ភ្នំពេញៈ លោក តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហ​គ្រាស​ធុន​តូច និង មធ្យម​កម្ពុជា​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​អ្នក​យក​ព័ត៌មាន​របស់​កាសែត​​ភ្នំពេញ ​ប៉ុស្តិ៍ ចេង សុខហ័ង អំពី​វឌ្ឍន​ភាព​ក្នុង​​វិស័យ​សហ​គ្រាស​ធុន​​តូច និង​មធ្យម (SME) និង​កត្តា​ប្រឈម​របស់​វិស័យ​នេះ​ដើម្បី​ជំរុញ​ភាព​រីក​ចម្រើន​ និង​ឈាន​ទៅ​ដល់​ទីផ្សារ​អន្តរ​ជាតិ។

ស្ថាន​ភាព​របស់​សហគ្រាស​ SME ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច​មក​ដល់​បច្ចុប្បន្ន?

បើ​យើង​ពិនិត្យ​លើ​​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា គឺ​អត្រា​ ផ.ស.ស របស់​យើង​ប្រហែល ៧ ភាគ​​រយជា​ប្រចាំ​ឆ្នាំ ដែល​នាំ​ឲ្យ​មាន​ភាព​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​មាន​ស្ថិរភាព​ ហើយក៏​ជា​ផ្នែក​មួយ​​បង្ហាញ​ឲ្យ​ឃើញ​ថា សុខភាព​របស់​ SME ​ មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។ ខ្ញុំ​បាន​ធ្វើ​ការ​សង្កេត​លើ​ទីផ្សារ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា ​នៅ​លើ​ទីផ្សារ​មាន​វត្តមាន​ផលិត​ផល​ខ្មែរ​ជា​ច្រើន ដែល​កាល​ពី​មុន​យើង​កម្រ​នឹង​ឃើញ​មាន​ផលិត​ផល​ខ្មែរ​នៅ​លើ​ទីផ្សារ​ណាស់។

មួយ​វិញ​ទៀត​ ការ​តាំង​ពិព័រណ៍​នានា​ក៏​មាន​វត្តមាន​សហគ្រាស​ធុន​តូច និង​មធ្យម​របស់​យើង​ចូល​រួម​ច្រើន​ផង​ដែរ ដែល​នេះ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​ពង្រីក​ទីផ្សារ​របស់​ផលិត​ផល​ខ្មែរ។

ថ្វី​ដ្បិត​តែ​យើង​សង្កេត​ឃើញ​មាន​ចំណុច​វិជ្ជមាន​ច្រើន​នៃ​ការ​រីក​ចម្រើន​របស់​សហគ្រាស​ធុន​តូច និង​មធ្យមក៏​ពិត​មែន តែ​សហគ្រាស​ធុន​តូច និង​មធ្យម ខ្លះ​ក៏​នៅ​មាន​លក្ខណៈ​ទន់​ខ្សោយ​ និង​ផុយ​ស្រួយ​ ដោយ​សារ​តែ​ផលិត​កម្ម​របស់​គាត់​ជា​លក្ខណៈ​គ្រួសារ មិន​មាន​បច្ចេក​ទេស​គ្រប់​គ្រាន់ ទំហំ​ផលិត​កម្ម​នៅ​តូច​តាច។ ជា​មួយ​គ្នា​នេះ​ដែរ​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយ​ទំនិញ​នាំ​ចូល​ទៀត​ផង។

បើ​ពិនិត្យ​មើល​លើ​ការ​ចុះ​បញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម អាច​និយាយ​បាន​ថា ​មាន​ការ​កើន​ឡើង​​គួរ​ឱ្យ​កត់​សម្គាល់។

កត្តា​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​ចុះ​បញ្ជី​​នេះ ខ្ញុំ​មើល​ឃើញ​ថា​ ដោយ​សារ​តែ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ពាក់​ព័ន្ធ​បាន​ធ្វើ​ឱ្យ​បរិយាកាស​ធុរកិច្ច​​ប្រសើរ​ជាង​មុន ក្នុង​នោះ​មាន​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម បាន​ពង្រឹង​យន្តការ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​ខ្លួន​ ដែល​ធ្វើ​ការ​បម្រើ​សេវា​​របស់​ក្រសួង​កាន់​តែ​ងាយ​ស្រួល ​និង​អាច​ទទួល​យក​បាន។

ក្រសួង​ពាណិជ្ជ​កម្ម បាន​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ចុះ​បញ្ជី​អនឡាញ (Online Registration) ហើយ​អគ្គនាយក​ដ្ឋាន​ពន្ធ​ដារ​ក៏​បាន​ធ្វើ​នីតិវិធី​ស្រួល​ជាង​មុន​ផង​ដែរ ។

តើ​អ្វី​ជា​ទីផ្សារ​សក្ដានុពល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម?

