ភ្នំពេញ: អ្នកវិនិយោគិនក្នុងស្រុកបានបោះទុនវិនិយោគទឹកប្រាក់ប្រមាណជា ១០០ លានដុល្លារអាមេរិក សាងសង់ទីក្រុងថ្មីមួយក្នុងខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃតម្រូវការនៃខេត្តទឹកដីតំបន់ ឆ្នេរសមុទ្រមួយនេះ។
គម្រោងសាងសង់នេះត្រូវបានវិនិយោគដោយក្រុមហ៊ុន លន ស៊ីធី មានទីតាំងស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានសម្ពោធសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី ២២ ខែកុម្ភៈ កន្លងមកនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត។
លោក តុល លន ស្ថាបនិក ក្រុមហ៊ុន លន ស៊ីធី ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងនេះនឹងអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦៦ ហិកតា ដែលមានការសាងសង់ជាលំនៅឋាន ផ្ទះល្វែង បុរី វីឡា សម្រាប់លក់ជូនអតិថិជន និងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយប្រេងឥន្ធនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម ដែលមានទុនវិនិយោគជាង ១០០ លានដុល្លារអាមេរិក។
លោកបានថ្លែងថា៖ «ជាមួយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ បង្កឱកាសដល់វិនិយោគិនមានទំនុកចិត្តក្នុងការបោះទុនវិនិយោគលើគម្រោងនានា»។
លោ គួច ចំរើន អភិបាលខេត្តព្រះសីហនុដែលបានចូលរួមជាអធិបតីភាពក្នុងកម្មវិធីនោះបានលើកឡើងថា ស្របពេលដែលខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារតូច ធំ ក្នុងក្រុងព្រះសីហនុ ក៏ដូចជាតាមតំបន់ទេសចរណ៍នានា ហើយមួយវិញទៀតខេត្តព្រះសីហនុ សម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ដើម្បីឱ្យភ្ញៀវមកទស្សនា និងលេងកម្សាន្ត។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ទោះបីជាប្រទេសកម្ពុជា និងពិភពលោកព្រួយបារម្ភចំពោះជំងឺកូវីដ១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅឋានក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់»។
បើយោងតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងក្នុងសន្និសីទសារព័ត៌មានកន្លងមកថា បើគិតចាប់ពីឆ្នាំ ១៩៩៤ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២០ ខេត្តព្រះសីហនុមានក្រុមហ៊ុនចំនួន ២០ បានមកវិនិយោគលើគម្រោងអភិវឌ្ឍន៍លើកោះ និងឆ្នេរសមុទ្រនៅលើផ្ទៃដីសរុប ១១ ៦៣៧ ហិកតា ដោយមានទុនវិនិយោគសរុបជាង ៣,៩ ពាន់លានដុល្លារ។
លោកថ្លែងថា៖ «ការវិនិយោគយើងបើកទូលាយ យើងចង់បានអ្នកវិនិយោគ និងអ្នកទេសចរមកពីបរទេស ដោយយើងអត់កំណត់ទិសដៅមកពីប្រទេសណាទេ»។
លោកឱ្យដឹងទៀតថា ជាមួយគ្នានេះខេត្តព្រះសីហនុក៏ទទួលបានគម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារចំនួន ៦០ ដោយមានទុនវិនិយោគសរុបជាង ១០,៧៤ ពាន់លានដុល្លារ គិតមកដល់ពេលនេះ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ដ្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដ-ក្រុងព្រះសីហនុកាលពីដើមខែមិថុនាឆ្នាំមុនថា ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធខេត្ដព្រះសីហនុដោយរាជរដ្ឋាភិបាលបានកំណត់ផែនការក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុក្នុងចក្ខុវិស័យឆ្នាំ ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តនេះជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០ លានដុល្លារ ក្នុងការកសាងផ្លូវចំនួន ៣៤ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុដែលជាផ្លូវប្រកបដោយប្រណីតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «តាមរយៈការអភិវឌ្ឍ ខេត្ដនេះជាទីក្រុងទំនើបជាមួយរមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស ខេត្ដនេះក៏នឹងបម្រើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ»៕ LA