
អ្នកកាសែតកំពុងថតស្លាកសញ្ញាផ្សារមូលបត្រកម្ពុជាអំឡុងពេលនៃការបើកផ្សារហ៊ុនកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ផ្សារមូលធនរបស់ប្រទេស កម្ពុជា បានបង្ហាញការរីកចម្រើនដ៏ល្អចាប់តាំងពីផ្សារនេះត្រូវបានប្រតិបត្តិការកាលពីឆ្នាំ ២០១២ ដោយបានទាក់ទាញក្រុមហ៊ុន ៨ ឲ្យចុះបញ្ជី ដែលមានមូលធនសរុប ១៥១ លានដុល្លារ កាលពីចុងឆ្នាំ ២០១៩។
របាយការណ៍បានពីផ្សារមូលបត្រកម្ពុជាដែលចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា ក្រុមហ៊ុន ៨ នេះមានក្រុមហ៊ុន ៥ បោះផ្សាយលក់ភាគហ៊ុន និងក្រុមហ៊ុន ៣ ចេញប័ណ្ណបំណុល។ របាយការណ៍បានបង្ហាញថាកាលពីឆ្នាំ ២០១៩ មានក្រុមវិនិយោគិន ២២ ៤៤៦ ដែល ៨៣ ភាគរយក្នុងចំណោមនេះគឺជាវិនិយោគិនក្នុងស្រុក និង ១៧ ភាគរយជាជនបរទេស ខណៈតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមកាលពីឆ្នាំ ២០១៩ មានចំនួន ១៥៧ ០៤៥ ដុល្លារកើនឡើង ៤,៩ ដងធៀបនឹងឆ្នាំ ២០១៨។
លោក Jong Weon Ha អ្នកយុទ្ធសាស្ដ្រទីផ្សារ និងជាប្រធានប្រតិបត្តិការរបស់ CSX បានឲ្យដឹងថា ទោះបីជាវា មើលឃើញពីការរីកចម្រើនយឺតក៏ដោយក៏ប្រតិបត្តិការមានរយៈពេលជិត ៨ ឆ្នាំមកនេះ CSX បានមើលឃើញកំណើនជាប្រចាំ ខណៈតម្លៃការជួញដូរជាមធ្យមប្រចាំថ្ងៃបានកើនឡើងពីប្រហែល ១ ៥០០ ដុល្លារពីឆ្នាំ ២០១៣ ដល់ ១៥៧ ០០០ ដុល្លារកាលពីឆ្នាំ ២០១៩។
លោកលើកឡើងថា៖ «ប្រតិបត្តិការទីផ្សារនេះក៏ត្រូវបានកើនឡើងផងដែរ។ គ្រាន់តែលើកឡើងករណីខ្លះ យើងបានបន្តម៉ោងជួញដូររបស់យើងចាប់ពី ៣,៥ ម៉ោងដល់ ៧ ម៉ោងក្នុងមួយថ្ងៃ បង្កើតប្រព័ន្ធជួញដូរចល័តដែលអាចឲ្យក្រុមវិនិយោគិនដាក់ការបញ្ជាទិញពីទូរស័ព្ទចល័តរបស់ពួកគេ កែលម្អប្រសិទ្ធភាពប្រតិបត្តិការដូចជាការចាប់ផ្ដើម ការបង្ហាញអេឡិចត្រូនិក ការបង្កើនបណ្ដាញវិនិយោគិនរបស់យើងទាំងក្នុងស្រុក និងអន្តរជាតិ និងបានជួបជាមួយក្រុមហ៊ុនមានសក្ដានុពលជាច្រើន»។
លោកបញ្ជាក់ថា៖ «ការអភិវឌ្ឍទីផ្សារមូលធន ដែលជាទីផ្សារមូលបត្រពិសេសនៅក្នុងប្រទេសកម្ពុជាទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ យើងត្រូវការការគាំទ្រ និងការចូលរួមពីរដ្ឋាភិបាល និយតករ វិស័យឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ និងសាធារណជន»។
