
អតិថិជនដែលយកប្រាក់មកដាក់ផ្ញើរនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតនាពេលកន្លងមក។ ផា លីណា
ភ្នំពេញៈ ទំហំកម្ចី និងចំនួនប្រាក់បញ្ញើ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីកំណើនគួរឲ្យកត់សម្គាល់នៅដើមឆ្នាំនេះ ខណៈចំនួនអ្នកខ្ចីនៅដដែល ហើយអត្រាកម្ចីមិនដំណើរការធ្លាក់ចុះបន្តិច។ នេះបើយោងតាមទិន្នន័យបានមកពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។
ទិន្នន័យ CMA បានបង្ហាញថា កម្ចីរបស់សមាជិក CMA រួមគ្នាមានចំនួន ៤,៦២ ពាន់លានដុល្លារ គិតត្រឹមចុងខែមីនាឆ្នាំនេះ ដែលកើនឡើងពី ៣,៣២ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នា កាលចុងខែ មីនា ឆ្នាំ ២០១៧។
របាយការណ៍បង្ហាញថា ប្រាក់បញ្ញើនៅក្នុងវិស័យនេះមានចំនួន ២,១២ ពាន់លានដុល្លារ កាលពីចុងខែមីនា ឆ្នាំ២០១៨ កើនឡើងពី១,៦២ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ។
ទោះបីជាមានកំណើនគួរឲ្យកត់សម្គាល់នៃកម្ចីនៅក្នុងឧស្សាហកម្មនេះក៏ដោយ ក៏ចំនួនអ្នកខ្ចីមិនមានការប្រែប្រួលទេ ។ ទិន្នន័យរបស់ CMA បានបង្ហាញថា ចំនួនអ្នកខ្ចីពី MFI ដែលជាសមាជិករបស់ CMA មានចំនួនសរុប ១,៨៥ លាននាក់ត្រឹមចុងខែមីនាឆ្នាំនេះ ដូចគ្នានឹងកាលពីចុងខែ មីនា ឆ្នាំ ២០១៧ ដែរ។
អ្នកដាក់ប្រាក់បញ្ញើនៅក្នុងឧស្សាហកម្មនេះ បានកើនឡើងដល់ ១លាននាក់គិតត្រឹមកាលពីខែមីនា។
លើសពីនេះ ទិន្នន័យ CMA បានបង្ហាញថា ផលបត្រស្ថិតក្នុងហានិភ័យ (PAR) ដែលជាសូចនាករសម្រាប់កម្ចីមិនដំណើរការ ធ្លាក់ចុះបន្តិចបន្តួចនៅឆ្នាំនេះ ពី ១,៦៧ ភាគរយ កាលពីចុងខែមីនាឆ្នាំ ២០១៧ មកនៅត្រឹម ១,៣៧ ភាគរយកាលពីចុងខែមីនាឆ្នាំនេះ៕LA