
រថយន្តដឹកស្រូវត្រៀមបើកឆ្លងព្រំដែនកម្ពុជា (តាកែវ) ទៅវៀតណាម។ រូបថត សហការី
ភ្នំពេញៈ ទំនិញកម្ពុជា ៣១ មុខនៃបន្ទាត់ពន្ធគយត្រូវបានអនុញ្ញាតឱ្យនាំទៅប្រទេសវៀតណាមក្នុងអត្រាពន្ធសូន្យ ក្រោមកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរយៈពេល ២ ឆ្នាំ។
ការបើកផ្លូវការនាំចេញរបស់ប្រទេសកម្ពុជាទៅរៀតណាមត្រូវបានធ្វើឡើងបន្ទាប់ភាគីទាំង ២ ឯកភាពគ្នាបញ្ចប់នីតិវិធីផ្ទៃក្នុងសម្រាប់បន្តសុពលភាព «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ឆ្នាំ ២០២១-២០២២»។
ការបញ្ចប់នីតិវិធីផ្ទៃក្នុងនេះធ្វើឡើងបន្ទាប់ពីភាគីទាំង ២ បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) កម្ពុជា-វៀតណាមលើកទី១៨ ស្តីពី «កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី» កាលពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០។
សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ២៥ ខែមីនា ឱ្យដឹងថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធសូន្យភាគរយចំពោះមុខទំនិញចំនួន ៣១ នៃបន្ទាត់ពន្ធគយដែលមានដើមកំណើតនៅកម្ពុជានាំចេញទៅកាន់ប្រទេសវៀតណាម។ ក្នុងចំណោមមុខទំនិញទាំង ៣១ នៃបន្ទាត់ពន្ធគយនេះភាគច្រើនជាផលិតផលកសិកម្ម។
ទន្ទឹមនឹងនេះក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់ផលិតករ និងអ្នកនាំចេញឱ្យមកស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់អេស (Co Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញទាំង ៣១ បន្ទាត់ពន្ធគយ។ នេះបើតាមសេចក្តីជូនដំណឹង។
ដោយឡែកសម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ស្ងួតសម្រាប់អនុវត្តឆ្នាំ ២០២១ សូមផលិតករ និងអ្នកនាំចេញអាចដាក់ពាក្យស្នើសុំមកក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ-នាំចូលនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំនេះ។
កម្ពុជា និងវៀតណាមបានយល់ព្រមលើការអនុគ្រោះពន្ធសម្រាប់ផលិតផលកសិកម្មឆ្លងកាត់ព្រំដែនទាំង ២ ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់នាពេលបច្ចុប្បន្ននេះ។
អ្នកស្រី ប៉ាន់ ចន្ទ្រា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ថន ជា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តាមរយៈកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះនឹងជួយជំរុញឱ្យតម្លៃស្រូវរបស់កសិករខ្មែរមានទីផ្សារល្អ ហើយវាក៏នឹងជួយលើកកម្ពស់ជីវភាពពួកគាត់បានមួយកម្រិតទៀត។
អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថា វានឹងជួយឱ្យតម្លៃស្រូវរបស់កសិករខ្មែរមានហាងឆេងល្អ ព្រោះឈ្មួញវៀតណាមហ៊ានទិញក្នុងតម្លៃខ្ពស់»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការសម្រេចបានកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីនេះនឹងជួយពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែល្អ។
លោកបានថ្លែងថា៖ «វានឹងផ្តល់ប្រយោជន៍ច្រើនឱ្យគ្នាទៅវិញទៅមកនៃទំនាក់ទំនងពាណិជ្ជកម្ម ហើយវាក៏នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ»។
លោកបានបន្ថែមថា៖ «យើងនាំចូលទៅវៀតណាមដោយរួចពន្ធនេះគឺរឿងល្អប្រសើរមែនទែន ព្រោះផលិតផលកសិកម្មយើងភាគច្រើនត្រូវបាននាំចេញទៅវៀតណាម និងថៃ បើយើងអត់មាន ២ ច្រកនេះទេ កសិផលយើងនឹងចាល់គ្មានទីផ្សារ ព្រោះវិស័យឯកជនប្រទេសយើងពុំទាន់មានដើមទុនគ្រប់គ្រាន់ដើម្បីទិញកសិផលសម្រាប់ស្តុកទុកនោះទេ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តាមកិច្ចព្រមព្រៀងនេះ វៀតណាមបន្តផ្តល់កូតានាំចូលរួចពន្ធលើសន្លឹកថ្នាំជក់ ៣ ០០០ តោន និងអង្ករ ៣០០ ០០០ តោននៅឆ្នាំនេះ។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មឱ្យដឹងថា កម្ពុជានាំចេញទំនិញទៅប្រទេសវៀតណាមក្នុងទឹកប្រាក់ ៣៨៥,៧៩ លានដុល្លារកាលពីឆ្នាំ ២០២០ កើនឡើង ១៤,៨៨ ភាគរយ បើធៀបនឹង ៣៣៥,៨២ លានដុល្លារឆ្នាំ ២០១៩។ ចំណែកការនាំចូលទំនិញរបស់កម្ពុជាពីវៀតណាមបានធ្លាក់ ៣,១០ ភាគរយពីតម្លៃ ២,៦៣៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩៕ LA