ភ្នំពេញៈ ការរាតត្បាតនៃជំងឺកូវីដ ១៩ ជាសកលលោកកំពុងធ្វើឲ្យការនាំចេញផលិតផលម្រេច GI របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិត្រូវជាប់គាំងទាំងស្រុង។ នេះបើយោងតាមប្រធានសមាគមលើកកម្ពស់ម្រេចកំពត។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពតប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ខណៈម្រេចកំពតកំពុងប្រឈមនឹងកង្វះទីផ្សារស្រាប់ហើយនោះ ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យការនាំចេញម្រេច GI កំពតត្រូវខកខានទាំងស្រុងមកដល់ពេលនេះ។ លោកបានបន្តថា កសិករទាំងអស់បានបង្ខំចិត្តប្រមូលផលម្រេចស្តុកទុកក្នុងឃ្លាំងដោយសង្ឃឹមថានឹងមានការបញ្ជាទិញឡើងវិញពីទីផ្សារនៅអឺរ៉ុប និងអាមេរិកដែលជាទីផ្សារធំសម្រាប់កម្ពុជា។
លោកថ្លែងថា៖ «ឆ្នាំនេះយើងមិនទាន់បានលក់ចេញម្រេចបាន ១ គ្រាប់ទេ យើងពឹងតែទីផ្សារនាំចេញទៅអឺរ៉ុប និងអាមេរិកសព្វថ្ងៃនេះពួកគេកំពុងផ្ទុះជំងឺកូវីដ អាជីវកម្មនៅទីនោះត្រូវបិទទ្វារ ដូច្នេះគ្មានការបញ្ជាទិញនោះទេ»។
លោកបានបន្តថា៖ «សូម្បីទីផ្សារម្រេចកំពតប្រមាណ ៣០ ភាគរយ សម្រាប់បម្រើក្នុងវិស័យទេសចរណ៍ក្នុងស្រុកក៏លក់មិនចេញដែរ។ ទោះបីយ៉ាងណា យើងនៅតែសង្ឃឹមថា នឹងមានទីផ្សារឡើងវិញ នៅពេលស្ថានភាពវីរុសនេះធូរស្រាលឡើងវិញ»។
លោកបន្ថែមថា ការប្រមូលទិន្នផលម្រេច GI ឆ្នាំនេះទទួលបានប្រហែល ១០០ តោន បើធៀបឆ្នាំមុនទិន្នផលនេះថយចុះតិចតួច។
បើយោងតាមលោក ងួន ឡាយ ការនាំចេញម្រេចកំពតរបស់កម្ពុជាសម្រេចបានចំនួន ៧៨ តោន នៃទិន្នផលសរុប ១២០ តោន កាលពីឆ្នាំ ២០១៩ កន្លងមក៕ LA