ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong) របស់​ខ្លួន​នៅក្នុង​អំឡុង​ត្រីមាស​​ទី​ ១ ឆ្នាំ​ ២០២០ ​នេះ​ជា​វិធានការ​មួយ​ក្នុង​ការបើក​ច្រក​ទូទាត់​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​ពេលអនាគត​ខាងមុខនេះ​។

លោកស្រី ជា សិរី អគ្គនាយិកា NBC បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ប្រព័ន្ធ​ទូទាត់ បាគង ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​សាកល្បង ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​ ២០១៩ រួចមក NBC គ្រោង​នឹង​ដាក់​ប្រព័ន្ធ​នេះ​ដំណើរការ​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ ខណៈ​មាន​ធនាគារ​ជាច្រើន​បាន​ចុះឈ្មោះ​ជា​សមាជិក​រួចហើយ​។

លោកស្រី​ថ្លែង​ថា​៖ «​កម្ពុជា​បាន​បន្ត​គម្រោង​សាកល្បង​នៃ​ប្រព័ន្ធ​ទូទាត់​បាគង​ចាប់តាំងពី​ខែ​កក្កដា​ឆ្នាំ​ ២០១៩ និង​ត្រូវ​រំពឹងថា នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ប្រសិនបើ​អ្វីៗ​គ្រប់​យ៉ាង​ដំណើរការ​ដូច​ការគ្រោង​ទុក​»​។ លោកស្រី​បន្ថែម​ថា រហូតមកដល់​ពេល​នេះ​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ១១ ត្រូវបាន​ដាក់បញ្ចូល​ក្នុងប្រទេស​នេះ​រួចហើយ ប្រហែល​ជា​ច្រើនជាង​នេះ​នឹង​ចូលរួម​ក្នុង​ដំណើរការ​នេះ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ប្រព័ន្ធ​ទូទាត់​បាគង​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការនាំយក​ក្រុមហ៊ុន​ទាំងអស់​ចូលក្នុង​ប្រព័ន្ធ​ទូទាត់​នេះ នៅក្នុង​ប្រទេស​កម្ពុជា​ស្ថិតក្រោម​កម្មវិធី​ដូចគ្នា ដែល​ធ្វើឲ្យ​វា​ងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់​ជាក់ស្ដែង​ក្នុង​ការចំណាយ​ប្រាក់​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិន​គិតពី​​គ្រឹះស្ថាន​ដែល​ពួកគេ​មាន​គណនី​ធនាគារ​នោះទេ​។ ទី​បំផុត​យើង​សង្ឃឹមថា នឹង​អាច​ឲ្យ​មានការ​ទូទាត់​ឆ្លងកាត់​ព្រំដែន​តាមរយៈ​ប្រព័ន្ធ​នេះ​ផងដែរ​»​។

លោកស្រី​បន្ថែមថា​៖ «​ប្រសិន​បើ​ប្រព័ន្ធ​ទូទាត់​បាគង​នេះ ដំណើរការ​ដូច​ការគ្រោង​ទុក វា​នឹង​ជា​ច្រក​ផ្លូវ​ការទូទាត់​ថ្នាក់ជាតិ​សម្រាប់​ប្រទេស​កម្ពុជា​»​។

លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ធនាគារ​របស់​លោក​កំពុងស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការដាក់​ពង្រាយ​ប្រព័ន្ធ​នេះ​នៅ​គ្រប់​សាខា​ទាំងអស់ ដោយសារ​តែ​ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​ភាពទំនើប​ជាមួយ​នឹង​តម្លៃ​សេវា​ទាប​សម្រាប់​អតិថិជន​។

លោក​បន្តថា​៖ «​យើង​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ក្នុងការ​ដាក់ពង្រាយ​ប្រព័ន្ធ​បាគង នៅក្នុង​ប្រព័ន្ធ​ធនាគារ​របស់​យើង​។ វា​ត្រូវបាន​ពន្យារពេល ដោយសារ​តែ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការធ្វើឲ្យ​វា​កាន់​តែ​មាន​ប្រយោជន៍ និង​ងាយ​ស្រួល​សម្រាប់​អ្នកប្រើប្រាស់​។ យើង​នឹង​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ក្លាយជា​សមាជិក មុន​ពេល​ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​»​។

លោក​បាន​ពន្យល់ថា ប្រព័ន្ធ​ទូទាត់​នេះ​ជាទូទៅ​ជា​មូលដ្ឋាន​នៃ​ការទូទាត់​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត និង​សេវា​ផ្ទេរប្រាក់​។ លោក​បន្ថែមថា ប្រសិនបើ​ធៀប​នឹង​សេវា​ទូទាត់​ និង​ផ្ទេរប្រាក់​ធម្មតា​ដែល​បាន​ផ្ដល់​ដោយ​ធនាគារពាណិជ្ជ ដូចជា​កាត​ឥណទាន កាត​ឥណពន្ធ និង​សេវាចល័ត ប្រព័ន្ធ​នេះ​នឹង​ផ្ដល់​ដល់​អ្នកប្រើប្រាស់​ជាមួយ​នឹង​ជម្រើស​មានតម្លៃ​កាន់តែ​ទាប និង​កាន់តែ​ងាយស្រួល​។

