ក្រុងប៉ារីសៈ សេចក្តីសម្រេចរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយប្រទេស អុីរ៉ង់ និងការដាក់ទណ្ឌកម្មជាថ្មីលើប្រទេសនេះ បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់អឺរ៉ុប។
ខណៈសហភាពអឺរ៉ុបទទូចថា ខ្លួននឹងគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះដើម្បីឲ្យមានពាណិជ្ជកម្មបន្តជាមួយប្រទេស អុីរ៉ង់ នោះ ក្រុមហ៊ុនអឺរ៉ុបមានការភ័យខ្លាចពីការរងប៉ះពាល់ដោយសារទណ្ឌកម្មរបស់អាមេរិក ហើយក្រុមហ៊ុនជាច្រើនបានកាត់បន្ថយវត្តមានរបស់ពួកគេរួចហើយ។
ខាងក្រោមនេះជាទិដ្ឋភាពរួមមួយដែលក្រុមហ៊ុនទាំងនោះអាចនឹងរងប៉ះពាល់៖
វិស័យផលិតកម្មរថយន្ត
ទណ្ឌកម្មដែលបានដាក់ចេញកាលពីខែសីហាបានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តធំៗភ័យខ្លាច និងមានការប្រុងប្រយ័ត្នចំពោះអនាគតរបស់ពួកគេក្នុងប្រទេស អុីរ៉ង់ និងគិតពីអត្ថប្រយោជន៍ធំជាងនេះរបស់ពួកគេនៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនផលិតរថយន្ត Daimler របស់អាល្លឺម៉ង់ ដែលរកស៊ីរួមគ្នាជាមួយក្រុមហ៊ុនចំនួន ២ របស់អុីរ៉ង់ ដើម្បីដំឡើងរថយន្ត Mercedes-Benz បានឲ្យដឹងថា ខ្លួនបានសម្រេចមិនបន្តទៅមុខទៀត។
ក្រុមហ៊ុន Volkswagen (VW) បានឲ្យដឹងកាលពីឆ្នាំមុនថា ខ្លួនគ្រោងបន្តអាជីវកម្មឡើងវិញនៅអុីរ៉ង់បន្ទាប់ពីផ្អាករយៈពេល ១៧ ឆ្នាំ ប៉ុន្តែមានការប្រុងប្រយ័ត្នខ្លាំងចំពោះសេចក្តីសម្រេចថ្មីៗបំផុតរបស់អាមេរិក។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន VW បានមានប្រសាសន៍ថា ក្រុមហ៊ុន VW «អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ និងបទប្បញ្ញត្តិទាំងអស់ពាក់ព័ន្ធនឹងការនាំចេញ»។
ក្រុមហ៊ុនផលិតរថយន្តបារាំង Renault និង PSA ដែលលក់ក្នុងប្រទេស អុីរ៉ង់ នោះ ក៏បានសម្តែងក្តីបារម្ភផងដែរ។
ក្រុមហ៊ុន PSA ដែលផលិតរថយន្តម៉ាក Peugeot, Citroen និង Opel បានឲ្យដឹងកាលពីខែមិថុនាថា ខ្លួនកំពុងរៀបចំផ្អាកសកម្មភាពក្នុងប្រទេស អុីរ៉ង់។
ក្រុមហ៊ុន Renault បានឲ្យដឹងថា ខ្លួនមានបំណងបន្តសកម្មភាពរបស់ខ្លួនក្នុងប្រទេសរងទណ្ឌកម្មមួយនេះ ប៉ុន្តែត្រៀមខ្លួន «កាត់បន្ថយខ្លាំង» បើចាំបាច់។
វិស័យអាកាសចរណ៍
វិស័យអាកាសចរណ៍បានមើលឃើញថា កិច្ចសន្យាជាច្រើនត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ខណៈប្រទេស អីុរ៉ង់ គ្រោងនឹងធ្វើទំនើបភាវូបនីយកម្មយន្តហោះចាស់ៗរបស់ខ្លួន។
ក្រុមហ៊ុន Airbus បានកត់ត្រាការបញ្ជាទិញយន្តហោះចំនួន ១០០ គ្រឿង ហើយសម្លឹងឆ្ពោះទៅរកការលក់បន្ថែមទៀត។
ទោះយ៉ាងណាក្តី ការបាត់បង់អាជីវកម្មដ៏មានសក្តានុពលក្នុងប្រទេស អុីរ៉ង់ នឹងមិនប៉ះពាល់ខ្លាំងទៅលើក្រុមហ៊ុន Airbus ទេដោយសារសៀវភៅបញ្ជាទិញលក់យន្តហោះសរុបប្រមាណ ៧ ១៦៨ គ្រឿង របស់ខ្លួនបានបញ្ចប់នៅចុងខែមិថុនា។
វិស័យប្រេង
