ភ្នំពេញៈ ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារពាណិជ្ជ​ធំ​បំផុត​ និង​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​នៅ​ផ្សារហ៊ុន​កម្ពុជា​បានទទួល​ចំណាត់ថ្នាក់​ខ្ពស់​ពី​ការវាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន (SACP) ដោយ​ទទួលបាន​កម្រិត​ «bb» ​ពី​«bb-» ពី​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ពិភពលោក Standard & Poors (S&P) ទោះបីជា​កំណើន​កម្ចី​ជា​មធ្យម​របស់​ធនាគារ​នេះ​កើន​តិច​គួបផ្សំ​នឹង​ការបង្កើត​មូលធន​ខាងក្រៅ និង​ផ្ទៃក្នុង​រួមចំណែក​បង្កើន​មូលធន​នីយកម្ម​របស់ខ្លួន​។

ការផ្ដល់​ចំណាត់ថ្នាក់​ដែល​ត្រូវបាន​វាយតម្លៃ​ដោយ S&P ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ ដោយបាន​បញ្ជាក់​ពី​ការចេញ​ការផ្ដល់​ចំណាត់ថ្នាក់​ឥណទាន ''B+'' រយៈពេល​វែង​និង ''B'' រយៈពេល​ខ្លី លើ​ធនាគារ​អេស៊ីលីដា ខណៈ​ចក្ខុវិស័យ​លើ​ការផ្ដល់​ចំណាត់ថ្នាក់​រយៈពេល​វែង​គឺមាន​ស្ថិរភាព​។

ទីភ្នាក់ងារ S&P បានឱ្យ​ដឹងថា​៖ «​យើង​បានបញ្ជាក់ ការវាយតម្លៃ​នេះ​ដោយសារតែ​យើង​រំពឹងថា ធនាគារ​អេស៊ីលីដា​នឹង​រក្សា​មូលធននីយកម្ម​ល្អប្រសើរ​របស់ខ្លួន តួនាទី​ទីផ្សារ​ល្អ ប្រាក់ចំណេញ​ល្អប្រសើរ និង​ទម្រង់​ការផ្ដល់​មូលនិធិ​លើ​ពី​មធ្យម​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ​»​។

S&P បន្តថា​៖ «​យើង​វាយតម្លៃ​ហានិភ័យ​នៃ​អតុល្យភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា​មាន​កម្រិត​ខ្ពស់ ដែល​បណ្ដាលមកពី​ការពង្រីក​ឥណទាន​យ៉ាង​រហ័ស និង​តម្លៃ​អចលនទ្រព្យ​ខ្ពស់​។ ប៉ុន្តែ​ផលប៉ះពាល់​អវិជ្ជមាន​ផ្ទាល់​លើ​ទម្រង់​ហិរញ្ញវត្ថុ​របស់​ធនាគារ​អេស៊ីលីដា ទំនង​ជា​នឹងមាន​កម្រិត ដោយសារតែ​ការទាក់ទង​នឹង​សកម្មភាព​សំណង់ និង​អចលនទ្រព្យ​មាន​កម្រិត​ទាប​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា​ភីអិលស៊ី បាន​និយាយថា ការដំឡើង​ចំណាត់ថ្នាក់​ (SACP) ពី​កម្រិត​ «bb-» ​ទៅ​កម្រិត «bb» ដល់​ធនាគារ​អេស៊ីលីដា​ដោយ​មូលហេតុ​ចម្បងៗ ដូចជា ធនាគារ​រក្សាបាន​នូវ​ទ្រព្យសកម្ម​ចម្រុះ ការគ្រប់គ្រង​ប្រកបដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ គិតគូរ​នូវ​រាល់​ហានិភ័យ​ពាក់ព័ន្ធ​ជា​មូលដ្ឋាន​សម្រាប់​ការលូតលាស់ និង​មាន​មូលធន​ភាវូបនីយកម្ម​រឹងមាំ​។

លោក​បាន​ថ្លែងថា​៖ «​កត្តា​ទាំងអស់នេះ​ឆ្លុះបញ្ចាំង​អំពី​ភាពរឹងមាំ​នៃ​បណ្តាញ​ធុរកិច្ច​របស់​ធនាគារ​អេស៊ីលីដា​ដោយ​រក្សាបាន​នូវ​ចំណូល​ប្រកប​ដោយ​ចីរភាព ដោយ​មិនមាន​ផលប៉ះពាល់​។ ទស្សនវិស័យ​ស្ថិរភាព​ដែល​បង្ហាញ​នៅក្នុង​ចំណាត់​ថ្នាក់​នេះ​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃ​ហិរញ្ញវត្ថុ​ជាមួយ​នឹង​ទ្រនាប់​ដើមទុន​គ្រប់គ្រាន់​ដើម្បី​ស្ថិរភាព​នៃ​ដំណើរការ​អាជីវកម្ម​»​។

