
ធនាគារជាតិកាណា BANQUE NATIONALE។ AFP
ភ្នំពេញៈ សម្ព័ន្ធធនាគារជាតិកាណាដា ដែលជាធនាគារពាណិជ្ជមានមូលដ្ឋាននៅទីក្រុងម៉ុងរ៉េអាល់ ប្រទេស កាណាដា បានបង្ហាញផែនការក្នុងការទិញយកភាគហ៊ុន ១០ ភាគរយបន្ថែមទៀតនៅក្នុងធនាគារ ABA Bank បន្ទាប់ពីបានកាន់កាប់ភាគហ៊ុន ៩០ ភាគរយរួចហើយគិតមកទល់ពេលនេះ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានពាណិជ្ជកម្មកាណាដា Financial Post ចេញផ្សាយនៅថ្ងៃទី ១ ឧសភា ប្រធានធនាគារជាតិកាណាដា លោក Louis Vachon បានប្រាប់ភាគទុនិកនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារនេះនៅទីក្រុង Quebec កាលពីថ្ងៃទី ២៤ ខែ មេសា ថា ពួកគេមានជម្រើសក្នុងការទិញភាគហ៊ុន ១០ ភាគរយដែលនៅសល់របស់ធនាគារ ABA និងថា ធនាគារនេះមានបំណងអនុវត្តជម្រើសនោះ។
អ្នកនាំពាក្យធនាគារនេះបានបញ្ជាក់តាមអ៊ីមែលមួយទៅ Financial Post ថា៖ «បាទ គោលបំណងរបស់យើងគឺនឹងទិញភាគហ៊ុន ១០ ភាគរយ ដែលនៅសល់របស់ធនាគារ ABA»។ អ្នកនាំពាក្យនោះបន្តថា៖ «យើងបានតាមដានការព្យាករកំណើនយ៉ាងយកចិត្តទុកដាក់បំផុតពីកម្ពុជា ហើយឃើញថាដំណើរការល្អ»។
សេចក្តីរាយការណ៍ដដែលបានបញ្ជាក់ថា ការធ្វើបទបង្ហាញដល់វិនិយោគិនមួយកាលពីខែវិច្ឆិកាឆ្នាំមុន បានព្យាករថា ធនាគារ ABA នឹងទទួលបានប្រាក់ចំណេញដល់ទៅ ៧០ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០១៨ កើនឡើងពីត្រឹមតែ ៧,៥ លានដុល្លារអាមេរិកប៉ុណ្ណោះកាលពីឆ្នាំ ២០១៤៕ LA