ក្រុងបាងកកៈ រដ្ឋាភិបាលថៃកំពុងជំរុញឲ្យបណ្ដាប្រទេសជិតខាងទាំង ៤ របស់ខ្លួនចាប់យកឱកាសពីទីផ្សាររួមរបស់អាស៊ាន និងសហការជាមួយប្រទេសជាសមាជិកទាំង ១០ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានលក្ខណៈប្រកបដោយស្ថិរភាព។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ជាមួយនឹងឱកាសថ្មីៗ តំបន់សេដ្ឋកិច្ចពិសេស (SEZ) ដើរតួនាទីជាគម្រោងដ៏សំខាន់មួយ ដោយតភ្ជាប់ប្រទេស ថៃ និងប្រទេសក្បែរខាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលប្រទេសទាំងអស់នេះមានសក្ដានុពលកំណើនដ៏រឹងមាំ។
លោក Uttama Savanayana រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្មថៃបានឲ្យដឹងថា បណ្ដាប្រទេសអាស៊ាន មាន SEZ ប្រហែល ១ ០០០ កន្លែង ដែលតំណាង ២០ ភាគរយនៃ SEZ ចំនួន ៤ ៥០០ កន្លែងទូទាំងពិភពលោកក្នុងទីក្រុងចំនួន ២៧០។
លោកថ្លែងថា គម្រោងរបស់ SEZ នឹងរួមចំណែក ២០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសនីមួយៗ និងបង្កើនប្រាក់ចំណូលកម្មករជាមធ្យម ៨ ភាគរយជាមធ្យមក្នុងមួយឆ្នាំ។
ក្នុងសិក្ខាសាលាមួយស្តីពី «SEZ របស់អាស៊ាន៖ សករាជថ្មីនៃការវិនិយោគពិភពលោក» នៅឯកិច្ចប្រជុំកំពូល SEZ អាស៊ាន ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Bangkok Post Group លោក Uttama បានថ្លែងថា៖ «គម្រោង SEZ នឹងធ្វើឲ្យប្រសើរ និងអភិវឌ្ឍឡើងដើម្បីផ្ដល់កំណើនសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសអាស៊ាន»។
ក្នុងប្រទេស ថៃ រដ្ឋាភិបាលបានចាប់ផ្ដើមបង្កើត SEZ ចំនួន ១០ នៅក្នុងខេត្តជាប់ព្រំដែនកាលពីឆ្នាំ ២០១៥ ហើយទីតាំង SEZ ក្នុងខេត្តមួយចំនួនទៀតកំពុងស្ថិតក្នុងដំណើរការ។
លើសពីនេះទៀត រដ្ឋាភិបាលថៃកំពុងធ្វើការងារយ៉ាងខ្លាំងលើផែនការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ដែលបានមើលឃើញថាជាមជ្ឈមណ្ឌលផលិតកម្មអាស៊ាន ដែលផ្ដល់តំបន់លើកកម្ពស់សេវាកម្មពិសេសចំនួន ៤៤។
ក្រៅពី SEZ របស់ថៃ ប្រទេស ឡាវ មាន SEZ ចំនួន ១៥ និងមីយ៉ាន់ម៉ាមានចំនួន ២០។
ម៉ាឡេស៊ី ដំណើរការ SEZ ចំនួន ១៨ តំបន់លើកកម្ពស់សេវាកម្មពិសេស ៣០០ និងសួនឧស្សាហកម្មបច្ចេកវិទ្យាចំនួន ៦ ខណៈវៀតណាមមាន SEZ ចំនួន ១៨ តំបន់លើកកម្ពស់សេវាកម្មពិសេសចំនួន ២៩២ និងសួនឧស្សាហកម្មបច្ចេកវិទ្យាចំនួន ៣។
សិង្ហបុរី មានចំនួន SEZ ២ សួនអេកូឧស្សាហកម្ម ២ និងមជ្ឈមណ្ឌលបច្ចេកវិទ្យា ១។
លោកUttama ថ្លែងថា៖ «អាស៊ានគួរតែធ្វើឲ្យតំបន់ឧស្សាហកម្មទាំងអស់ដំណើរការស្របពេលគ្នា ដើម្បីក្លាយជាមូលដ្ឋានផលិតរួម ហើយ SEZ ជាច្រើនក្នុងតំបន់នេះ អាចគាំទ្រសេដ្ឋកិច្ចអាស៊ាន»។
លោកបន្តថា៖ «សមាជិកទាំង អស់គួរតែសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍចង្វាក់តម្លៃឧស្សាហកម្ម ចក្ខុវិស័យឌីជីថល និងនវានុវត្តន៍ ដើម្បីកាត់បន្ថយបញ្ហាវិសមភាពក្នុងតំបន់»។
លោកស្រី Somhatai Panichewa ប្រធាន Amata VN Plc ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនថៃបានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ប្រទេសជិតខាង ៤ របស់ថៃ អាចសហការ និងគាំទ្រការវិនិយោគថ្មីនៅអាស៊ាន ដើម្បីកាត់បន្ថយការិយាធិបតេយ្យផ្នែកគយ និងជួយដល់ក្រុមវិនិយោគិន។
ប្រទេសទាំង ៤ កំពុងអភិវឌ្ឍការតភ្ជាប់ផ្នែកដឹកជញ្ជូន ដូចជាការតភ្ជាប់ផ្លូវប្រទេស ថៃ និង មីយ៉ាន់ម៉ាទៅកំពង់ផែ Dawei កំពង់ផែក្រុងព្រះសីហនុរបស់ប្រទេស កម្ពុជា និងកំពង់ផែ Vung Tau របស់វៀតណាម។
លោកស្រីបានថ្លែងទៀតថា៖ «ហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធទាំងអស់ នឹងជួយគាំទ្រសេដ្ឋកិច្ចអាស៊ានសម្រាប់កំណើនប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង»៕ LA