ភ្នំពេញៈ ទីតាំង​ល្បាយខ្សាច់​សមុទ្រ​ចំនួន ៧ ​ទីតាំង​ ស្ថិតក្នុង​ខេត្តកោះកុង និង​ព្រះសីហនុ​ដែលមាន​ទំហំ​ជាង ២ ០០០ ​ហិកតា ​ត្រូវ​ក្រសួង​រ៉ែ និង​ថាមពល ប្រកាស​ឱ្យ​ដាក់ពាក្យ​ដេញថ្លៃ​ជា​សាធារណៈ​ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំងអស់​ដែល​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ថ្ងៃទី​ ៥ ខែមករា ឱ្យដឹងថា តំបន់​ដែល​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ​ចំនួន ៣ ​ទីតាំង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​មាន​ទំហំ​សរុប ១ ៤៥៥ ​ហិកតា ​ក្នុង​នោះ ១០៩ ហិកតា និង ៨៨២ ​ហិកតា​ស្ថិត​ក្នុង​ស្រុក​បទុមសាគរ និង ៤៦៤ ហិកតា​ទៀត​ស្ថិតនៅ​ក្នុងស្រុក​ស្រែអំបិល​។

ចំណែក​តំបន់ ៤ ​ទៀត​ដែល​ត្រូវ​ដាក់ឱ្យ​ដេញថ្លៃ​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ​មាន​ទំហំ​សរុប ៦៦៨,២ ​ហិកតា ​ក្នុង​នោះ​ទំហំ ៣១៨,៧០ ​ហិកតា និង ៨១,៥០ ​ហិកតា​ស្ថិត​នៅ​ក្នុងស្រុក​ស្ទឹងហាវ​ហើយ ៦០ ហិកតា និង ២២៨ ​ហិកតា​ទៀត​ស្ថិតក្នុង​ស្រុក​ព្រៃនប់​។

សេចក្តី​ជូនដំណឹង​ឱ្យដឹងថា​៖ «​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ចូលរួម​ការដេញថ្លៃ​ធ្វើ​អាជីវកម្ម​នៅ​ទីតាំង​ខាងលើ​អាច​ចាត់​តំណាង​ស្របច្បាប់ ឬ​ប្រធាន​ក្រុមហ៊ុន​មក​ទទួល​ពាក្យ និង​ចុះឈ្មោះ​នៅ​នាយកដ្ឋាន​អាជីវកម្ម​រ៉ែ​ខ្សាច់​សំណង់​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ស្ថិត​នៅ​សង្កាត់​ផ្សារថ្មី​ ៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូត​ដល់​ថ្ងៃទី​ ១៩ មករា ឆ្នាំនេះ​»​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា ក្រុមហ៊ុន​មួយ​អាច​ស្នើសុំ​ធ្វើ​អាជីវកម្ម​ច្រើន​ទីតាំង ប៉ុន្តែ​ក្រុមហ៊ុន​ដែលមាន​សម្ព័ន្ធភាព​ជាមួយ​គ្នា ឬ​មាន​ប្រភព​តែ​ ១ អាច​ទទួល​យក​ឯកសារ​ប្រកួតប្រជែង​បានតែ​ ១ ​គត់​សម្រាប់​ ១ ​ទីតាំង​។

លោក ជួន សុខជា អនុប្រធាន​នាយកដ្ឋាន​អាជីវកម្ម​រ៉ែ​ខ្សាច់​សំណង់​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រាប់ថា ក្រុមមន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ចុះ​សិក្សា និង​វាយតម្លៃ​ដោយ​សម្គាល់ថា តំបន់​ទាំងនេះ​នឹង​អាច​ធ្វើ​អាជីវកម្ម​បាន​។

លោក​អះអាងថា​៖ «​មុន​ឈាន​ទៅ​ដល់​ការដាក់​ដេញថ្លៃ​ឱ្យធ្វើ​អាជីវកម្ម​នៅ​តំបន់​ទាំង​ ៧ នេះ​អ្នកជំនាញ​របស់​ក្រសួង​បាន​ចុះ​សិក្សា និង​វាយតម្លៃ​ដោយ​សង្កេតឃើញ​ថា តំបន់​ទាំងនេះ​អាច​យក​ផលប្រយោជន៍​ជួយ​សេដ្ឋកិច្ចជាតិ​បាន ហើយ​តំបន់​ទាំងនេះ​មិន​ធ្លាប់​មាន​ការបូម​យក​ខ្សាច់​ពីមុនមក​ទេ​»​។

លោក យស់ មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​បាន​ប្រាប់ថា ការបើក​តំបន់​ឱ្យមាន​ការដេញថ្លៃ​ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នៅតាម​តំបន់​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង​គឺ​អនុញ្ញាត​ឱ្យ​បូម​ខ្សាច់​តែ​តាម​មាត់​ស្ទឹង​ដែល​ជា​មុខទឹក​ចេញពី​ស្ទឹង​នីមួយៗ​នៃ​ដៃសមុទ្រ​។ លោក​បន្តថា​៖ «​ការផ្តល់​អាជ្ញាប័ណ្ណ​ឱ្យធ្វើ​អាជីវកម្ម​ទាំងនេះ​សម្រាប់តែ​ផ្គត់ផ្គង់​ក្នុងស្រុក​ប៉ុណ្ណោះ​»​។

លោក​បន្ថែមថា ក្រុមហ៊ុន​ទាំងនោះ​នឹង​អាច​ចូលរួម​ដេញថ្លៃ​ដោយ​តម្រូវឱ្យ​សិក្សា​ពី​សក្តានុពល​ធនធាន​រ៉ែ​ជាមុនសិន​។

លោក​និយាយថា​៖ «​យើង​នឹង​អញ្ជើញ​ក្រុមហ៊ុន​ដែល​ដាក់ពាក្យ​មក​ណែនាំ​អំពី​នីតិវិធី​បែបបទ​ឯកសារ​ដេញថ្លៃ បន្ទាប់មក​យើង​នឹង​ចេញ​លិខិត​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទៅ​សិក្សា​ពី​សក្តានុពល​ធនធាន​រ៉ែ​នៅ​តំបន់​ទាំងនោះ​។ បើ​គាត់​គិតថា​មាន​សក្តានុពល​អាចធ្វើ​អាជីវកម្ម​បាន​គឺ​ពួកគាត់​អាចបំពេញ​បែបបទ​ឯកសារ​សម្រាប់​ដេញថ្លៃ​»​។

នៅក្នុង​ឆ្នាំ​ ២០១៩ កម្ពុជា​រក​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ប្រមាណ ២១ ​លាន​ដុល្លារ​កើន​ជាង ៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ មាន​ប្រមាណ ២០ ​លាន​ដុល្លារ​។ នេះ​បើ​តាម​លោក មុនីរ៉ាត់​៕