
កសិករកំពុងដឹកផ្លែស្វាយតាមទូកនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីយកមកលក់នៅផ្សារ។ ហេង ជីវ័ន
ភ្នំពេញៈ ទិន្នផលផ្លែស្វាយត្រូវរំពឹងថា នឹងធ្លាក់ចុះនៅឆ្នាំនេះ ដោយសារការប្រែប្រួលអាកាសធាតុដែលនឹងធ្វើឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្វាយ។ នេះបើតាមសមាគមស្វាយកំពង់ស្ពឺ ដែលជាសមាគមផលិតផ្លែឈើក្នុងតំបន់ឈានមុខគេរបស់កម្ពុជា។
លោក អ៊ិន ឆៃវ៉ាន ប្រធានសមាគមស្វាយកំពង់ស្ពឺបានឲ្យដឹងថា ដោយសាររដូវប្រមូលផលទើបចាប់ផ្ដើម ផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ អាចនឹងត្រូវកាត់បន្ថយទិន្នផលប្រហែល ៥០ ភាគរយក្នុងឆ្នាំនេះ។
លោកថ្លែងថា៖ «ការផលិតស្វាយនៅឆ្នាំនេះ នឹងមិនល្អដូចឆ្នាំមុនទេ។ ការប្រែប្រួលអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ច្រើន និងភាពរាំងស្ងួតខ្លាំង នឹងកាត់បន្ថយទិន្នផលស្វាយនៅឆ្នាំនេះ»។ លោកបន្តថា ការប្រមូលផលសំខាន់នឹងត្រូវចាប់ផ្ដើមនៅខែក្រោយ។
លោកលើកឡើងថា៖ «ដោយសារការប្រែប្រួលអាកាសធាតុ ផ្កាស្វាយត្រូវបានបំផ្លាញដោយទឹកភ្លៀង និងភាពរាំងស្ងួត ព្រមទាំងសត្វល្អិតចង្រៃ ខណៈទឹកស្រះនៅក្នុងតំបន់មួយចំនួនបានចាប់ផ្ដើមរីងជាបណ្ដើរៗ»។
រដ្ឋាភិបាលកម្ពុជា កាលពីខែមុនបានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយលើកឡើងពីក្តីបារម្ភទាក់ទងនឹងគ្រោះរាំងស្ងួត ខណៈបាតុភូត El Nino នឹងធ្វើឲ្យមានភាពរាំងស្ងួតរយៈពេលយូរ ដែលនឹងប៉ះពាល់ខ្លាំងដល់ប្រទេស កម្ពុជា ចាប់ពីខែមេសា ដល់ខែឧសភា។
ទោះជាយ៉ាងណា លោកបានលើកឡើងថា រហូតមកដល់ពេលនេះតម្លៃផ្លែស្វាយកើនខ្ពស់ជាងឆ្នាំមុន។ លោកបានថ្លែងថា៖ «តម្លៃមិនប្រែប្រួលច្រើនដូចឆ្នាំមុនទេ ស្វាយរបស់យើងមានតម្រូវការច្រើនពីអ្នកទិញនៅប្រទេស វៀតណាម»។ លោកបន្ថែមថា នៅឆ្នាំនេះសមាគមនេះបានធ្វើការទាក់ទងជាមួយអ្នកទិញនៅវៀតណាមរួចហើយ ជាមួយនឹងតម្លៃ ១ ៥០០ រៀលក្នុង ១ គីឡូក្រាម។
លោកបញ្ជាក់ថា៖ «ទីផ្សារស្វាយមិនមែនជាបញ្ហាសម្រាប់ពួកយើងទេ ខណៈយើងមានរោងចក្រកែច្នៃរួចហើយ ដូច្នេះតម្រូវការ គឺមានរួចហើយ»។ លោកបន្តថា៖ «អ្វីដែលយើងត្រូវធ្វើ គឺលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសដាំដុះ និងបង្កើនទំនុកចិត្តទីផ្សារដល់កសិករតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា»។
រោងចក្រសម្អាតផ្លែឈើគ្រប់គ្រងដោយក្រុមហ៊ុន Hyundai នៅខេត្តកំពង់ស្ពឺ បានបញ្ចប់ការដំឡើងរួចហើយក្នុងខែនេះ និងបន្តផែនការក្នុងការនាំចេញផ្លែស្វាយទៅកាន់ប្រទេស កូរ៉េខាងត្បូង។ ក្រុមហ៊ុននេះគ្រោងនាំចេញផ្លែស្វាយ ចំនួន ១ ៧០០ តោនទៅប្រទេស កូរ៉េ នៅឆ្នាំដំបូង។
អ្នកស្រី គីម ឡា កសិករដាំផ្លែស្វាយនៅក្នុងខេត្តកំពង់ស្ពឺ ដែលជាសមាជិកសមាគមស្វាយកំពង់ស្ពឺ បានឲ្យដឹងថា អ្នកស្រីប្រមូលផលបាន ៦០ តោន លើផ្ទៃដីដាំដុះ ៥ ហិកតានៅរដូវប្រមូលផលលើកដំបូងនេះ។
ទោះយ៉ាងណា អ្នកស្រីលើកឡើងថា នៅរដូវប្រមូលផលបន្ទាប់ (ចាប់ផ្ដើមពីខែមីនា) ទិន្នផលប្រហែលមិនកើនទេ ដោយសារអាកាសធាតុក្ដៅខ្លាំងពេក។ អ្នកស្រីថ្លែងថា៖ «ពេលនេះខ្ញុំកំពុងបារម្ភពីការប្រមូលផលនារដូវកាលខាងមុខ ដោយសារតែអាកាសធាតុក្ដៅ និងស្ងួត ខ្ញុំបារម្ភថាដើមស្វាយមិនអាចផ្ដល់ផ្លែស្វាយធំៗច្រើនទេ»៕ LA