ក្រុង​ឡុងដ៍ៈ ទីក្រុង​វ៉ាស៊ីនតោន​​កំពុង​ពឹង​ផ្អែក​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ជួយ​បង្ការ​មិន​ឲ្យ​តម្លៃ​ប្រេង​កើនឡើង​ខ្លាំង​ដោយសារ​​ការ​ដាក់​ទណ្ឌកម្ម​​លើ​ការ​នាំចេញ​ប្រេង​របស់​​ប្រទេស ​អ៊ីរ៉ង់ ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ព្រមាន​ថា ការណ៍​នេះ ​អាច​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​​បន្ថែម​​ទៀត​ដល់​តុល្យភាព​ដែល​មាន​ភាព​គ្រោះ​ថ្នាក់​រួច​ស្រាប់​ទៅ​ហើយ​​ក្នុង​អង្គការ OPEC។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់ រួម​ទាំង​លើ​ការ​នាំចេញ​ប្រេង​ឆៅ​របស់​ប្រទេស​នេះ​ផង​ដែរ បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ដក​​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពហុភាគី​មួយ​ដែល​ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​នេះ។ ទីក្រុង​តេអេរ៉ង់​បាន​កាត់​បន្ថយ​ជា​បណ្តើរ​នូវ​សកម្មភាព​នុយក្លេអ៊ែរ​របស់​ខ្លួន។

ចាប់​តាំង​ពី​ពេល​នោះ​មក លោក ត្រាំ បាន​ជំរុញ​ដដែលៗ​ឲ្យ​អង្គការ OPEC បង្កើន​ការ​ផ្គត់ផ្គង់​ប្រេង ដើម្បី​រក្សា​តម្លៃ​ប្រេង​ឲ្យ​មាន​ស្ថិរភាព។

ទោះ​ជា​យ៉ាង​ណា ខណៈ​ដែល​​​អង្គការ OPEC បច្ចុប្បន្ន​អាច​ចាំបាច់​ត្រូវ​ប៉ះប៉ូវ​ការ​បាត់​បង់​ទិន្នផល​​ពី​ប្រទេស ​អ៊ីរ៉ង់​ ដែល​ជា​​សមាជិក​ស្ថាបនិក​របស់​អង្គការ​​នេះ​នោះ ​ចំណាត់​ការ​បែប​​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដល់​អង្គការ​នេះ។

លោក Bjarne Schieldrop អ្នក​វិភាគ ​១ ​រូប មក​ពី​​ធនាគារ​ SEB របស់​ប្រទេស ​ស្វ៊ីស បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អារ៉ាប៊ីសាអ៊ូឌីត (ដែល​ជា​មេ​ដឹកនាំ​របស់​អង្គការ​នេះ) ជួយ​​អាមេរិក វា​ហាក់​ដូច​ជា​ថា អារ៉ាប៊ីសាអ៊ូឌីត​កំពុង​វាយ​ប្រហារ​ដោយ​ប្រយោល​លើ​អ៊ីរ៉ង់»។

ភាព​តានតឹង​ទំនង​ជា​នឹង​កើត​មាន​ខ្លាំង​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាប់​​របស់​អង្គការ OPEC ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ចុង​ខែ​មិថុនា​ក្នុង​ទីក្រុង​វីយែន។

លោក Schieldrop ថ្លែង​ថា៖ «វា​អាច​ជា​ការ​បញ្ចប់​របស់​អង្គការ OPEC ដូច​ដែល​យើង​បាន​ដឹង​វា​អ៊ីចឹង»។

ប្រទេស ​អ៊ីរ៉ង់ ដែល​ជា​សមាជិក​​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​អង្គការ OPEC បន្ទាប់​ពី​អារ៉ាប៊ីសាអ៊ូឌីត ជា​ធម្មតា​មាន​ទំនោរ​ទៅ​រក​ការ​បន្ទាប​ទិន្នផល​ប្រេង​រួម​របស់​អង្គការ​នេះ ដើម្បី​បង្កើន​​​តម្លៃ​ប្រេង​ឆៅ និង​ការពារ​​ប្រាក់​ចំណូល​ដ៏​មាន​តម្លៃ​ពី​ប្រេង៕ AFP/KC