លោក​ថ្លែងថា​៖ «​មនុស្ស​មួយចំនួន​បារម្ភ​ថា ធនាគារ​អាច​បាត់បង់​ទីផ្សារ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​នេះ​។ ពិត​ហើយ​មួយ​ផ្នែក​នៅក្នុង​ចក្ខុវិស័យ​រយៈពេល​ខ្លី ប៉ុន្តែ​ចាប់តាំងពី​ឧស្សាហកម្ម​របស់​យើង​មាន​ភាពចាស់ទុំ​ទាក់ទង​នឹង​ប្រជាជន​មាន​គណនី​ធនាគារ ប្រព័ន្ធ​នេះ​នឹង​បង្កើត​អេកូឡូស៊ី​សេវា​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ឧស្សាហកម្ម​នឹង​ទទួលបាន​អត្ថប្រយោជន៍​»​។

លោក​បន្ថែមថា មិន​ដូចជា​រូបិយប័ណ្ណ​ឌីជីថល​សាធារណៈ និង​បើកចំហ ដូចជា Bitcoin ​នោះ​ទេ បាគង​គឺជា​ប្រព័ន្ធ​បិទ និង​បាន​គាំទ្រ​ដោយ NBC ហើយ​គេ​មិនអាច​ឆ្លៀត​កេងចំណេញ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​នេះ​បានទេ​។

លោក Shin Chang Moo ថ្លែងថា​៖ «​ប្រព័ន្ធ​ទូទាត់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​ភ្ជាប់​ជាមួយ​គណនី​ធនាគារ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការផ្លាស់ប្តូរ​ជាមួយ​រូបិយប័ណ្ណ​ក្នុងស្រុក​ក្នុង​អត្រា​ប្ដូរប្រាក់​ស្មើគ្នា​។ ប្រតិបត្តិការ​ទាំងអស់​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​មូលដ្ឋាន​ឈ្មោះ​ពិត​ហើយ​កំណត់ត្រា​របស់ខ្លួន​នឹងត្រូវ​បាន​រក្សា​ជាសម្ងាត់​នៅក្នុង​ប្រព័ន្ធ NBC​។ បន្ថែម​លើ​នេះ​ប្រព័ន្ធ​បាគង​ជា​មធ្យោបាយ​មួយ​ក្នុង​ការកំណត់​ស្ដង់ដា​​ថ្នាក់ជាតិ​នៃ​បាកូដ QR ដែល​នឹង​ត្រូវគោរព​តាម និង​បញ្ចូល​គ្នា​ជាមួយ​សមមូល​អាស៊ាន សម្រាប់​សមត្ថភាព​ក្នុង​ការផ្លាស់ប្តូរ​»​។

លោក​បាន​បន្តថា​៖ «​ខណៈ​ប្រព័ន្ធ​បាគង​ត្រូវ​បាន​ស្គាល់​យ៉ាង​ទូលំទូលាយ និង​យ៉ាង​រហ័ស​ក្នុងសង្គម​ហិរញ្ញវត្ថុ​អន្តរជាតិ​មាន​អ្នក​អនុវត្តតាម​ជាច្រើន​ក្នុង​ចំណោម​ធនាគារកណ្ដាល​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងទៀត ហើយនឹង​មានការ​សិក្សា​កាន់តែច្រើន​បន្ថែម​ទៀត​ករណី​ប្រព័ន្ធ​នេះ​»​។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​ឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​ ៥ ​នៅ​ទីក្រុង ដាវ៉ូស ប្រទេស​ស្វ៊ីស​កាលពី​សប្ដាហ៍​មុន​ថា NBC ស្ថិតក្នុង​ចំណោម​ធនាគារកណ្ដាល​ដំបូង​គេ​ក្នុងការ​សាកល្បង​ទម្រង់​ដូចគ្នានេះ នៃ​ប្រព័ន្ធ​ទូទាត់​ថ្នាក់ជាតិ ដែល​ហៅថា រូបិយប័ណ្ណ​ឌីជីថល​ធនាគារកណ្ដាល (CBDC)​។

ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​ធនាគារពាណិជ្ជ​ប្រហែល​ ៤៣ កំពុង​ប្រតិបត្តិការ ក្នុង​នោះ​ធនាគារ​ក្នុងស្រុក​មាន​ចំនួន​ ១៥ ធនាគារ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មាន​ចំនួន ១៥ និង​សាខា​ធនាគារ​បរទេស​ ១៣ ធនាគារ​ឯកទេស​ ១៤ ដោយ​ ១ ​គ្រប់គ្រង​ដោយ​រដ្ឋ និង​ឯកជន​ ១៣ និង​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ ៧៕LA