ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានស្នើដល់គ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវផ្ដល់ការអនុគ្រោះបន្ធូរបន្ថយយកកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និងលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជនចាប់ពីពេលនេះរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០ ខណៈការរីករាលដាលកូវីដ ១៩ កំពុងប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជន។
យោងតាមសេចក្ដីប្រកាសរបស់ NBC កាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា ក្នុងស្ថានភាពដែលប្រទេស កម្ពុជា កំពុងប្រឈមនឹងការរីករាលដាលកូវីដ ១៩ NBC ស្នើសុំការយោគយល់ពីគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុករបស់ពួកគេមួយកម្រិតទៀតក្នុងគ្រាលំបាកនេះ ដូចជាការបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួនចាប់ពីកាលបរិច្ឆេទនៃលិខិតនេះរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២០។
លោក សាយ សូនី នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃអាទិត្យថា គ្រឹះស្ថានរបស់លោកកំពុងជួយសម្រួលដល់អ្នកខ្ចីប្រាក់ ចាប់តាំងពីការរីករាលដាលបានកើតឡើង។ ជាមួយគ្នានេះដែរ ប្រាសាក់ ក៏ស្នើសុំការបន្ទាបកម្រៃសេវាក្នុងអំឡុងពេលនេះផងដែរ។ លោកថ្លែងថា៖ «ខ្ញុំគិតថា វាជាការធ្វើអន្តរាគមន៍ដ៏ល្អរបស់និយតករក្នុងការបន្តការរីកចម្រើនជាមួយគ្នា មិនគ្រាន់តែក្ដីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមាននិរន្តរភាពគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។ យើងគាំទ្រយ៉ាងខ្លាំងដល់ការអំពាវនាវនេះ»។
លោកបានបន្តថា៖ «កម្រៃដែលមានស្រាប់របស់យើង គឺទាប ទោះយ៉ាងណាយើងកំពុងចាត់វិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យរចនាសម្ព័ន្ធកម្រៃសេវារបស់យើង ហើយយើងពិចារណាការបន្ធូរបន្ថយជាច្រើនតាមដែលយើងអាចធ្វើបាន ដើម្បីឆ្លើយតបនឹងការស្នើសុំរបស់ NBC ព្រមទាំងបន្តការរីកចម្រើនជាមួយគ្នា ជាមួយនឹងអតិថិជនរបស់យើង។ យើងមិនមានការផាកពិន័យចំពោះភាពយឺតយ៉ាវរបស់អតិថិជន ដែលសងប្រាក់យឺតទេ»។
កាលពីថ្ងៃទី ២៧ ខែមីនា NBC ក៏បានចេញសារាចរណែនាំមួយដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវរៀបចំឥណទានឡើងវិញសម្រាប់វិស័យអាទិភាពទាំង ៤ ដែលបានលើកឡើងដោយ NBC គឺទេសចរណ៍ កាត់ដេរ សំណង់ ដឹកជញ្ជូន និងឡូជីស្ទិក។
Maybank ជាធនាគារគ្រប់គ្រងដោយវិនិយោគិនម៉ាឡេស៊ីកាលពីថ្ងៃទី ២៣ ខែមេសា បានប្រកាសជាសាធារណៈសម្រាប់ការបន្ធូរបន្ថយឥណទានសម្រាប់អតិថិជន ដែលទទួលរងផលប៉ះពាល់ដោយការរីករាលដាលកូវីដ ១៩ ពេលបច្ចុប្បន្ន។
ធនាគារ Maybank បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាលកូវីដ ១៩ ធនាគារ Maybank បានចាប់ផ្ដើមផ្ដល់សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ដោយការរីករាលដាលនេះ បន្ថែមលើផែនការបន្ធូរបន្ថយហិរញ្ញវត្ថុរបស់ខ្លួននៅក្នុងទម្រង់នៃការរៀបចំឥណទានឡើងវិញ និងការកំណត់ពេលវេលាឡើងវិញ (R&R) របស់គ្រឹះស្ថានហិរញ្ញវត្ថុ ព្រមទាំងការផ្អាកលើការសងប្រាក់កម្ចីផងដែរ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីថ្ងៃទី ១៧ ខែមេសា បានឲ្យដឹងថា សមាជិកទាំងអស់នឹងខិតខំឲ្យអស់ពីសមត្ថភាពរបស់ពួកគេ ក្នុងការឆ្លើយតប និងគាំទ្រអតិថិជនដែលកំពុងប្រឈមនឹងការលំបាក ក្នុងអំឡុងពេលវេលាដ៏ពិបាកនេះ ដើម្បីធានានិរន្តរភាពរបស់វិស័យនេះ។ សមាជិកទាំងអស់ កំពុងអនុវត្ត និងដោះស្រាយបញ្ហា ដោយពឹងផ្អែកលើគោលការណ៍ផ្ទៃក្នុងរបស់ពួកគេ ប្រភេទអតិថិជន ផលប៉ះពាល់ និងស្ថានការណ៍ជាក់ស្ដែង សម្រាប់អតិថិជននីមួយៗ ស្របជាមួយនឹង NBC។
គិតត្រឹមចុងឆ្នាំ ២០១៩ ប្រទេស កម្ពុជា មានធនាគារពាណិជ្ជ ៤៦ ធនាគារឯកទេស ១៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៨២ ប្រតិបត្តិករឥណទានជនបទ ២៤៨ ក្រុមហ៊ុនភតិសន្យា ១៥ និងក្រុមហ៊ុនផ្ដល់សេវាទូទាត់ ២០។ កម្ចីនៅធនាគារបានកើនឡើងដល់ ២៤,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈប្រាក់បញ្ញើមានប្រហែល ២៥,៥ ពាន់លានដុល្លារ ខណៈប្រាក់កម្ចីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៧,២ ពាន់លានដុល្លារ និងប្រាក់បញ្ញើមាន ៣,៩ ពាន់លានដុល្លារ។ នេះបើតាម NBC៕ LA
វីដេអូ៖