បើ​យើង​និយាយ​ពី​ឱកាស​ទីផ្សារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​នៅ​មាន​ច្រើន​ និង​ទូលំ​ទូលាយ​ទៀត​ផង ត្រឹម​តែ​ទីផ្សារ​ក្នុង​ស្រុក ដែល​មាន​ប្រជា​ជន​ ១៥ លាន​នាក់ ក៏​យើង​អាច​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ដែរ​ក្នុង​មួយ​ឆ្នាំៗ។ ក្រឡេក​មើល​ទីផ្សារ​អាស៊ាន ដែល​មាន​ប្រជាជន​ជាង ៦០០ លាន​នាក់ តើ​តម្រូវ​ការ​​ផលិត​ផល​ប្រើប្រាស់ និង​អាហារ​ច្រើន​កម្រិត​ណា? ជា​មួយ​គ្នា​នេះដែរ ​យើង​ទទួល​បាន​ការ​អនុគ្រោះ​ជា​ច្រើន​ពី​ប្រទេស​ដែល​មាន​ប្រជា​ជន​ជាង ១​ពាន់​លាន​នាក់ ទីផ្សារ​ទាំង​នេះ​សុទ្ធ​តែ​ជា​ទីផ្សារ​ដ៏​​មាន​​​សក្ដានុពល​សម្រាប់​កម្ពុជា។

តែ​អ្វី​ដែល​ជា​សំណួរ​នៅ​តែ​មាននោះ​គឺ​​ថា ​នៅ​ពេល​ដែល​យើង​ផលិត​បាន​ហើយ​តើ​ត្រូវ​នាំ​ទៅ​ប្រទេស​ទាំង​នោះ​បាន​យ៉ាង​ដូច​ម្ដេច?​ ព្រោះ​ថា​ថ្វី​បើ​ពន្ធ​នាំ​ចូល​ជា​ច្រើន​ត្រូវ​លើក​លែង​ក៏​ដោយ តែ​របាំង​បច្ចេកទេស​ជា​ច្រើន​ត្រូវ​បាន​រឹត​បន្តឹង ដែល​ធ្វើ​ឱ្យ​ទំនិញ​ពី​កម្ពុជា​ពិបាក​ក្នុង​ការ​នាំ​ចេញ ។

ឧទាហរណ៍​ ប្រទេស​ចិន​ពេល​កន្លង​ទៅ​បាន​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​​ពី​កម្ពុជា រាប់​រយ​មុខ ក៏​ប៉ុន្តែ​លទ្ធ​ភាព​ដែល​យើង​អាច​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ មាន​តែ​អង្ករ និង​ដំឡូង ខណៈ​ដែល​ទំនិញ​ផ្សេង​ទៀត​មិន​អាច​នាំ​ចេញ​ទៅ​បាន​ដោយ​សារ​តែ​លក្ខខណ្ឌ​បច្ចេកទេស​មិន​ត្រូវ​តាម​ស្តង់​ដារ​តម្រូវ​របស់​ចិន ដែល​ទាំង​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រដ្ឋាភិបាល និង​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​វិស័យ​ឯកជន ដើម្បី​អាច​ឈាន​ចាប់​យក​ទីផ្សារ​ទាំង​នោះ​បាន​ ។

អ្វី​ជា​បញ្ហា​ប្រឈម​របស់​សហ​គ្រាស​ធុន​តូច និង​មធ្យម ?

បញ្ហា​ប្រឈម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ ដែល​យើង​សង្កេត​ឃើញ​រួម​មាន ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​គ្នា នៅ​មាន​ទំនិញ​ពី​ប្រទេស​ជិត​ខាង​ជា​ច្រើន​ដែល​នាំ​ចូល​មក​មិន​បាន​បង់​ពន្ធ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនិញ​ផលិត​ក្នុង​ស្រុក ថ្លៃ​ដើម​ផលិត​កម្ម​ខ្ពស់ ក្នុង​នោះ​រួម​មាន​តម្លៃ​អគ្គិសនី​ខ្ពស់​ ផលិត​ភាព​ផលិត​កម្មទាប​ ទំហំ​ផលិតកម្ម​តូច​ និង​មាន​លក្ខណៈ​គ្រួសារ ខ្វះ​ខាត​ដើម​ទុន ដោយ​សារ​តែ​ការ​ទទួល​កម្ចី​ពី​ធនាគារ​នៅ​មាន​ការ​លំបាក និង​អត្រា​ការ​ប្រាក់​ខ្ពស់ ត្រូវ​ការ​វត្ថុ​បញ្ចាំ​ដែល​ជា​អចលនទ្រព្យ ខ្វះ​ខាត​កម្មករ​ជំនាញ ទំហំ​ផលិត​កម្ម​តួចៗ ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ បណ្ដាញ​ចែក​ចាយ​ផលិត​ផល​នៅ​មាន​កម្រិត ខ្វះ​ខាត​ព័ត៌​មាន​ទីផ្សារ​។

តើ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ប៉ុន្មាន​ដែល​អាច​មាន​​លទ្ធ​ភាព​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ?

