ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ដែលមានទ្រព្យសកម្ម ១៧,៣ លានដុល្លារត្រឹមឆ្នាំ ២០១៧ បានសម្រេចលក់ភាគហ៊ុនទាំងស្រុងទៅឲ្យធនាគារ NongHyup របស់កូរ៉េខាងត្បូងក្នុងតម្លៃដែលមិនត្រូវបានបង្ហាញ។ នេះបើយោងតាមការបញ្ជាក់ពីតំណាងគ្រឹះស្ថាន សាមិក កាលពីថ្ងៃព្រហស្បតិ៍។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក នឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា NongHyup Finance Cambodia វិញ ខណៈកិច្ចព្រមព្រៀង និងការស្នើសុំប្តូរឈ្មោះនេះត្រូវបានទទួលការអនុញ្ញាតរួចរាល់ពីធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍មុន។
លោក គីង កបកល្យាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក បានលើកឡើងថាការសម្រេចលក់ភាគហ៊ុនទាំងស្រុងទៅឲ្យ NongHyup នេះគឺដោយសារសម្ពាធនៃការប្រកួតប្រជែងដែលកាន់តែឡើងកម្តៅនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។
លោកបន្តថាស្ថានភាពទីផ្សារបច្ចុប្បន្នត្រូវការប្រតិបត្តិករដែលមានទុនវិនិយោគធំ និង រឹងមាំដើម្បីធ្វើឲ្យថ្លៃប្រតិបត្តិទាបដើម្បីឈរជើងនៅលើទីផ្សារ។
លោកថ្លែងថា៖ «លទ្ធភាពរបស់ម្ចាស់ភាគហ៊ុន [មុន] មានកម្រិតក្នុងការពង្រីកការវិនិយោគបន្ថែម អ៊ីចឹងយើងត្រូវបង្ខំចិត្តដើរចេញ ហើយទុកឲ្យភាគហ៊ុនថ្មីដែលគាត់មានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ច្បាស់លាស់ចូលមកប្រកួតប្រជែងក្នុងទីផ្សារបច្ចុប្បន្ន»។
លោកបន្តថាបុគ្គលិក និងថ្នាក់ដឹកនាំទាំងអស់របស់ សាមិក នឹងរក្សានៅដដែលលើកលែងតែតំណែងនាយកប្រតិបត្តិរបស់លោកមួយប៉ុណ្ណោះដែលត្រូវផ្លាស់ប្តូរ។ តែលោកបញ្ជាក់ថានេះជាការស្ម័គ្រចិត្តរៀងៗខ្លួននៅក្នុងកិច្ចចរចាទិញលក់ភាគហ៊ុននោះទេ។
របាយការណ៍ឆ្នាំ ២០១៧ បង្ហាញថាមីក្រូហិរញ្ញវត្ថុសាមិក មានទ្រព្យសកម្មសរុប ១៧,៣ លានដុល្លារត្រឹមចុងឆ្នាំ ២០១៧ ជាមួយកម្ចីសរុប ១០,៥ លានដុល្លារ។
សាមិក បានមើលឃើញនិន្នាការធ្លាក់ចុះប្រាក់ចំណេញសុទ្ធក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ គ្រឹះស្ថានមួយនេះធ្លាប់ទទួលបានប្រាក់ចំណេញសុទ្ធ ៦១៤ ៦៨៩ ដុល្លារកាលពីឆ្នាំ ២០១៥ ប៉ុន្តែធ្លាក់មកនៅ ៥៥៤ ៨៦១ ដុល្លារកាលពីឆ្នាំ ២០១៦ មុនពេលការធ្លាក់ចុះបន្ថែមទៀតមកនៅត្រឹម ៤៣៩ ៣៨១ ដុល្លារកាលពីឆ្នាំ ២០១៧។
បន្ទាប់ពីការទិញ សាមិក ដោយជោគជ័យមកធនាគារ NongHyup គ្រោងនឹងចាប់ផ្ដើមពង្រីកកម្ចីទិញផ្ទះ និងកម្ចីសម្រាប់ SME។
លោក យន់ សុវណ្ណា នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាការផ្លាស់ប្តូរម្ចាស់ថ្មីអាចគាំទ្រកំណើននៅក្នុងវិស័យនេះ។
ប៉ុន្តែលោកឲ្យដឹងថាម្ចាស់ថ្មីត្រូវការពិចារណាបេសកកម្មសង្គមរបស់ MFI និងបន្តបេសកកម្មក្នុងការគាំទ្រអ្នកក្រីក្រ និងក្រុមងាយទទួលរងគ្រោះ និងការពារអតិថិជន។
លោកបានថ្លែងថា៖ «ភាគីពាក់ព័ន្ធសំខាន់ៗត្រូវធ្វើការរួមគ្នាដើម្បីធ្វើឲ្យប្រាកដថា បេសកកម្មសង្គមរបស់យើងនឹងនៅរក្សានៅដដែល ហើយនឹងនៅបន្តផ្តោតជាចម្បង»៕ LA