ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលនៃប្រទេសម៉ាឡេស៊ីបានបង្ហាញពីការតាំងចិត្តថានឹងបន្តពង្រឹងកិច្ចសហការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ឲ្យកាន់តែទំនើប ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុថ្មីនេះនៅកម្ពុជា និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាដែលជាធនាគារកណ្តាលរបស់កម្ពុជា បន្ទាប់ពីជំនួបប្រជុំទ្វេភាគីរវាងតំណាងធនាគារជាតិនៃប្រទេសទាំង ២ កាលពីថ្ងៃសុក្របានឲ្យដឹងថាធនាគារកណ្តាលនៃប្រទេសទាំង ២ បានបញ្ជាក់ពីជំហរប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើការត្រួតពិនិត្យធនាគារ និងការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យធនាគារសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង ២ ប្រកបដោយចីរភាព៕