បើ​តាម​ការ​ពិនិត្យ​លើ​ទិន្នន័យ​នាំ​ចេញ​របស់​កម្ពុជា​ ឃើញ​​ថា​ការ​នាំ​ចេញ​របស់​កម្ពុជា​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ផ្នែក​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង ដែល​ការ​នាំ​ចេញ​តែ​ពីរ​មុខ​នេះ​ប្រហែល ៧០ ភាគ​រយ​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ក្រៅ​ពី​នេះ​មាន​ការ​នាំ​ចេញ​ដូច​ជា​ អង្ករ ស្ករស កៅស៊ូ។ល។ ដែល​​សរុប​​មាន​​ប្រហែល​ជាង ២០ ភាគ​រយ។​ ​សហគ្រាស​ធុន​តូច និង​មធ្យម​ផ្សេងៗ ការ​នាំ​ចេញ​ គឺ​មិន​ដល់ ១០ ភាគ​រយ​នោះ​ទេ ។

តើ​យើង​គួរ​តែ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម​ ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​ទំនិញ​នាំ​ចូល ?

សហគ្រាស​ធុន​តូច និង​មធ្យម​​ក្នុង​ស្រុក​ អាច​ប្រកួត​ប្រជែង​ជា​មួយ​​ទំនិញ​នាំ​ចូល​បាន លុះត្រា​តែ​​យើង​​ត្រូវ​ចាប់​ផ្ដើម​កសាង​សមត្ថភាព​សហ​គ្រាស​​ធុន​តូច និង​មធ្យម​របស់​យើង​ជា​មុន​សិន​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតកម្ម​របស់​គាត់​កាន់​តែ​មាន​ប្រសិទ្ធភាព បង្កើន​ស្តង់ដារ​ផលិត​ផល ស្វែង​រក​មធ្យោបាយ​​បន្ថយ​ថ្លៃដើម​ផលិត​កម្ម​ ជំរុញ​គាំ​ទ្រ​ចលនា​ប្រើ​ប្រាស់​បង្កើន​ទំហំផលិតកម្ម​ធ្វើ​យ៉ាង​ណា​ឱ្យ​អាច​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​របស់​សហគ្រាស​នីមួយៗ ។

យើង​រំពឹង​ថា ធនាគារ SME ដែល​រដ្ឋាភិបាល​គ្រោង​ នឹង​​បណ្តាក់ទុន១០០​ដុល្លារ​​លាន​ដើម្បី​ជួយ​លើក កម្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ដល់ SME និង​ដាក់​ដំណើរកា​រនៅ​ឆ្នាំ​នេះ។

ដើម្បី​អាច​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​មាន​ការ​រីក​ចម្រើន​​ដោយ​ស្ថិរភាព ​គួរ​តែ​​មាន​គោល​នយោបាយ​​លើក​ទឹក​ចិត្ត​សហគ្រាស​ធុន​តូច និង​មធ្យម ទប់​ស្កាត់​ការ​នាំ​ទំនិញ​​ពី​បរទេស​ដោយ​ពិនិត្យ​​លើ​ការ​ប្រមូល​ពន្ធ​នាំ​ចូល ពិនិត្យ​គុណ​ភាព ស្តង់ដារ ​ទំនិញ​ ទប់​ស្កាត់​ចំពោះ​ទំនិញ​ណា​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជា​មួយ​ផលិតករ​ក្នុង​ស្រុក ជួយ​រៀប​ចំ​ឱ្យ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ ដល់​សហគ្រាស​ក្នុង​ស្រុក បង្កើត​ឱ្យ​មាន​ប្រភព​ទុន​ផ្សេង​ៗ ដែល​អាច​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​ យក​ទៅ​ប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវ​កម្ម​បាន​ងាយ​ស្រួល ។

ពង្រឹង​ការ​ជួយ​គ្រាំ​ទ្រ​ដល់​ការ​ដោះ​ស្រាយ​លើ​របាំង​បច្ចេក​ទេស​ដែល​វិស័យ​ឯកជន​មិន​អាច​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន ជា​ពិសេស​ គឺ​ទីផ្សារ​ប្រទេស​​ចិន ដែល​មាន​តម្រូវ​ការ​ច្រើន​ចំពោះ​ផលិត​ផល​របស់​​កម្ពុជា៕