លោក ព្រំ វិសុទ្ធ ប្រធាន និងជានាយកប្រតិបត្តិបានឲ្យដឹងថា CSX គឺជាជម្រើសផ្សេងទៀតសម្រាប់ក្រុមហ៊ុនឯកជនសម្រាប់លទ្ធភាពទទួលបានមូលនិធិអត្រាការប្រាក់កាន់តែទាប និងរយៈពេលវែងក្រៅពីវិស័យធនាគារ ដើម្បីគាំទ្រកំណើនអាជីវកម្មរបស់ពួកគេ និងបង្កើនឱកាស ខណៈក្រុមវិនិយោគិន CSX ក៏មានឱកាសវិនិយោគផ្សេងទៀតដែលពួកគេអាចធ្វើពិពិធកម្មការវិនិយោគរបស់ពួកគេដើម្បីរកប្រភពប្រាក់ចំណូលបន្ថែមតាមរយៈការវិនិយោគរបស់ពួកគេលើភាគហ៊ុន និងប័ណ្ណបំណុល។
លោកបន្តថា៖ «CSX បានធ្វើរួចហើយអ្វីៗល្អៗ ប៉ុន្តែដើម្បីទាក់ទាញក្រុមហ៊ុនកាន់តែច្រើនចុះបញ្ជី យើងត្រូវការការអប់រំបន្ថែមទៀតដល់ក្រុមហ៊ុនមានសក្ដានុពលទាំងអស់ពីរបៀបត្រៀមខ្លួនសម្រាប់ការបោះផ្សាយមូលបត្រសាធារណៈលើកដំបូង (IPO) និងអត្ថប្រយោជន៍របស់វា ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ក្រុមវិនិយោគិនសាធារណៈអំពីការចូលរួមពួកគេ និងឱកាសវិនិយោគលើផ្សារហ៊ុននេះ»។
តាមរបាយការណ៍ SECC ក្រុមហ៊ុនចុះបញ្ជីក៏ត្រូវបានផ្ដល់ការលើកទឹកចិត្តពន្ធពីរដ្ឋាភិបាលផងដែរជាមួយនឹងការលើកលែងបំណុលពន្ធ និងការកាត់បន្ថយ ៥០ ភាគរយនៃពន្ធលើប្រាក់ចំណូលក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីចុះបញ្ជី។ ក្រុមហ៊ុនចុះបញ្ជីដែលរួមភាគហ៊ុន និងបណ្ណបំណុលនឹងទទួលបានការលើកទឹកចិត្តមិនមែនពន្ធពីទីភ្នាក់ងារទូទាត់សាច់ប្រាក់ផងដែរ។
លោក Woen Ha ថ្លែងថា៖ «ការលើកទឹកចិត្តពន្ធពីរដ្ឋាភិបាលជាឧទាហរណ៍ដ៏ល្អ ប៉ុន្តែយើងចង់មើលឃើញការគាំទ្រកាន់តែខ្លាំង និងគោលនយោបាយកាន់តែមានប្រសិទ្ធភាព។ សេណារីយោដ៏ល្អបំផុតនេះ គឺជានិយតករ បន្តការគាំទ្រក្នុងការបង្កើតក្របខ័ណ្ឌការងារបទប្បញ្ញត្តិប្រកបដោយភាពល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាព វិស័យឯកជនបន្តរៀនសូត្របន្ថែមទៀត និងចាប់យកអត្ថប្រយោជន៍ពីផ្សារមូលបត្រនេះ គ្រឹះស្ថានហិរញ្ញវត្ថុ សហការ និងផ្ដល់សេវាជាប់ទាក់ទងនឹងមូលបត្រ និងសាធារណជនចាប់ផ្ដើមបើកចំហចំពោះការវិនិយោគថ្មីៗនេះ»។ មូលធននីយកម្មទីផ្សារមានប្រហែល ៤៤៣ លានដុល្លារកាលពីឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០១៩ មូលធននីយកម្មទីផ្សារបានកើនឡើង ៥៨,៣ ភាគរយរហូតដល់ ៧០១,៤៥ លានដុល្លារ។ នេះបើតាម SECC៕LA