ភ្នំពេញៈ ក្រុមហ៊ុន Proparco ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ AFD របស់ប្រទេសបារាំងបានប្រកាសកាលពីសប្ដាហ៍មុនថា ខ្លួនបានផ្តល់កម្ចីបន្ថែមចំនួន ១៤ លានដុល្លារឲ្យក្រុមហ៊ុននាំចេញអង្ករ Golden Rice របស់កម្ពុជា ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងដំឡើងឡផលិតឧស្ម័នពីអង្កាមទំហំ ១ មេហ្គាវ៉ាត់សម្រាប់ការផលិតអគ្គិសនី។
សេចក្ដីប្រកាសរបស់ក្រុមហ៊ុន Proparco ដែលជាស្ថាប័នជួយលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជនរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ AFD បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី ៧ ខែមិថុនា ខណៈដែលក្រុមហ៊ុនផ្ដល់កម្ចីមួយនេះសង្ឃឹមថាកិច្ចព្រមព្រៀងនេះជំរុញឲ្យមានបច្ចេកវិទ្យានវានុវត្តន៍ដោយគាំទ្រដល់ថាមពលកកើតឡើងវិញ និងការកាត់បន្ថយការចំណាយទាក់ទងនឹងថាមពលរបស់ក្រុមហ៊ុន Golden Rice។
មិនមានព័ត៌មានលម្អិតអំពីរយៈពេល និងអត្រាការប្រាក់អាចរកបាននោះទេនៅក្នុងសេចក្ដីប្រកាសនេះ។ សេចក្ដីប្រកាសនេះគ្រាន់តែបានបង្ហាញថា កម្ចីថ្មីនេះគឺជាកម្ចីលើកទី ៣ ដែលក្រុមហ៊ុន Proparco បានផ្ដល់ដល់ក្រុមហ៊ុន Golden Rice បន្ទាប់ពីកម្ចីដំបូងចំនួន ៧ លានដុល្លារដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៩ នៅពេលដែលក្រុមហ៊ុននេះត្រូវបានបង្កើតឡើង និងដាក់ឲ្យប្រតិបត្តិការលើកដំបូង។ កម្ចីលើកទី ២ ត្រូវបានផ្តល់កាលពីឆ្នាំ ២០១៣ នៅពេលដែលក្រុមហ៊ុន Proparco បានផ្ដល់កម្ចី ១០ លានដុល្លារផ្សេងទៀតដល់ក្រុមហ៊ុន Golden Rice ដើម្បីជួយជំរុញការលូតលាស់ និងការពង្រីកទីផ្សារថ្មីរបស់ក្រុមហ៊ុននេះ។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) របស់រដ្ឋបានបង្កើតមូលនិធិស្រូវសង្គ្រោះបន្ទាន់មួយដែលមានទឹកប្រាក់ចំនួន ២៧ លានដុល្លារកាលពីខែកញ្ញាឆ្នាំ ២០១៦ ដែលអនុញ្ញាតឲ្យរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញមានលទ្ធភាពទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ធៀបនឹងធនាគារពាណិជ្ជ។
វិធានការនេះបានធ្វើឡើងបន្ទាប់ពីមានផ្ទុះការតវ៉ាដ៏ធំមួយពីសំណាក់ក្រុមកសិករដាំស្រូវនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តល្បីឈ្មោះខាងដាំដុះស្រូវ ដែលទទួលរងគ្រោះដោយសារតម្លៃស្រូវធ្លាក់ចុះខ្លាំងក្នុងគ្រាដែលមានកង្វះតម្រូវការពីអ្នកទិញ។
កាលពីខែសីហាឆ្នាំ ២០១៧ រដ្ឋាភិបាលបានចាក់បញ្ចូលសាច់ប្រាក់ចំនួន ២៣ លានដុល្លារថែមទៀត។ រហូតមកដល់ខែមករាឆ្នាំនេះ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានផ្ដល់កម្ចីចំនួន ៣០ លានដុល្លារឲ្យរោងម៉ាស៊ីនកិនស្រូវចំនួន ៣៨៕ LA