ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​មាន​ចំនួន ៨៨៤,៨៨ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២០ ដោយ​ធ្លាក់ចុះ​ ១៧,៧៧ ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ប្រមាណ ១ ០៣២ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ទិន្នន័យ​នោះបាន​ឱ្យដឹងថា កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង​ក្នុងតម្លៃ​ជាង​ ៣១៧ ​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ធ្លាក់​ចុះ ៥,៤ ភាគរយ ខណៈ​កម្ពុជា​នាំចូល​មកវិញ​មាន​ជាង ៥៦៧ ​លាន​ដុល្លារ ធ្លាក់ចុះ​ ១៨,៦ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ មាន​ជាង ៦៩៦ ​ដុល្លារ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​នេះ ដោយសារ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ ក្នុង​រយៈពេល​កន្លងមក​នេះ​។

ទោះបីជា​យ៉ាងណា​លោក​រំពឹងថា ការនាំចេញ​របស់​កម្ពុជា​នឹង​កើនឡើង​វិញ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-កូរ៉េខាងត្បូង​ចូល​ជាធរមាន​នៅ​អនាគត បន្ទាប់ពី​ភាគី​ទាំង​ ២ ​បាន​បញ្ចប់​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ជុំ​ទី​ ៤ កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន ដោយ​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំនេះ​។

លោក​និយាយថា​៖ «​យើង​សង្ឃឹមថា​នៅពេល​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​ និង​កូរ៉េខាងត្បូង វា​នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅ​កូរ៉េ​កើនឡើង​ទ្វេដង ហើយ​យើង​នឹង​នាំចេញ​ទំនិញ​ច្រើនជាង​នាំចូល​នៅពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​»​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំទៅ​កាន់​កូរ៉េខាងត្បូង រួមមាន​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ ភេសជ្ជៈ គ្រឿងបន្លាស់​អេឡិចត្រូនិក កៅស៊ូ ថ្នាំពេទ្យ និង​ផលិតផល​កសិកម្ម ហើយ​កម្ពុជា​នាំចូល​មកវិញ​រួមមាន យានយន្ត គ្រឿង​អេឡិចត្រូនិក សម្ភារ​ផ្ទះបាយ ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​ប្លាស្ទិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ក្នុងពេល​កន្លងមក​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក (Richfarm Asia Co., Ltd) ​ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំ​ស្វាយកែវរមៀតប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា កសិផល​កម្ពុជា​មួយចំនួន​បាននិង​កំពុង​នាំចេញ​រួចហើយ​ទៅកាន់​ទីផ្សារ​កូរ៉េ ពិសេស​ផ្លែស្វាយ​ស្រស់​ដែល​កំពុង​ពេញនិយម​នៅ​កូរ៉េ​។

លោក ហ៊ុន ឡាក់ កត់សម្គាល់​ថា​៖ «​យើង​ឃើញថា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ផលិតផល​កសិផល​មួយចំនួន​របស់​កម្ពុជា​បាននិង​កំពុង​នាំចេញ​ទៅកាន់​ទីផ្សារ​កូរ៉េខាងត្បូង ដូចជា​បន្លែ និង​ផ្លែស្វាយ​ស្រស់ ហើយ​ភាគី​កូរ៉េ​បាន​ពេញចិត្ត​ចំពោះ​ផលិតផល​កម្ពុជា​ថា​មាន​ស្តង់ដា​ខ្ពស់​ត្រូវ​នឹង​ស្តង់ដា​អន្តរជាតិ​»​។

លោក ហ៊ុន ឡាក់ បាន​បន្ថែមថា ក្រុមហ៊ុន​លោក​មាន​ផែនការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​កូរ៉េ​នៅ​ឆ្នាំនេះ បន្ទាប់ពី​ក្រុមហ៊ុន​ជោគជ័យ​រួចហើយ​ក្នុង​ការនាំចេញ​តំណាប់​ស្វាយ​ទៅកាន់​ទីផ្សារ​នេះ​។

លោក​បញ្ជាក់​៖ «​យើង​កំពុង​ជជែក​ជាមួយ​ក្រុមហ៊ុន Hyundai ក្នុង​ការសហការ​គ្នា​ប្រើប្រាស់​ម៉ាស៊ីន​សម្លាប់​សមាសធាតុ​ចង្រៃ​លើ​ផ្លែស្វាយ​ដើម្បី​នាំ​ចេញទៅ​កូរ៉េ​»​។

នៅក្នុង​សន្និសីទ​ព័ត៌មាន​ផ្សាយ​ផ្ទាល់​ពិសេស​កាលពី​ចុងឆ្នាំ​ ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​មាន ៣២ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​កម្ពុជា​នាំចេញ​មាន​ប្រហែល​ ១៦ ​ពាន់​លាន​ដុល្លារ​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា កម្ពុជា​ទទួល​បាន​កំណើន​ខ្លាំង​ផ្នែក​ផលិតផល​កសិកម្ម​ ៧ ​មុខ​ដែល​មាន​តម្លៃ​សរុប ៣,៨១ ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ការនាំចេញ​អង្ករ​មាន ៦៧៥ ០០០ ​តោន​ មាន​តម្លៃ ៥១៤ ​លាន​ដុល្លារ ដំឡូងមី​ជាង​ ៧ ​លាន​តោន តម្លៃ​ជាង​ ១ ​ពាន់​លាន​ដុល្លារ ស្វាយចន្ទី ២១៨ ៨៨៤ ​តោន​ តម្លៃ ២៨៨ លាន​ដុល្លារ ស្វាយ​ ៨៥០ ០០០ ​តោន​ តម្លៃ​ ៤៧៣ ​លាន​ដុល្លារ ចេក អំបូង​លឿង ៣១៣ ​តោន តម្លៃ​ ៥៥១ លាន​ដុល្លារ មៀន​ប៉ៃលិន ១៧៤ តោន តម្លៃ​ ៥៧ ​លាន​ដុល្លារ ម្រេច​ ៥ ០៧៩ ​តោន​ មានតម្លៃ​ ២៥ ​លាន​ដុល្លារ​៕ LA