ភ្នំពេញ: លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន KTIS Group ដែលជា​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ដ៏ធំ​របស់​ប្រទេស​ថៃ​ពង្រីក​ការវិនិយោគ​របស់ខ្លួន​មកកាន់​ប្រទេស​កម្ពុជា ដោយ​បង្កើត​រោងចក្រ​ផលិត​សារធាតុ​អេតាណុល និង​ស្រាវីស្គី​នៅ​កម្ពុជា​។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហគ្រាស KTIS Group ក្នុង​សប្តាហ៍​មុន លោក សោភ័ណ បាន​ស្នើសុំ​ឲ្យ​តំណាង​ក្រុមហ៊ុន​នេះ​ធ្វើការ​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) កម្ពុជា-ចិន​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​នេះ​។

លោក​ថ្លែងថា​៖ «​ជា​ការឆ្លើយតប​តំណាង​ក្រុមហ៊ុន KTIS បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត​សារធាតុ​អេតាណុល និង​ស្រាវីស្គី​នៅ​កម្ពុជា​»​។

អ្នកស្រី ច័ន្ទ ដាវី ស្ថាបនិក​ក្រុមហ៊ុន Far East Import Export Co., Ltd ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ស្រា​វីស្គី​ក្នុង​ស្រុក​សម្រាប់​នាំចេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការទទួល​បាន​គម្រោង​វិនិយោគ​នេះ​នឹងមិន​ប៉ះពាល់​ដល់​ទីផ្សារ​ក្នុងស្រុក​នោះទេ​។ អ្នកស្រី​បន្តថា គម្រោង​នេះ​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។

អ្នកស្រី​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា​ការវិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត​ស្រា​នៅ​កម្ពុជា​នឹង​មិន​ប៉ះពាល់​ដល់​ទីផ្សារ​ស្រា​ក្នុងស្រុក​នោះទេ យើង​មាន​ផលិតផល​កាន់តែ​ច្រើន ភាព​ប្រកួតប្រជែង​ទីផ្សារ​កាន់តែ​ល្អ​»​។

អ្នកស្រី ដាវី បាន​ឲ្យ​ដឹងថា ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​សាងសង់​រោងចក្រ​ផលិត​ស្រា​របស់​ក្រុមហ៊ុន​អ្នកស្រី​។

កាលពី​ខែមេសា​ឆ្នាំនេះ​លោក អ៊ុំ សុថា អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទាក់ទាញ​វិនិយោគិន​នៅក្នុង​ស្រុក និង​បរទេស និង​លើក​ទឹកចិត្ត​ចំពោះ​ការវិនិយោគ​បង្កើត​រោងចក្រ​ផលិត និង​កែច្នៃ​ម្ហូបអាហារ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​។

លោក​បាន​បញ្ជាក់ថា​៖ «​ជា​ការពិត​ផលិតផល​ស្រា​មិនមែន​ជា​ផលិតផល​ចាំបាច់​នោះទេ ប៉ុន្តែ​ប្រសិនបើ​តម្រូវការ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​នៅ​តែ​មាន និង​អាច​ប្រកួតប្រជែង​បាន កម្ពុជា​គួរតែ​អនុញ្ញាត​ឲ្យ​មាន​ការបង្កើត​រោងចក្រ​ប្រភេទ​នេះ​តាម​លទ្ធភាព​នៃ​ការវិនិយោគ​»​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​ខែមេសា​ បាន​សម្រេច​អនុម័ត​លើ​គម្រោង​សាងសង់​រោងចក្រ​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​មួយ​ដែល​ស្ថិត​នៅក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​វិនិយោគ​ដោយ​ក្រុមហ៊ុន Hanuman Beverages Co., Ltd ដែល​មាន​ទុនវិនិយោគ ១៦០,៦ ​លាន​ដុល្លារ​។

របាយការណ៍​ក្រសួង​បង្ហាញ​ថា ក្រុមហ៊ុន​ផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ដែល​ចុះបញ្ជី​នៅ​កម្ពុជា​មាន​ចំនួន​ ១០៕ LA