ទីភ្នាក់ងារ​ S&P ក៏បាន​ចង្អុលបង្ហាញ​ដែរ​ថា អេស៊ីលីដា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបង្កើន​មូលធន​របស់ខ្លួន​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​តែ​ការបង្កើត​មូលធន​ល្អប្រសើរ​របស់ខ្លួន​ទាំង​ផ្ទៃក្នុង និង​ខាងក្រៅ និង​កំណើន​កម្ចី​មាន​កម្រិត​ទាប​ជាង​កំណើន​កម្ចី​របស់​ប្រព័ន្ធ​។

S&P បាន​បន្តថា​៖ «​ការណ៍​នេះ​បាន​បណ្ដាល​ឱ្យមាន​ភាពប្រសើរ​ឡើង​ក្នុង​ការគណនា​អនុបាត​មូលធន​ដែល​កែតម្រូវ​តាម​ហានិភ័យ (RAC) ​របស់​យើង​សម្រាប់​ធនាគារ​នេះ​ដល់​ប្រហែល​ ៨,៦ ភាគរយ​គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែកញ្ញា ឆ្នាំ​ ២០២០ ​ពី​ ៨,២ ​ភាគរយ គិត​ត្រឹម​ថ្ងៃទី​ ៣១ ធ្នូ ឆ្នាំ​ ២០១៩​។ យើង​ព្យាករ​កំណើន​កម្ចី​របស់​ធនាគារ​អេស៊ីលីដា​នឹង​រក្សា​នៅក្រោម​កំណើន​ប្រាក់កម្ចី​របស់​ដៃគូ​ដែលមាន​ទំហំ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​ប្រាក់ចំណូល​គួរតែ​រក្សា​ភាពល្អប្រសើរ ដែល​បណ្ដាលឱ្យ​ធនាគារ​នេះ​រក្សា​អនុបាត RAC ចំនួន​ពី​ ៨ ​ភាគរយ​ទៅ​ ៨,៥ ​ភាគរយ​រយៈពេល​ ១៨ ​ខែក្រោយ​។ យើង​បាន​កែតម្រូវ​ការវាយតម្លៃ​របស់​យើង​នៃ​ទម្រង់​ឥណទាន (SACP) របស់​អេស៊ីលីដា ដល់​ ''bb'' ពី​ ''bb-'' ដើម្បី​ឆ្លុះបញ្ចាំង​ពី​មូលធននីយកម្ម​ល្អប្រសើរ​របស់​ធនាគារ​នេះ​»​។

ទីភ្នាក់ងារ S&P បាន​បញ្ជាក់ថា​៖ «​យើង​ជឿជាក់ថា កំណើន​កម្ចី​ជា​មធ្យម​របស់​ធនាគារ​អេស៊ីលីដា បាន​ធានាថា មាន​ហានិភ័យ​ដែល​មិនទាន់​ឃើញច្បាស់​នៅក្នុង​ផលបត្រ​វិនិយោគ ហើយ​រហូតមក​ដល់ពេលនេះ​ទិន្នន័យ​បានចង្អុល​បង្ហាញ​ថា ចំនួន​នៅមានកម្រិត​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​ជាប់ទាក់ទង​នឹង​ជំងឺ​កូវីដ​១៩»​។

ទីភ្នាក់ងារ​វាយតម្លៃ​មួយ​នេះ​ក៏​បាន​ឱ្យដឹងថា កម្រិត​ទាប​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​ទាក់ទង​នឹង​ប្រព័ន្ធ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូចគុណភាព​ទ្រព្យសកម្ម​បន្ថែមទៀត​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ ហើយ​គុណភាព​ទ្រព្យសកម្ម​នៅក្នុង​ប្រព័ន្ធ​ធនាគារ​ដែលមាន​ហានិភ័យ​ខ្ពស់​របស់​ប្រទេស​កម្ពុជា​នៅ​តែ​ពឹង​ផ្អែកលើ​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ ១២ ​ខែក្រោយ ជាពិសេស​ពី​វិស័យ​ទេសចរណ៍ និង​ការវិនិយោគ​បរទេស​៕LA