ភ្នំពេញៈ ទំនិញ​សក្តានុពល​ចំនួន ៩ ​មុខ ​កំពុង​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ធ្វើការ​សិក្សា​យ៉ាង​លម្អិត​ ដើម្បី​រៀបចំ​ជា​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ក្នុង​ការទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ​ជាមួយ​ប្រទេស​ចិន ក៏​​ដូចជា​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​នៅលើ​ពិភពលោក​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​។

បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម មុខទំនិញ​ទាំង ៩ នោះ​មាន​ដូចជា វិស័យ​សម្លៀកបំពាក់ ស្បែកជើង តំបន់​សេដ្ឋកិច្ច​ពិសេស វិស័យ​ដំឡើង​កម្មន្តសាល​ធុន​ស្រាល វិស័យ​ចំណីអាហារ​កែច្នៃ វិស័យ​ជលផល វិស័យ​អង្ករ វិស័យ​ដំឡូងមី និង​កៅស៊ូ​ធម្មជាតិ​។ មុខទំនិញ​ទាំង​ ៩ ​ប្រភេទ​នេះ​សុទ្ធតែ​ត្រូវ​បាន​ចាត់ទុក​ថា មាន​សក្តានុពល​ខ្ពស់​សម្រាប់​​នាំ​ចេញ​ទៅ​ប្រទេស​ចិន​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃទី​ ២៥ ខែ​ធ្នូ លោក ស៊ាង ថៃ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ថា បច្ចុប្បន្ន​ក្រុមការងារ​ក្រសួងពាណិជ្ជកម្ម​បាននិង​កំពុង​ធ្វើការ​សិក្សា និង​ស្រាវជ្រាវ​ប្រមូល​ធាតុ​ចូល​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​ជា​អតិបរមា​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​។

លោក​ថ្លែងថា​៖ «​ការសិក្សា​នេះ​គឺ​ដើម្បី​ជំរុញ​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​លក្ខខណ្ឌ​ច្រកចូល​ទីផ្សារ​ប្រទេស​ចិន​»​។

កម្ពុជា និង​ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​គ្នា​កាលពី​ថ្ងៃទី​ ១២ ខែ តុលា ឆ្នាំ​ ២០២០ ដែល​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ទំនិញ​មួយចំនួន​ទៅ​ប្រទេស​ចិន​ដោយ​មាន​អត្រាពន្ធ​សូន្យ​ភាគរយ​។

លោក​បន្ថែមទៀត​ថា ការសិក្សា​នេះ​ក៏បាន​ធ្វើការ​សិក្សា​អំពី​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ពិភពលោក ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ទៅកាន់​ទីផ្សារ​ប្រទេស​នាំចូល​ធំៗ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ផងដែរ​។ នេះ​បើ​តាម​លោក ស៊ាង ថៃ​។

យោងតាម​លោក ស៊ាង ថៃ បច្ចុប្បន្ននេះ​ក្រុមការងារ​ក៏​បាននិង​កំពុង​សិក្សា និង​វិភាគ​អំពី​ចំណុចខ្លាំង ចំណុច​ខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) របស់​ផលិតផល​កម្ពុជា​​ផងដែរ ដើម្បី​កំណត់​ថា តើ​ទំនិញ​ណា​ជា​ផលិតផល​ថ្មី ផលិតផល​កំពុង​លូតលាស់ ផលិតផល​មាន​ភាពចាស់ទុំ ដើម្បី​មាន​ភាពងាយស្រួល​ធ្វើការ​ជំរុញ​ដល់​ការនាំចេញ​បន្ថែមទៀត​។

លោក​ លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​ចូល​ជា​ធរមាន ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ត្រូវបាន​រំពឹង​នឹង​មាន​សម្ទុះ​ខ្លាំង ពិសេស​ផលិតផល​កសិកម្ម​។ ទោះយ៉ាងណា​ដើម្បី​ទទួល​បាន​ឱកាស​នេះ អ្នកវិនិយោគ និង​អ្នក​ផលិត​នៅ​កម្ពុជា​ក៏​ត្រូវតែ​គិតគូរ​ឱ្យបាន​ខ្លាំង​ផងដែរ​ទៅលើ​គុណភាព ពូជ និង​ស្តង់ដា​អនាម័យ​តាម​តម្រូវការ​របស់​ប្រទេស​គោលដៅ​ដែល​គេ​ចង់បាន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿថា ការនាំចេញ​ទំនិញ​របស់​យើង​នឹង​នៅតែមាន​កំណើន​ល្អ​បន្តបន្ទាប់ ខណៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា-ចិន​នៅ​ឆ្នាំក្រោយ​នឹង​ចូលរួម​ចំណែក​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​បន្ថែមទៀត​»​។

ទិន្នន័យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា នៅក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២០ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​មាន​តម្លៃ​សរុប ១៤,១ ពាន់​លាន​ដុល្លារ​ កើនឡើង ២០,០៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ចំណែក​ការនាំ​ចូល​ទំនិញ​ពី​បរទេស​មក​ប្រទេស​កម្ពុជា​វិញ​មាន​តម្លៃ​ប្រមាណ ១៣,៦ ពាន់​លាន​ដុល្លារ​ ធ្លាក់​ចុះ ៨,៧ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល ៩ ខែ​ដើមឆ្នាំ​ ២០១៩៕ LA