ភ្នំពេញៈ ការនាំចេញកង់ និងគ្រឿងបន្លាស់ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២១ មានតម្លៃសរុបជិត ២០០ លានដុល្លារកើនឡើងជិត ៥០ លានដុល្លារ ឬស្មើនឹងជាង ៣២ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា។
ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ ២០២១ ការនាំចេញកង់ និងគ្រឿងបន្លាស់កង់ មានទឹកប្រាក់ ១៩៩ ០៤១ ៧០៩ ដុល្លារកើនឡើង ៣២,៣៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញកង់មានតម្លៃ ១៩៨ ៦៦៨ ១៦៣ ដុល្លារ កើន ៣២,២៨ ភាគរយ និងគ្រឿងបន្លាស់កង់ មានតម្លៃ ៣៧៣ ៥៤៥,៩៨ ដុល្លារ កើន ១១៣,៤៤ ភាគរយ។
កំណើននេះបង្ហាញថា ការនាំចេញកង់នៅតែជម្នះបាននូវឧបសគ្គពីការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងបន្ដលុកលុយខ្លាំងនៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀតលើពិភពលោក។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ប្រទេសដែលនាំចូលកង់ច្រើនពីកម្ពុជា រួមមាន អាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប ជប៉ុន កាណាដា ចិន កូរ៉េខាងត្បូង និងប្រទេសក្នុងតំបន់អាស៊ាន។
លោកនិយាយថា៖ «កត្តាសំខាន់ៗដែលជំរុញឱ្យការនាំចេញរបស់កម្ពុជាបន្តកើនឡើងនៅដើមឆ្នាំនេះ គឺដោយសារមានការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យអ្នកបញ្ជាទិញនៅបន្តការបញ្ជាទិញទំនិញពីកម្ពុជា និងទំនុកចិត្តរបស់អ្នកបញ្ជាទិញ»។
បើតាមលោក ស៊ាង ថៃ សព្វថ្ងៃ កម្ពុជាមានរោងចក្រផលិតដំឡើងកង់ចំនួន ៦ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការអនុគ្រោះពន្ធ EBA នៃផ្នែកខ្លះរបស់អឺរ៉ុប និងពន្ធអនុគ្រោះ GSP របស់អាមេរិក គឺជាកត្តាចម្បងក្នុងការជំរុញការនាំចេញកង់របស់កម្ពុជាក្នុងអំឡុងពេលនេះឱ្យបន្តហក់ឡើងគួរឱ្យកត់សម្គាល់។
លោកឱ្យដឹងទៀតថា ការរក្សាម៉ាកពាណិជ្ជកម្មកង់ប្រកបដោយគុណភាពដែលផលិតនៅកម្ពុជាដែលបានផ្តល់ភាពជឿជាក់ដល់អ្នកបញ្ជាទិញក៏បានជំរុញកំណើននេះផងដែរ។
លោកបានបន្ថែមថា៖ «ម្យ៉ាងទៀតផលិតផលកង់ គឺទាក់ទងនឹងបរិស្ថាន និងសុខភាព ស្របពេលបរិបទនៃជំងឺកូវីដ ១៩ មនុស្សភាគច្រើនចង់ជិះកង់ហាត់កីឡា ដូច្នេះតម្រូវការកង់នៅអាមេរិក និងអឺរ៉ុបនៅតែមាន ព្រមទាំងដំណើរការនៃកិច្ចសហប្រតិបត្តិការល្អទ្វេភាគីរវាងកម្ពុជា និងសហគមន៍អឺរ៉ុបបានរួមចំណែកជំរុញកំណើននៃការនាំចេញកង់ផងដែរ»។
ទិន្នន័យក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញកង់ទៅទីផ្សារអន្តរជាតិក្នុងតម្លៃសរុប ៥២៧,០៨ លានដុល្លារ កើន ២៧,៧៨ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ ចំណែកការនាំចូលកង់ក្នុងឆ្នាំ ២០២០ មានតម្លៃ ៨,៣៨ លានដុល្លារ ធ្លាក់ចុះ ១៩,៣៣ ភាគរយ ពីប្រទេសមួយចំនួនដូចជា ជប៉ុន ចិន កោះតៃវ៉ាន់ វៀតណាម អាមេរិក ថៃ និងវៀតណាម។
យោងតាម Bike-EU.com ដែលជាគេហទំព័រឯកទេសផ្នែកឧស្សាហកម្មកង់ បានឱ្យដឹងថា កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់កង់ឈានមុខគេទៅសហគមន៍អឺរ៉ុបតាំងពីឆ្នាំ ២០១៧ ដោយវ៉ាដាច់កោះតៃវ៉ាន់ ដែលកាន់តំណែងនេះក្នុងរយៈពេលជាង ២ ទសវត្សរ៍៕ LA