ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះមានតម្លៃប្រមាណជាង ៦៥៧ លានដុល្លារ ដែលស្ទើរតែស្មើនឹងពេញ ១ ឆ្នាំ ២០១៨។
ទិន្នន័យដែលភ្នំពេញប៉ុស្ដិ៍ ទទួលបានពីក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញ បង្ហាញថាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ នេះទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងកូរ៉េមានតម្លៃសរុបជាង ៦៥៧ លានដុល្លារ ខណៈក្នុងឆ្នាំ ២០១៨ ទាំងមូលមានតម្លៃសរុប ៧៦៩ លានដុល្លារ។
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបាននិយាយថា កូរ៉េខាងត្បូងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយកម្ពុជាដោយទំហំនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើងជារៀងរាល់ឆ្នាំ។
លោកបន្តថា ជាក់ស្តែងគ្រាន់តែក្នុងរយៈពេល ៩ ខែគឺមានតម្លៃជាង ៦៥៧ លានដុល្លាររួចទៅហើយ ដែលចំនួននេះបើធៀបទៅនឹងរយៈពេល ៩ ខែ ឆ្នាំ ២០១៨ គឺមានការកើនឡើងច្រើន។ លោកថ្លែងបន្តថា៖ «ទោះបីមិនមានទំហំធំដូចទីផ្សារអាមេរិក និងអឺរ៉ុប ប៉ុន្តែកូរ៉េគឺជាដៃគូពាណិជ្ជកម្មធំមួយរបស់កម្ពុជាក្នុងតំបន់អាស៊ី»។
លោកប្រាប់ទៀតថាជាមួយនឹងកំណើនទំហំពាណិជ្ជកម្មនេះបច្ចុប្បន្នក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងពិនិត្យលើលទ្ធភាពក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងប្រទេសកូរ៉េផងដែរ។ លោកអះអាងថា៖ «គំនិតផ្តួចផ្តើមនេះគឺដោយសារភាគីទាំង ២ បានមើលឃើញពីសារៈសំខាន់នៃការធ្វើពាណិជ្ជកម្ម»។
ភាគច្រើននៃទំនិញដែលកម្ពុជានាំចេញទៅប្រទេសកូរ៉េ គឺជាសម្លៀកបំពាក់ និងស្បែកជើង ចំណែកទំនិញដែលកូរ៉េនាំចូលមកកម្ពុជារួមមាន រថយន្ត គ្រឿងចក្រ គ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិកជាដើម។ នេះបើតាមលោក កែមវិចិត្រ។
លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិយាយថាជាមួយនឹងកិច្ចខិតខំរបស់ក្រសួងកសិកម្ម កម្ពុជាទើបទទួលបានការអនុញ្ញាតពីអាជ្ញាធរកូរ៉េក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសកូរ៉េ។ លោកថ្លែងថា៖ «តាមគម្រោងយើងនឹងនាំចេញផ្លែស្វាយស្រស់ទៅកូរ៉េនៅក្នុងខែមករាខាងមុខ»។
លោកបន្តថា នេះជាការបោះជំហានថ្មីមួយទៀតសម្រាប់ទីផ្សារផលិតផលកសិកម្មកម្ពុជា តែបញ្ហាថ្លៃដើមផលិត និងតម្លៃដឹកជញ្ជូនខ្ពស់ក៏អាចជាឧបសគ្គផងដែរ។
បើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសចាប់ពីឆ្នាំ ១៩៩៦ មកដល់ខែមករា ឆ្នាំ ២០១៩ FDI មានតម្លៃប្រមាណ ៤ ៤៧០ លានដុល្លារ៕LA