។
ផ្ទៃដីចម្ការកៅស៊ូរបស់ប្រទេសថៃបច្ចុប្បន្នត្រូវបានប៉ាន់ប្រមាណថាមានចំនួនពី ១៨ ទៅ ២០ លានរ៉ៃ៕ KC