ភ្នំពេញៈ ការស្នើសុំ​ឥណទាន​ពី​កម្មវិធី​ពិសេស​របស់​រដ្ឋាភិបាល​ដែល​មាន​ទឹកប្រាក់ ៥០​ លាន​ដុល្លារ​ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ​បាន​កើន​ដល់​ទំហំ​ទឹកប្រាក់ ៣១ ​លាន​ដុល្លារ ​គិត​ត្រឹម​ថ្ងៃទី​ ១២ ខែមិថុនា​។

លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ឲ្យ​ដឹងថា ការដាក់​ស្នើសុំ​កម្ចី​ពី​ហិរញ្ញប្បទាន​ពិសេស​របស់​រដ្ឋាភិបាល​បាន​និង​កំពុង​កើនឡើង​យ៉ាង​លឿន​ចាប់​តាំងពី​រដ្ឋាភិបាល​បាន​បញ្ចេញ​មូលនិធិ ៥០ លាន​ដុល្លារ​ ជា​ផ្លូវការ​កាលពី​ខែមីនា​។

លោក​បាន​បន្តថា គិត​ត្រឹម​សប្តាហ៍​ទី​ ២ ​ក្នុង​ខែមិថុនា ​នេះ ARDB ទទួល​បាន​ពាក្យស្នើសុំ​កម្ចី​ពី​សហគ្រាស​ខ្នាតតូច និង​មធ្យម​សរុប ២៨៨ ដែល​មាន​ទឹកប្រាក់​ប្រមាណ ៣១ ​លាន​ដុល្លារ ហើយ​ទឹក​ប្រាក់កម្ចី​ជាង ៤ ​លាន​ដុល្លារ​ត្រូវបាន​អនុម័ត​រួចរាល់​។

លោក​កត់សម្គាល់​ថា ពាក្យស្នើសុំ​កម្ចី​ទាំងនេះ​ភាគច្រើន​បាន​ពី​អ្នក​ប្រកបរបរ​អាជីវកម្ម​ខ្នាតតូច​មាន​ដូចជា ការចិញ្ចឹម​សត្វ ត្រី ដាំដុះ​បន្លែ ផ្លែឈើ ដែល​ស្របទៅ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ការផលិត​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​យើង​លើកទឹកចិត្ត និង​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាកសិករ​រួសរាន់​រៀបចំ​ឯកសារ​ស្នើសុំ​ខ្ចី​ឥណទាន​ក្នុង​កម្មវិធី​នេះ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម​ក្នុង​ករណី​បងប្អូន​ត្រូវការ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​»​។

តាម​លោក កៅ ថាច ឥណទាន​ក្រោម​គម្រោង​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល​នេះ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​វិស័យ​កសិឧស្សាហកម្ម​ពង្រីក​អាជីវកម្ម និង​ខ្សែចង្វាក់​ផលិតកម្ម​របស់​ពួកគេ​បន្ថែមទៀត​ក្នុង​គោលដៅ​ពង្រឹង​ភាពប្រកួតប្រជែង និង​កាត់បន្ថយ​ការនាំ​ចូល​ពី​ក្រៅប្រទេស​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​បងប្អូន​កសិករ​ចិញ្ចឹម​ត្រី ចិញ្ចឹមសត្វ ដាំ​ដុះ​បន្លែ ត្រូវ​រៀបចំ​ផែន​ការដាំដុះ និង​ចិញ្ចឹម​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ​ទីផ្សារ​ប្រកប​ដោយ​និរន្តរភាព ដើម្បី​ចូលរួម​កាត់បន្ថយ​ការនាំចូល​ពី​ប្រទេស​ជិតខាង​»​។

សហគ្រិន​អាច​ធ្វើការ​ខ្ចីប្រាក់​ចាប់ពី ១ ​ម៉ឺន​ដុល្លារ​ដល់ ៣០ ​ម៉ឺន​ដុល្លារ​​ ដើម្បី​យក​ទៅ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ដែល​ចេញផ្សាយ​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​បញ្ចុះ​អត្រា​ការប្រាក់​ពី ៦ ​ភាគរយ​ មក​នៅត្រឹម ៥ ​ភាគរយ​ ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល និង​ពី​ ៦,៥ ​ភាគរយ​ មក ៥,៥ ​ភាគរយ​ សម្រាប់​ទុនវិនិយោគ ដោយ​មិន​គិត​កម្រៃ​សេវា​ផ្សេងៗ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា រដ្ឋាភិបាល​ក៏​សម្រេច​កែសម្រួល​រយៈពេល​ឥណទាន​អតិបរមា​ពី ៥ ​ទៅ​ ៧ ​ឆ្នាំ ​សម្រាប់​ទុនវិនិយោគ ខណៈ​រក្សាទុក​រយៈពេល​ខ្លី​អតិបរមា ២ ​ឆ្នាំ​សម្រាប់​ទុន​បង្វិល​។

ទន្ទឹម​នឹង​នេះ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​មិនទាន់​ចុះបញ្ជី​ផ្លូវការ​ក៏​អាចដាក់​ពាក្យស្នើសុំ​ឥណទាន​បានដែរ ដោយ​តម្រូវ​ឲ្យ​បំពេញ​លក្ខខណ្ឌ​ចុះបញ្ជី​តាម​ក្រោយ​ក្នុង​រយៈពេល ១ ​ខែ បន្ទាប់ពី​ទទួលបាន​ឥណទាន​។

លោក កៅ ថាច បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ជាមួយ​ធនាគារ​ឯកទេស​វីង​កាលពី​ចុងខែ​ឧសភា​ថា ARDB អាច​នឹង​ទទួល​បាន​ចំណែក​ខ្លះ​ពី​ហិរញ្ញប្បទាន​ចំនួន ៣០០ ​លាន​ដុល្លារ ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ទុក​ត្រៀម​ថវិកា​សម្រាប់​ហិរញ្ញប្បទាន​បន្ថែម ដើម្បី​គាំទ្រ និង​ដើរតួនាទី​ជា​កាតាលីករ​ជំរុញ​កំណើន​តាម​វិស័យ​សំខាន់ៗ​ក្នុង​អំឡុងពេល និង​ក្រោយពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​ថ្លែងថា​៖ «​ប្រហែល​ជា​កញ្ចប់​ថវិកា​ថ្មី​ដែល​ដាក់​ចេញ​មក​ ៣០០ លាន​ដុល្លារ​ នឹង​អាចមាន​ចំណែក​ណាមួយ​ដែល​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​នឹង​ទទួល​យក​មកប្រើប្រាស់​ក្នុង​វិស័យនេះ ហើយ​ប្រសិន​បើ​មាន​ការស្នើសុំ​ចាំបាច់​ពី​សហគ្រិន​សុំ​បង្កើត​រោងចក្រ​ផលិត​ជី​កសិកម្ម ខ្ញុំ​អាច​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ភ្លាមៗ​»៕LA