
អាជីវកររៀបចំក្រដាសប្រាក់រៀលក្នុងហាងប្តូរប្រាក់មួយ នៅរាជធានីភ្នំពេញ។ ផា លីណា
ភ្នំពេញៈ តំណាងធនាគារជាតិនៃកម្ពុជា (NBC) បានអះអាងកាលពីម្សិលមិញថា ការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចកម្ពុជានឹងមានចំណែកកាន់តែធំនាពេលខាងមុខ ដោយសារតែការយល់ឃើញជាវិជ្ជមានរបស់ពលរដ្ឋចំពោះរូបិយប័ណ្ណជាតិ និងប្រសិទ្ធភាពនៃការដាក់ឲ្យអនុវត្តឧបករណ៍ហិរញ្ញវត្ថុមួយចំនួនពីធនាគារកណ្ដាល។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីម្សិលមិញក្នុងអំឡុងការប្រារព្ធពិធីខួបទី ៣៨ ឆ្នាំនៃការចរាចរប្រាក់រៀលខ្មែរឡើងវិញ ដោយធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិបានថ្លែងថាចំណែកទីផ្សារប្រាក់រៀលនៅតែតូចនៅក្នុងសេដ្ឋកិច្ចដែលពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារ ដែលប្រាក់ដុល្លារអាមេរិកមាន ៨៣ ភាគរយនៃចរាចរណ៍រូបិយប័ណ្ណសរុប ប៉ុន្តែលោកស្រី មានសុទិដ្ឋិនិយមថា និន្នាការនេះនឹងមានភាពល្អប្រសើរដោយសារអ្នកប្រើប្រាស់កាន់តែច្រើនបានផ្លាស់ប្តូរការយល់ដឹងរបស់ពួកគេចំពោះរូបិយប័ណ្ណក្នុងស្រុកដែលពួកគេមានឆន្ទៈក្នុងការប្រើប្រាស់ប្រាក់រៀលខ្លាំងជាងមុន។
លោកស្រីបន្តថា៖ «ខ្ញុំមានជំនឿថា ចរាចរណ៍ប្រាក់រៀលខ្មែរនឹងកាន់តែប្រសើរឡើង [ចំណែកកាន់តែធំ] ដោយសារការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ»។
លោកស្រីបន្ថែមថា៖ «យើងបានអង្កេតឃើញថា ប្រជាជនកម្ពុជាមានឆន្ទៈខ្លាំងជាងមុនចំពោះការប្រើប្រាស់រូបិយប័ណ្ណជាតិ»។
យោងតាមលោកស្រី ជា សិរី ក្រុមការងារ NBC បានធ្វើការសិក្សាផ្ទៃក្នុងមួយកាលពីឆ្នាំ ២០១៤ ដែលសួរប្រជាជនកម្ពុជាវ័យក្មេងពីការយល់ឃើញរបស់ពួកគេចំពោះការប្រើប្រាស់ប្រាក់រៀល ហើយលទ្ធផលនាពេលនោះពួកគេភាគច្រើនឆ្លើយតបថាពួកគេចង់ប្រើប្រាស់ប្រាក់ដុល្លារជាងប្រាក់រៀល ខណៈការសិក្សាដូចគ្នានេះត្រូវបានធ្វើឡើងនាពេលថ្មីៗនេះបង្ហាញថាពួកគេស្រឡាញ់ប្រាក់រៀលសម្រាប់មោទនភាពជាតិ។
លោកស្រី បន្តថាធនាគារជាតិបានដាក់ឲ្យប្រើប្រាស់បទប្បញ្ញត្តិមួយចំនួន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលដែលតម្រូវឲ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវមានទំហំកម្ចីយ៉ាងហោចណាស់ ១០ ភាគរយជាប្រាក់រៀលលោក គា បុរាណ នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK លើកឡើងស្រដៀងគ្នាដែរ។ លោកបន្តថា ក្នុងចំណោមរូបិយប័ណ្ណសរុបនៅ AMK បានផ្តល់កម្ចីជាប្រាក់រៀលមានរហូតដល់ទៅ ៧៥ ភាគរយ។
លោក Daiju Aiba អ្នកស្រាវជ្រាវប្រចាំនៅទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន JICA ប្រចាំកម្ពុជាដែលបានធ្វើការសិក្សាពីការប្រើប្រាស់ប្រាក់រៀលនៅប្រទេសកម្ពុជាបានបញ្ជាក់ថា បទប្បញ្ញត្តិរបស់ NBC នឹងមានឥទ្ធិពលវិជ្ជមានដល់កំណើនការប្រើប្រាស់ប្រាក់រៀល៕ LA