ប្រេងជាបញ្ហាសំខាន់ដែលធ្វើឲ្យមានផលប៉ះពាល់សកលលោកសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ខណៈទីក្រុងវ៉ាស៊ីនតោនមានបំណងកាត់ផ្តាច់ប្រភពចំណូលបរទេសដ៏សំខាន់របស់ប្រទេស អុីរ៉ង់។
ក្រុមហ៊ុនប្រេង Total របស់ប្រទសបារាំងបានប្រកាសកាលពីខែសីហាថា ខ្លួនកំពុងដកខ្លួនចេញពីគម្រោងឧស្ម័នធម្មជាតិដ៏ធំមួយក្នុងប្រទេស អុីរ៉ង់។
ទន្ទឹមនេះដែរ ក្រុមហ៊ុនប្រេង ENI របស់ប្រទេស អុីតាលី មានកិច្ចសន្យាមួយដើម្បីខួងយកប្រេង ២ លានបារ៉ែលក្នុងមួយខែ ដែលកិច្ចសន្យានេះនឹងមិនបន្តជាថ្មីនៅពេលកិច្ចសន្យានេះចប់នៅឆ្នាំនេះ។
ក្រុមហ៊ុនវិស្វកម្ម Siemens របស់អាល្លឺម៉ង់ បានចុះកិច្ចសន្យាមួយកាលពីឆ្នាំ ២០១៦ ដើម្បីផ្គត់ផ្គង់តួប៊ីន (turbine) ទៅក្រុមហ៊ុនអីុរ៉ង់ Mapna។
អ្នកនាំពាក្យក្រុមហ៊ុន Siemens បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមហ៊ុន «នឹងចាត់វិធានការសមស្របដើម្បីធ្វើឲ្យកិច្ចការរបស់ខ្លួនអនុលោមតាមក្របខ័ណ្ឌពហុភាគីពាក់ព័ន្ធនឹងអុីរ៉ង់»។
ផ្លូវដែក និងផលិតកម្មនាវា
ប្រទេស អុីតាលី នឹងត្រូវខាតបង់ច្រើនជាងគេនៅក្នុងវិស័យទាំងនោះ។ ប្រតិបត្តិករផ្លូវដែកជាតិ Ferrovie dello Stato Italiano បានចុះកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០១៧ ដើម្បីកសាងខ្សែរថភ្លើងល្បឿនលឿនភ្ជាប់តំបន់ Qom ទៅ Arak នៅភាគខាងជើងនៃប្រទេស អុីរ៉ង់។
ក្រុមហ៊ុនផលិតនាវា Fincantieri ក្រុមហ៊ុនវិស្វករ Maire Tecnimont និងក្រុមហ៊ុនផលិតឡឧស្ម័ន Immergas បានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេស អុីរ៉ង់ ដែលកិច្ចព្រមព្រៀងទាំងនេះក៏រងការគំរាមកំហែងផងដែរ។
ប្រទេស អុីតាលី គឺជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំបំផុតរបស់អីុរ៉ង់ក្នុងឆ្នាំ ២០១៧ ដោយការនាំចេញរបស់ប្រទេសនេះកើនឡើង ១២,៥ ភាគរយដល់ ១,៧ ពានលានអឺរ៉ូ។
វិស័យទេសចរណ៍
អុីរ៉ង់ គឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលធំមួយ ប៉ុន្តែក្រុមហ៊ុនអឺរ៉ុបនានាបានដកចេញភ្លាមៗបន្ទាប់ពីការប្រកាសដាក់ទណ្ឌកម្មឡើងវិញរបស់អាមេរិកកាលពីខែសីហា។
ក្រុមហ៊ុនអាកាសចរណ៍ British Airways និងក្រុមហ៊ុន Air France បានផ្អាកសេវាកាលពីខែកញ្ញា ដោយនិយាយថា ជើងហោះហើររបស់ខ្លួនមិនអាចរស់រានបាន។
ក្រុមហ៊ុនអាលឺ្លម៉ង់ Lufthansa ក្រុមហ៊ុន Austrian Airlines និងក្រុមហ៊ុន Alitalia នៅពេលឥឡូវនេះបន្តហោះហើរទៅទីក្រុងតេអេរ៉ង់។
សណ្ឋាគារបារាំង Accor Hotels ដែលបើកដំណើរការក្នុងប្រទេស អុីរ៉ង់ ក្នុងឆ្នាំ ២០១៥ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីផែនការរបស់ខ្លួនសម្រាប់ពេលអនាគត។
សណ្ឋាគាររបស់អេស្ប៉ាញ Melia Hotels International ដែលបានចុះកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ដើម្បីបង្កើតសណ្ឋាគារផ្កាយ ៥ នៅប្រទេសអុីរ៉ង់ឈ្មោះ Gran Melia Ghoo បានឲ្យដឹងកាលពីខែវិច្ឆិកាថា ខ្លួននៅតែកំពុងបន្តទៅមុខ៕ AFP/PS